ភ្នំពេញ៖
របបប្រជាធិបតេយ្យសេរី-ពហុបក្សមាននៅកម្ពុជា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។
គ្រប់និន្នាការនយោបាយ ការឃោសនានា គណបក្សទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ទទួលបាននូវសិទ្ធិស្មើៗគ្នា តាមគ្រប់វិធី«សុច្ចរិត» ជាពិសេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ ដែលបានរៀបចំដោយ គ.ជ.ប
ក្នុងការទាញប្រជាប្រិយភាព ការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ប្រជាពលរដ្ឋកម្ពុជា
តែងតែទន្ទឹងរង់ចាំនូវកាលកំណត់នៃការជ្រើសរើសនូវតំណាងជាថ្មីក្នុងរយៈប្រាំឆ្នាំម្តង
ដែលជាវេលាមួយពលរដ្ឋខ្លះគិតថា«យូរ» និងពលរដ្ឋមួយចំនួនទៀតគិតថា«ឆាប់»។
ពលរដ្ឋភាគច្រើនតែងតែចង់បាននូវការសន្យាមួយ ដែលមានការធានាច្បាស់លាស់ ពីគណបក្សនយោបាយទាំងនោះ
និងការគោរពប្រតិបត្តិតាមគោលនយោបាយរបស់ខ្លួនដែលបានកំណត់។
ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការទទួលបាននូវព័ត៌មាន
គ្រប់យ៉ាងពីការធ្វើនយោបាយរបស់គណបក្សនីមួយៗ។
មនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ខឹម វាសនា
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នូវគោលនយោបាយសំខាន់ៗ របស់គណបក្ស
ដើម្បីចូលរួមប្រកួតតាមរយៈការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា
ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖
មនោរម្យព័ងអាំងហ្វូ ៖ ដើម្បីចូលរូមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ
តើគណបក្សលោក មានគោលនយោបាយសំខាន់ៗអ្វីខ្លះ?
ខឹម
វាសនា ៖ គោលនយោបាយរបស់យើង
បើសរុបជារួមមកសំដៅតែមួយគត់ ទៅរកការកាត់បន្ថយ«អំណាច»នាយករដដ្ឋមន្ត្រី
ដើម្បីឲ្យមានតុល្យភាពរវាងអ្នកកាន់អំណាច ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់អំណាច។
ចំពោះគោលនយោបាយនៃការការកាត់បន្ថយអំណាចនាយករដដ្ឋមន្ត្រីនេះមានប្រាំបីចំណុចដូចជា៖
ទីមួយកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ, ទីពីរមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី បង្កើតក្រុមអង្គរក្សដោយខ្លួនឯង, ទីបីតម្រូវឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសនដ្ឋានរដ្ឋ
(ផ្ទះដែលរដ្ឋធ្វើសម្រាប់នាយករដ្ឋមន្រ្តី), ទីបួនបង្កើតតុលាការរដ្ឋបាល, ទីប្រាំឋានន្តរសក្តិចាប់ពីឧត្តមសេនីយ៍យោធា
និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា, ទីប្រាំមួយអព្យាក្រិតមន្ត្រីរាជការ, ទីប្រាំពីរបោះឆ្នោតជ្រើសរើស
និងបោះឆ្នោតដកតំណាងគ្រប់លំដាប់ឃុំ/សង្កាត់/ក្រុង/ស្រុក/ខណ្ឌ/ខេត្ត/រាជធានី
ដោយប្រជាពលរដ្ឋផ្ទាល់ និងទីប្រាំបីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រតាម«ប្រព័ន្ធចម្រុះ» មិនមែនតាមប្រព័ន្ធសមមាត្រទេ។
មនោរម្យព័ងអាំងហ្វូ ៖
មូលហេតុអ្វីបានលោកចង់ធ្វើការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត ពីសមាមាត្រ
មកជាប្រពន័្ធចម្រុះវិញ?
