វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

9/26/13

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិនស្វែងរកសន្លឹកឆ្នោត ប៉ុន្តែស្វែងរកការគាំទ្រគំនិត

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  9/26/2013 05:15:00 PM








គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យតែងប្រកាសថា ការចេញទៅឃោសនានយោបាយ មិនមែនដើម្បីស្វែងរក សន្លឹកឆ្នោតទេ ប៉ុន្តែជាការស្វែងរកការគាំទ្រគំនិត។ ចុះចាំបាច់បង្កើតគណបក្សនិងឈរឈ្មោះបោះឆ្នោត ធ្វើអ្វី បើមិនចង់បានសន្លឹកឆ្នោត?  ហើយហេតុអ្វីបានជាមានអ្នកបោះឆ្នោតឲ្យកាលពីឆ្នាំ២០០៨ និង ២០១២បើចង់ដឹងច្បាស់សូមបន្តការអានដូចតទៅ៖
ការស្វែងរកសន្លឹកឆ្នោត
អ្វីដែលអ្នកនយោបាយមុនធ្វើគឺធ្វើយ៉ាងណាឲ្យតែបានសន្លឹកឆ្នោតដូចជា ទិញសន្លឹកឆ្នោតក្រោមរូបភាពជា អំណោយ បំភាន់ បំភ័យ លាបពណ៍ អុជអាល ញុះញង់ កុហកបោកប្រាស់គ្រប់មធ្យោបាយតាមតែ អាចធ្វើបានទោះបីជាសកម្មភាពទាំងនោះទុច្ចរិតក៍គេនៅតែធ្វើដើម្បីសន្លឹកឆ្នោត។ គណបក្សមួយចំនួន បានបង្ខំឲ្យសមាជិក ឬ អ្នកស៊ីនុយពីបក្សរបស់គេស្បថថានឹងបោះឆ្នោតឲ្យបក្សរបស់គេ។
 ជាក់ស្តែង កាលពីមុនពេលបោះឆ្នោតឆ្នាំ២០១២ គណបក្សសម រង្ស៊ីបានលាបពណ៍គណបក្សសិទ្ធិមនុស្ស ថាជាអាយ៉ងរបស់គណបក្សប្រជាជនដើម្បីកុំឲ្យប្រជាជនបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សហើយបោះឆ្នោតឲ្យ បក្សសមរង្ស៊ីវិញ។  នៅឆ្នាំ២០០៨ កម្មវិធីរាជានិយមដែលជាកម្មវិធីរបស់គណបក្សនរោត្តម រណឬទ្ធិ ក៍បានចោទប្រកាន់លោក កឹម សុខា ប្រធានបក្សសិទ្ធិមនុស្សជាអាយ៉ងបក្សប្រជាជន។ នេះជាការ លាបពណ៍បក្សដទៃដើម្បីបានសន្លឹកឆ្នោត។ នៅខែកញ្ញា ឆ្នាំ ២០១១ អជ្ញាធរបានរុះរ៉ើផ្ទះសម្បែង អ្នកបឹងកក់ នៅពេលនោះលោក សួង សុភ័ណដែលជាប្រធានយុវជនគណបក្សសម រង្ស៊ីបានឆ្លៀតឱកាស ចូលរួមញុះញង់ឲ្យយុវជនក្មេងៗនៅបឹងកក់គប់ដុំថ្មលើគ្រឿងចក្ររុះរ៉ើ និង ប៉ូលីស ហើយត្រូវបានប៉ូលីស វាយបែកក្បាលហូរឈាម( បើចង់ដឹងច្បាស់សូមមើលវិដេអូដែលថតនិងផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបង្ហាញសកម្មភាពលោក សួង សុភ័ណ ឆ្កាដៃឆ្កាជើងស្រែកឲ្យក្មេងៗធ្វើសកម្មភាពប្រឆាំងប៉ូលីស)។ នេះជាការញុះញង់ដើម្បីធ្វើឲ្យប្រជាជនស្អប់រដ្ឋាភិបាលនិងបោះឆ្នោតឲ្យបក្សប្រឆាំងវិញ។
