វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

4/28/14

ភាពអសកម្មទាំងបួនចំណុចរបស់ប្រជាពលរដ្ឋខ្មែរ

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  4/28/2014 11:11:00 PM

វាជាការពិតមួយដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ ដែលថានៅក្នុងសង្គម រឺប្រទេសមួយវាតែងតែ​មាន​ប្រជាពលរដ្ឋដែលចេះគិតគូរអំពីបញ្ហាប្រទេសជាតិ ចូលរួមអភិវឌ្ឍស្រុកទេស និងក្រុមពលរដ្ឋមួយចំនួន ដែល​​រស់ចាំតែដេកស៊ីទទួលផលស្រាប់ៗ រស់នៅជាទម្ងន់ដល់សង្គម រស់នៅជាមេរោគ ជាកាកសំណល់បំផ្លាញសង្គម មនុស្សក្រៅសង្គម ឬ ពពួកឈ្លើងជញ្ជក់ឈាមសង្គម  គ្មានខ្វាយខ្វល់អំពីរឿងជាតិមាតុភូមិ​អ្វីបន្តិចសោះ។ គ្មានអ្វីចំឡែកនោះទេដែលមានកូនគ្មានបានការ និយាយពិបាកស្តាប់គ្នា កើតមកមិនបានជាប្រយោជន៍ ចំរុងចម្រើនដល់ក្រុមគ្រួសារនោះ តែអ្វីដែលសំខាន់គឺថា តើគេអាចអប់រំកែប្រែកូនប្រភេទនេះបានដែរ រឺទេ? រឺបណ្តុះបណ្តាលបានដល់កម្រិតណា? ត្រង់ចំណុចនេះ បើមានជនជាតិសាសន៍នៃប្រទេសណាមួយ ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន មិនសូវចូលចិត្តចូលរួមគិតគូរនិងធ្វើអំពើល្អ ហើយគិតតែពីជឿ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម ភាពអាត្មានិយម ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន វាគឺជាជោគជ័យដ៏មហាសាលរបស់មនុស្សអាក្រក់ និងជាឪកាសដ៏គគ្រឹគគ្រេល្អមួយនៃការឈ្លានពានរបស់បរទេសជិតខាង។
សង្គមខ្មែរ គឺជាសង្គមមួយ ដែលត្រូវបានគេមើលឃើញថា មានប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គមនេះ ជាប្រភេទមនុស្សដែលរស់នៅហៃអើទៅនឹងបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គម​របស់ខ្លួន។ មិនត្រូវការនិយាយលើកសរសើរពីអ្នកស្នេហាជាតិពិតប្រាកដ អ្នកចេះឈឺឆ្អាលនឹងកិច្ចការប្រទេស រឺវីរជនរបស់ជាតិសាសន៍មួយនេះ នៅត្រង់នេះទេ។  តែផ្ទុយទៅវិញ សូមលើកប្រាប់ពីចំណុចទន់ខ្សោយ រឺចំណុចអាក្រក់ របស់ពួកមនុស្សដែលរស់នៅជាបន្ទុក ជាបន្លា