ខឹម
វាសនា ៖ យើងឃើញសព្វថ្ងៃស្ថាប័នរដ្ឋសភា
មិនមែនជាស្ថាប័នតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ។ តាមរយៈនៃប្រពន័្ធបោះឆ្នោតសមាមាត្រ
ស្ថាប័ន«រដ្ឋាភិបាល»អាចមានអំណាចលប់ទៅលើស្ថាប័ន«រដ្ឋសភា» ដូច្នេះស្ថាប័នរដ្ឋសភាមិនឯករាជ្យទេ
ដែលមិនអាចធ្វើមានច្បាប់ល្អសម្រាប់បំរើឆន្ទៈប្រជាពលរដ្ឋនោះ។ ដើម្បីរំដោះអ្នកតំណាងរាស្រ្តចេញពី«ក្រញាំបក្ស» មិនពឹងផ្អែកលើឆន្ទៈរបស់អ្នកតំណាងរាស្រ្តទេ
ពឹងផ្អែកទៅលើការផ្លាស់ប្តូរពី«ប្រពន្ធ័សមាមាត្រ» ទៅជា«ប្រពន័្ធចម្រុះ»វិញ
ដោយធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ក្រោយពេលដែលគណបក្សយើងទទួលសម្លេងក្នុងការដឹកនាំប្រទេស។
មនោរម្យព័ងអាំងហ្វូ ៖
ភាពចម្រូងចម្រាសដែលកើតមានបច្ចុប្បន្នទាក់ទងទៅនឹងសិទ្ធិរស់នៅ និងសិទ្ធិលំនៅដ្ឋាន
ក្រោមកិច្ចអភិវឌ្ឍន៍ ដូចជាតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាដើម។
បើគណបក្សលោកឈ្នះឆ្នោត តើលោកនឹងដោះស្រាយបញ្ហានេះយ៉ាងដូចម្តេច?
ខឹម
វាសនា ៖ ក្នុងនាមជាអ្នកនយោបាយ ត្រូវស្វែងរក«ប្រភព»នៃបញ្ហា
និងធ្វើការស្រាវជ្រាវរកឬសគល់នៃប្រភពនោះ។ ដោយសារ«ប្រពន្ធ័រដ្ឋបាល»មួយដែលឥតប្រសិទ្ធិភាព ក៏ព្រោះតែ«អំណាចប្រមូលផ្តុំ» បានធ្វើឲ្យការអនុវត្តច្បាប់ផ្សេងៗទៅលើវិសយ័ទាំងនោះគ្មានប្រសិទ្ធិភាព។
ការដោះស្រាយនូវបញ្ហាទំាំងនេះ ក៏ដូចជាទៅលើវិស័យដ៏ទៃ ត្រូវមានការរៀបចំ«ប្រពន័្ធរដ្ឋបាលសាធារណៈ»មួយ ឲ្យមានប្រសិទ្ធិភាពជាមុនសិន។ «នេះជាទស្សនៈវិស័យគន្លឹះនៃ “បញ្ហា” ដែលគណបក្សយើងមើលឃើញ»។
មនោរម្យព័ងអាំងហ្វូ ៖ លោកបានលើកឡើងថា នឹងបង្កើតឲ្យមានតុលាការរដ្ឋបាល។
ប៉ុន្តែយើងសង្កេតឃើញថា តុលាការបច្ចុប្បន្នហាក់បីដូចជាមិនទាន់មានឯករាជ្យនៅឡើយ
ចំពោះបញ្ហានេះគណបក្សលោកនឹងមានដំពោះស្រាយយ៉ាងណា?