ចំណែកបក្សកាន់អំណាចប្រើប្រាស់វិធីសាស្រ្តអុជអាលបំបែកបំបាក់បក្សប្រឆាំងទាំងពីរតាមរយៈការ បញ្ចេញសារសំឡេងនៃការសន្ទនារវាងលោកនាយករដ្ឋមន្រ្តីនិងលោក កឹម សុខា។ បក្សកាន់អំនាច ចែកនុយក្រោមរូបភាពជាអំណោយដូចជា សារ៉ុង ក្រម៉ា ប៊ីចេង និង លុយជាដើមដើម្បីបានសន្លឹកឆ្នោត។ កំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៣នេះ ក្រុមការងារគណបក្សប្រជាជនបានស្វែងរកសន្លឹកឆ្នោត តាមរយៈការធ្វើពិធីងូតទឹកឲ្យចាស់ៗ ព្រោះចាស់ៗមួយចំនួនបានងាករេទៅគាំទ្របក្សប្រឆាំងដែលសន្យា ផ្តល់ប្រាក់ឧបត្ថម្ភដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ៤ម៉ឺនរៀលក្នុងមួយខែ។ម៉្យាងវិញទៀតគេបំភាន់ ប្រជាជនដោយប្រៀបធៀបតួនាទីក្នុងការកសាង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រឡាយទឹកជាដើមរបស់រដ្ឋាភិបាល ជាមួយគណបក្សប្រឆាំងដែលមានតែតួនាទីឃ្លាំមើលការ អនុវត្តរបស់រដ្ឋាភិបាល។មិនត្រឹមតែប៉ុណ្ណោះ អនុប្រធានគណបក្សកាន់អំណាចថែមទាំងគំរាម ដកហូត យកមាស៊ីនបូមទឹកវិញ និងឈប់ធ្វើបុណ្យប្រសិនគណបក្សរបស់គាត់ចាញ់ឆ្នោត។ បក្សកាន់អំនាច តែងរំលឹកថ្ងៃ៧មករាដើម្បីឲ្យប្រជាជនសងគុណតាមរយៈសន្លឹកឆ្នោត។ ទស្សនៈវិទូចិន ខុង ជឺ បានលើកឡើងថា គុណដែលយើងធ្វើចំពោះអ្នកដទៃនឹងរលាយសាបសូន្យនៅពេលយើង ទាមទារឲ្យគេ សងគុណយើងវិញ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអ្នកនយោបាយមួយចំនួនខិតខំធ្វើអ្វីគ្រប់យ៉ាងប៉ុន្តែក្នុង គោលបំណងឲ្យប្រជាជនស្រឡាញ់ដើម្បីបានសន្លឹកឆ្នោតតែប៉ុណ្ណោះមិនមែនកើតឡើងដោយសារកាតព្វ កិច្ចឬ ក្តីអាណិតស្រឡាញ់ពិតប្រាកដចំពោះជនរួមជាតិឡើយ។នេះមានន័យថាអ្វីដែលគេធ្វើគឺដើម្បីប្តូរ យកសន្លឹកឆ្នោតដែលជាប្រយោជន៍អំណាចផ្ទាល់ខ្លួន។
ការស្វែងរកការគាំទ្រគំនិត
គណបក្សនយោបាយគឺជាមនុស្សមួយក្រុមដែលមានគំនិតទស្សនៈដូចគ្នា ឬ ស្រដៀងចំពោះអ្វីដែល រដ្ឋាភិបាលគួរធ្វើហើយរួមគ្នាបង្កើតជារចនាសម្ព័ន្ធដឹកនាំនិងធ្វើសកម្មភាពស្វែងរកការគាំទ្រគំនិតនោះពី មហាជនបន្ថែមទៀតដើម្បីឲ្យប្រជាជនចូលរូមនិងឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលអាចអនុវត្តនូវគំនិតទាំងនោះ បាន។មនុស្សមួយក្រុមតូចមិនអាចឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលបានឡើយ ទាល់តែស្វែងរកការគាំទ្រគំនិត ឲ្យបានចាប់ពី៥០%+១ឡើងទៅ។ ក្នុងប្រទេសប្រជាធិបតេយ្យពិតប្រាកដ ការស្វែងរកការគាំទ្រគំនិត ត្រង់នេះសំដៅទៅលើការស្វែងរកការគាំទ្រគោលនយោបាយ ឬ យន្តការរបស់គណបក្សសម្រាប់យកទៅ អនុវត្តនៅពេលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ដើម្បីទទួលបានការគាំទ្រលុះត្រាតែពន្យល់ពីអត្ថប្រយោជន៍ នៃគំនិតនោះពេលត្រូវបានអនុវត្ត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ឃើញថាប្រភពនៃបញ្ហាទាំងឡាយគឺបណ្តាលមកពីអំណាច ប្រមូលផ្តុំលើមនុស្សម្នាក់ ហើយទស្សនៈដើម្បីដោះស្រាយបញ្ហាគឺ ត្រូវបំបែកអំណាចអ្នកដឹកនាំឬ បន្ថយអំណាច អ្នកដឹកនាំ តាមរយៈយន្តការ៨ចំណុច។
លក្ខណៈគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលដៅ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយធ្វើឲ្យសម្រេចបានតាមរយៈការអនុវត្តយន្តការ៨ចំណុច។
ចំណុចចាប់ផ្តើម  ពន្យល់ពីប្រជាធិបតេយ្យ សីលធម៍សង្គម កិច្ចប្រតិបត្តិព្រះធម៍ ដើម្បីឲ្យប្រជាជនយល់ដឹងពីប្រជាធិបតេយ្យនិងចូលរួមប្រកបដោយសីលធម៍។
ធនធានមនុស្ស  បេះដូងស្រឡាញ់ជាតិ​និងមានចំណេះដឹង
ឥរិយាបទនយោបាយ សុចរិតជាបាតគ្រឹះនៃគ្រប់ឥរិយាបទនយោបាយ។ មិនបំផ្លើសបំផ្លោង មិនញុះញុងអុចអាល មិនកុហកបោកប្រាស់ មិនលាបពណ៍អ្នកដទៃ គឺធ្វើតែសកម្មភាពដែលយល់ថា ត្រឹមត្រូវស្របតាមឧត្តមគតិក្នុងការជួយអ្នកដទៃ។
យើងបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ មានន័យថាយើងគាំទ្រគំនិតរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យនិងលក្ខណៈទាំង៤ខាងលើរួមមាន គោលដៅ ចំណុចចាប់ផ្តើម ធនធានមនុស្ស និង ឥរិយាបទនយោបាយ។
អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនដែល ប្រាប់ ឬ ណែនាំឲ្យក្រុមគ្រួសារ មិត្តភក្រ័្ក បោះឆ្នោត ឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយគ្មានយល់អ្វីសោះឡើយ ប៉ុន្តែពួកគេប្រាប់ឲ្យក្រុមគ្រួសារ មិត្តភក្រ័្កស្តាប់ការពន្យល់អំពីគំនិតឬ ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីយល់រួច គាំទ្រគំនិតនោះ។
ទាល់តែយល់សិនចាំបោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យស្វែងរកការគាំទ្រគំនិត។ កាលណាយើងគាំទ្រគំនិតរបស់គណបក្សប្រជាធិបតេយ្យ នោះយើងនឹងទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សន្លឹកឆ្នោតដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាធិបតេយ្យបង្ហាញថាអ្នកបោះឆ្នោតយល់ស្របនិងគាំទ្រគំនិត ទស្សនៈរបស់គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ។ យើងធ្វើនយោបាយដោយចំណុចចាប់ផ្តើមគឺពន្យល់ដើម្បីស្វែងរកការគាំទ្រគំនិតឲ្យបាន ចាប់ពី៥០%+១ឡើងទៅដើម្បីឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ប្រជាជនដែលយល់និងគាំទ្រគំនិត គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមជាកម្លាំងកាយ កម្លាំងប្រាជ្ញា និង កម្លាំងថវិកា ហើយ បោះឆ្នោតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
មកដល់ត្រង់ចំណុចនេះអ្នកប្រាកដជាយល់ពីអត្ថន័យនៃ ការស្វែងរកសន្លឹកឆ្នោត និងការស្វែងរកការគាំ ទ្រគំនិត។ មនុស្សមួយចំនួនយល់ពីអត្ថន័យនៃការស្វែងរកសន្លឹកឆ្នោត និង ការស្វែងរកការគាំទ្រគំនិត បាននិយាយថានឹងមិនទៅបោះឆ្នោតទេ ប្រសិនបើគ្មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top