និងជាដំបៅដល់សង្គមដ៏សែនស្មុគស្មាញមួយនេះ។ ពួកទី១ គឺពួកដែលចាំតែដើរបំផ្លាញ រឺហៅម្យ៉ាងទៀតដើម្បីឲ្យស្រួលស្តាប់គឺ ពួកមាយាទថោក ។ ពួកនេះតែងមានទម្លាប់មួយ គឺដើរនិយាយស៊កសៀតដៀមដាម មួលបង្កាច់គេបំផ្លើសការពិត ជាមនុស្សដែលគេលែងនិយាយតថ្លៃកើត ព្រោះវាថោកហួសកំរិត ។ ពួកមាយាទថោកឥតធ្វើការងារ ដែលនាំអោយខ្លួនជាមនុស្សថ្លៃថ្នូរនោះទេ ប៉ុន្តែចង់បានពាក្យថ្លៃថ្នូរយកប្រើណាស់ ហើយចង់អោយគេសរសើរថាខ្លួនជាមនុស្សដែលមានភាពថ្លៃថ្នូរ ហើយប្រភេទពួកហ្នឹងភាគច្រើនជាមនុស្សមានបញ្ញា ចេះដឹង មានសញ្ញាប័ត្រធំនៅក្នុងសង្គម។ ហើយពួកហ្នឹង ឥតប្រព្រឹត្តអំពើល្អនោះទេ ក៏ប៉ុន្តែចង់បានឈ្មោះល្អយកទៅប្រើណាស់ បើជាអ្នកនយោបាយវីញ គឺធ្វើនយោបាយបោកតែរាស្រ្តខ្មែរឯងទេ​ ភាពហ្នឹងសំបូរណាស់នៅក្នុងចំណោមអ្នកនយោបាយមួយចំនួន រាប់តាំងពីអ្នកនយោបាយដែលជាមេបក្សធំៗ រហូតដល់សកម្មជនរបស់ខ្លួន។ ទោះបីជាមេបក្សរបស់គេ និយាយខុស មិនត្រឹមត្រូវយ៉ាងក៏ដោយ សកម្មជនរបស់គេដែលមានចរិតមាយាទថោកហ្នឹង ទះដៃអបអរសាទរ ដើម្បីអី? គឺដើម្បីទឹកចិត្តប្រជាពលរដ្ឋដទៃអោយជួយលើកដៃទះដៃអបអរសាទរដែរ ដែលបានទាំងដឹងហើយថា មេបក្សរបស់ខ្លួននិយាយខុស ពួកចឹងគេហៅថា​ពួកមាយាទថោក។ មានសកម្មជនស៊ីឈ្មួលរបស់បក្សនយោបាយជាច្រើន ដែលគេដឹងថាមេបក្សរបស់គេធ្វើ និយាយខុស​ ចរិតបែបហ្នឹង មិនព្រមធ្វើអំពើល្អទេ ប៉ុន្តែចង់បានមុខមាត់ល្អណាស់ ចង់បានឧត្តម ចង់បានលោកជំទាវ ហើយនៅពេលមានគេពន្យល់ប្រាប់បើកបង្ហាញ ដោយមានហេតុផលថា បុគ្គលម្នាក់ បុគ្គលនោះប្រភេទ នេះអីចឹង អីចុះ ចាប់ផ្តើមយកជួកទៅលាបពណ៌គេភ្លាម ថាអាហ្នឹងលក់ក្បាលទេ អាយ៉ងគេទេ ហើយរាប់ទាំងពីអ្នកដឹកនាំជាមេបក្សធំ អ្នកនយោបាយកំពូលជាមេបក្សធំនីមួយៗ រហូតដល់សកម្មជនបក្សរបស់គេ។  បើសិនជាវាចង់ស៊ីសាច់ឆ្កែ វានឹងដើរស្រែកប៉ផ្លេកប៉ភ្លូច ចោទថាឆ្កែនោះឆ្កួតទេ កុំទុកឲ្យនៅធ្វើអ្វី នាំតែវាខាំគេខាំឯងគ្រប់គ្នា។ ឆ្កែហ្នឹងឆ្កួតទេ វាជាឆ្កែឆ្កួតៗៗ! ។ នេះបានដូចពាក្យគេថា ចង់ស៊ីឆ្កែ  ចោទថាឆ្កែឆ្កួត។ មនុស្សធុនពួកវានេះ មិនធ្វើអំពើរល្អទេ តែចង់បានល្អមកដាក់ខ្លួន ។ មួយវិញទៀត បើកាលណាវាឃ្លានស៊ីអាចម៍ វាធ្វើជា យកនំបុ័ងមកខ្ចប់អាចមន៍នោះ ដើម្បីឲ្យអ្នកផងមើលមក  ឃើញហាក់បីដូចជាវាកំពុងកាន់នំបុ័ងស៊ីមែនទែនអញ្ចឹង តែតាមទៅមានឯណា ​   នំបុ័ងស្នូលអាចម៌ទេតើ!!! ។ វាមិនខុសអីពីពួកដែលលបចាប់រំលោភកូនគេរួចហើយ ពេលគេទាន់ គេចាប់យកទៅសួរចុះសួរឡើង វាធ្វើជាឆ្លើយថា ព្រោះតែស្រវឹងខ្លាំងពេក រឺ ព្រោះតែខ្មោចចូល រឺព្រោះតែមានជំងឺទាក់ទងនឹងប្រព័ន្ធប្រាសាទ ឯណាឯណោះទៅវិញជាដើម។  នេះបានចំជាអាពួកក្បាលល្អ ខួរស្អុយ មានសណ្តានជាមនុស្សអាក្រក់ ធ្វើទង្វើអាក្រក់បានដោយងាយ ធ្វើដោយគ្មានចេះខ្មាស និងលែងចេះខ្ពើម ។ រស់គ្មានបានជាប្រយោជន៍ បានត្រឹមតែធ្ងន់ផែនដី។​ ហើយមនុស្សធន់នេះទៀតសោត ហើយចូលចិត្តក្តិចត្រួយ និងចាំតែប៉ែងជើងកូនខ្មែរល្អៗមិនឲ្យលូតលាស់ដុះដើរទៅមុខរួចឡើយ ។ ឃើញគេឆ្លាតឆ្លៀសជាងខ្លួនមិនបាន បើឃើញគេមានមនោសញ្ចេតនាជ្រាលជ្រៅ ដែលផ្ទុយស្រឡះពីខ្លួននោះ ពួកនេះរឹតតែមើលងាយមនោសញ្ចេតនារបស់គេ ទាំងដែលខ្លួនវាគ្មានបេះដូងដ៏ធំបែបនេះដូចគេផងនោះ។ បើនិយាយពីរឿងលាភសក្ការៈវិញ  ឲ្យតែបានទទួលផលប្រយោជន៍មកខ្លួន រឺបក្សពួកខ្លួន នោះពួកនេះមិនដែលនឹកគិតស្តាយស្រណោះ និងមានវិប្បដិសាររីចំពោះអ្វីដែលខ្លួនបានធ្វើ ថាវានឹងប៉ះពាល់ដល់អ្វីដែលនៅជុំវិញខ្លួននោះឡើយ ។ ពួកអាអំបូរចៃឆ្កែអស់នេះ វាមានទាំងនៅក្នុងក្រុមមនុស្សខូចៗដូចវា និងមានគប់ខ្លួនពួនកន្ទុយនៅក្នុងក្រុមមនុស្សល្អផងដែរ។
ពួកទី២ គឺពួកអន់ចរិត  ។ ទោះបីជាដឹងក្នុងក្បាលយ៉ាងច្បាស់ថា ការងារ រឺទង្វើរនោះជាទង្វើរត្រឹមត្រូវក៏ដោយ ក៏ ពួកគេមិនហ៊ានគ្រាំទ្រ និងមិនចូលរួមធ្វើដែរ ដល់ពេលមានគេថាអោយ ស្តីថាអោយហើយ ព្រមទទួលយកទៀត ហ្នឹងហើយហៅថាអន់ចរិត ដឹងថាខុសហើយ ត្រូវហើយ តែកែមិនឡើង។ ខ្លាចរអា ស្ទាក់ស្ទើរ ខ្ជិលច្រអូស  ដេកចាំតែគេធ្វើឲ្យ រឺឯខ្លួនឯងគឺគិតតែ ​ហែកមាត់ចាំត្រងនូវផ្លែផ្កាដែលគេខំដាំស្រាប់ៗ  ទាំងនេះគឺមាននៅជាប់ស្អិតជានិច្ចនៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរធឺហ្នឹង