ខឹម
វាសនា ៖ ដើម្បីចង់បានបស្ថាប័នណាមួយឯករាជ្យ
យើងត្រូវស្គាល់ពាក្យថា «ឯករាជ្យ»ជាមុនសិន។
ឯករាជ្យ មានន័យថារួចផុតសម្ពាធពីខាងក្រៅ ដូច្នេះត្រូវមានប្រពន័្ធរដ្ឋបាលសាធារណៈមួយ
ដែលជាវិធានការនៃការកាត់បន្ថយអំណាចរបស់រដ្ឋាភិបាល និងក៏ជាវិធានការទីមួយ
ដែលធ្វើឲ្យមាន«តុល្យភាពអំណាច» រវាងស្ថាប័នរដ្ឋសភា
ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នតុលាការ នោះដែរ។ បើកាលណារដ្ឋាភិបាលនៅមានអំណាច«ពោពាស» មិនអាចធ្វើឲ្យស្ថាបន័ណាមួយមានឯករាជ្យនោះទេ
រួមទាំងតុលាការផងដែរ។
មនោរម្យព័ងអាំងហ្វូ ៖ លោកក៏មានគម្រោងផងដែរក្នុងការបង្កើតឲ្យមានស្ថាប័ន«តុលាការរដ្ឋបាល» តើលោកអាចបញ្ជាក់បានទេថា
តុលាការរដ្ឋបាលដែលនឹងបង្កើតនេះមានឥទ្ធិពលលើអ្វីខ្លះ? ហើយមានដែនគ្រប់គ្រងត្រឹមណា?
ខឹម
វាសនា ៖
បញ្ហាស្ថិតនៅលើការរំលោភអំណាចរបស់ស្ថាប័ននីមួយៗ។ ដើម្បីឲ្យស្ថាប័នទាំងនោះ
មានដំណើរការល្អ ត្រូវតែមានច្បាប់គ្រប់គ្រង។
ច្បាប់នេះហើយដែលកំណត់នូវព្រំដែននៃអំណាច ប៉ុន្តែជួនកាលគេប្រើអំណាច
ហួសព្រំដែនកំណត់ដោយច្បាប់ទៅទៀត។ ឧទាហរណ៍៖ ស្ថាប័នតុលាការមានបីថ្នាក់ ហើយនាយករដ្ឋមន្ត្រីបានប្រើស.ជ.ណ
ទៅសើររើសាលដីកាស្ថាពររបស់តុលាការកំពូល ដែលមិនអាចធ្វើឲ្យគេអនុវត្តបាន។ ស.ជ.ណ
ជាលិខិតស្នាម ជាលិខិតរដ្ឋបាលមួយ នេះជាការលូកដៃចូលដល់ប្រពន័្ធតុលាការ
នេះជាបញ្ហាមួយនៃការរំលោភអំណាច។ ដូច្នេះចាំបាច់ត្រូវមានស្ថាប័នតុលាការរដ្ឋបាល
និងមិនឲ្យមានការផ្តុំអំណាចលើនាយករដ្ឋមន្រ្តីតែម្នាក់
ដោយដកសិទ្ធិមិនឲ្យនាយករដ្ឋមន្ត្រីនោះអាចធ្វើការជ្រើសរើសកម្លាំងប៉ូលីស
ឬទាហានដោយខ្លួនឯងឡើយ។
មនោរម្យព័ងអាំងហ្វូ ៖ ក្នុងចំណុចទីបីនៃគោលនយោបាយ
ដែលតម្រូវឲ្យនាយករដ្ឋមន្ត្រីត្រូវរស់នៅក្នុងនិវេសនដ្ឋានរដ្ឋ។
តើចំណុចនេះមានសារៈសំខាន់អ្វីដែរ?
ខឹម
វាសនា ៖ បើពិនិត្យតាមស្ថានភាពជាក់ស្តែង
ផ្ទះនាយករដ្ឋមន្ត្រីមាន«អាថ៌កំបាំង»ច្រើន ហាក់បីដូចជា«បន្ទាយទាហាន»មួយ នេះជាការរស់នៅគ្មានតម្លាភាព។
ដើម្បីផ្លាស់ប្តូរស្ថានភាពអាក្រក់នេះ យើងចង់ធ្វើផ្ទះឲ្យនាយករដ្ឋមន្ត្រីមួយ។
អ្នកណាក៏ដោយ ឲ្យតែមកកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវមករស់នៅក្នុងផ្ទះនេះ
ដែលជាតំណាងឲ្យឆន្ទះប្រជាពលរដ្ឋ ហើយពលរដ្ឋអាចធ្វើការតាមដានបាន
និងក៏ជាការផ្តល់កិត្តិយសដល់នាយករដ្ឋមន្ត្រីផងដែរ។
មនោរម្យព័ងអាំងហ្វូ ៖ ដូចតាមការបញ្ជាក់របស់លោកក្នុងចំណុចទីមួយបានលើកឡើងថា
នាយករដ្ឋមន្រ្តីត្រូវបានកំណត់អាណត្តិត្រឹមតែពីរអាណត្តិ
តើមានមូលហេតុអ្វីដែលចាំបាច់ត្រូវកំណត់នូវអាណត្តិនេះ?
ខឹម
វាសនា ៖
ដោយពិនិត្យឃើញប្រទេសខ្មែរស្ថិតក្នុងភាពគ្រោះថ្នាក់
ដែលតាមទម្លាប់អ្នកដឹកនាំតែងតែគិតថា មួយប្រទេសនេះគ្មានអ្នកណាល្អជាងខ្លួនទេ
ហើយធ្វើការកាន់អំណាច រហូតដល់ស្លាប់តែម្តង។ ដូច្នេះហើយទើបយើងធ្វើការកំណត់នូវអាណត្តិនេះ
ដើម្បីកុំឲ្យពួកគាត់យល់ថា«ឋានៈតួនាទីនេះជារបស់ខ្លួនផ្តាច់មុខ»។
មនោរម្យព័ងអាំងហ្វូ ៖ «គណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យ» តើលោកអាចបញ្ជាក់បានទេ
ហេតុអ្វីបានជាកំណត់យកឈ្មោះនេះ?
ខឹម
វាសនា ៖ ប្រទេសយើងលិទ្ធិប្រជាធិបតេយ្យមានតែលើក្រដាស
ដូច្នេះទើបយើងប្រើពាក្យថា«សម្ពន័្ធ» ក្នុងការចងបាច់គ្នា
និងពាក្យថា«ដើម្បី» មានន័យថាធ្វើឲ្យប្រាកដប្រជានូវ«លិទ្ធិប្រជាធិបតេយ្យ» ដែលមានពាក្យស្លោកមួយថា«មាតុភូមិមួយ
ដែលពួកយើងរស់ដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់» គឺជាគោលដៅមួយធ្វើឲ្យបានសម្រេចនូវយន្តការប្រាំបីចំណុចខាងលើ។
មនោរម្យព័ងអាំងហ្វូ ៖ ជាចុងក្រោយ
តើលោកមានសារអ្វីខ្លះសម្រាប់ផ្ញើរជូនប្រជាពលរដ្ឋ?
ខឹម
វាសនា ៖ ក្នុងនាមពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរ
មានការទទួលខុសត្រូវ មុននឹងធ្វើការបោះឆ្នោតជូនបក្សណាមួយ បងប្អូនត្រូវគិតឲ្យបានច្បាស់លាស់ក្នុងចិត្តថា
បងប្អូនបានទទួលព័ត៌មានល្អិតល្អន់ បានតាមដាននូវគោលនយោបាយនៃបក្សនោះ
មុននឹងធ្វើការទម្លាក់សន្លឹកឆ្នោតទៅក្នុងហឹបឆ្នោតដើម្បីគាំទ្រគណបក្សនោះ។
---------------------------------------------------------
ប្រភពចេញពី
៖ មនោរម្យព័ងអាំងហ្វូ