ហើយក៏ក្លាយជាអត្តចរិតរបស់ពួកគេ គឺចរិតអន់ហ្នឹងឯង ។ ដឹងហើយ លឺហើយ យល់ហើយ ឃើញហើយ ថាប្រទេសដែលជាផ្ទះរបស់យើងគ្រប់គ្នានេះ វាកំពុងតែជួបបញ្ហាជំពាក់វាក់វិនរញ៉េរញ៉ៃ ដែលធ្វើឲ្យយើងគ្រប់គ្នាពិបាកនឹងរស់ ក្នុងស្ថានភាពបែបនេះណាស់ ។ ថាអញដឹងច្បាស់អស់ហើយ តែបើអញមិនចូលរួមដោះស្រាយ តើចង់ធ្វើអីអញ? បើអញមិនធ្វើក៏នៅមានគេផ្សេងធ្វើដែរ អត់អញមួយ រន្ទះបាញ់ងាប់អី ។ មនុស្សមួយគំនរ គរដូចខោរអាវជជុះ    បើវាអត់អញមួយ ក៏វាមិនងាប់ដែរ ក៏វាមិនអីដែរ ។ នេះនែក! វាទៅជាអញ្ចឹងទៅវិញអស់ទៅ។ កុំចង់លលេងនឹងពួកអន់ចរិតបែបហ្នឹង ទើសតែវាមួយ ស្ទុះគេអស់មួយប្រទេស  ប៉ុណ្ណឹងហើយវាធ្វើដូច​អត់ជំពាក់អ្នកណាម្រៀល។ ចំណែកឯមនុស្សមួយក្រុមទៀត គេហៅថា ពួកល្ងង់ខ្លៅ ដែលមានច្រើនសម្បើមនៅឡើយនៅក្នុងសង្គមយើង​​​​​សព្វថ្ងៃ ។ ពួកហ្នឹងល្ងង់ ល្ងង់តាម៉ង គ្មានដឹងពីស្អីទេ ព្រឹកឡើងក្រោកមកគិតតែផឹកស្រា អោយតែលុយ សារុង បីចេងតែមួយ​ឬពីរ ទៅបោះហើយ គ្មានទៅខ្វល់ពីរឿងអីទាំងអស់។ ហើយក្រុមហ្នឹង គ្មានទៅបំផ្លាញពីណាទេ ធ្វើការបំផ្លាញតែខ្លួនទេ​ បើគេអោយសារុងមួយ អរឡាខប់ឡាខុំ សប្បាយចិត្តជិតងាប់ ហើយងាប់តែហ្នឹងគេចាញ់បោកគេទេ ហើយក្រុមហ្នឹងសំបូរណាស់នៅសង្គមខ្មែរ ជាពិសេសពួកក្រីក្រនៅតាមភូមិ ស្រុក ជនបទ ជាអ្នកផឹកស្រា លេងបៀរ ជាពពួករុក្ខជាតិ ខ្យល់បក់ពីជើង​ទៅត្បូង ខ្យល់បក់ពីត្បូងទៅជើង។ ​​ពួកគាត់ជាមនុស្សរៀនបានតិច ខ្លះមិនចេះអក្សរមួយតួផង ហើយរួមទាំងគ្មានឱកាសទទួលបានចំណេះដឹង និងពត៌មានគ្រប់ជ្រុងជ្រោយទៀតផងនោះ ជាហេតុធ្វើឲ្យគាត់ងាយចាញ់បោកគេ ជឿគេឆាប់ និងជាពិសេសគឺទទួលរងនូវ​ការធ្វើបាបពីសំណាក់ពួកអាមាយាទថោក ។ បើក្នុងសង្គមមួយកើតការច្របូកច្របល់ រឺសង្គមនោះវាក្រីក្រ គ្មានការអភិវឌ្ឍ រឹមានវិបត្តិផ្សេងៗ ពួកគាត់ដែលជាមនុស្សល្ងង់ខ្លៅនេះឯង នឹងត្រូវទទួលរងនូវបញ្ហាទាំងនោះ ធ្ងន់ធ្ងរ និងយូរអង្វែងជាងគេជាងឯង ។ ផ្ទុយទៅវិញ បើសិនណាជាពួគាត់អស់នេះ មានឱកាសទទួលបានចំណេះដឹង និងពត៌មានផ្សេងៗ បានក្រាសក្រែល ច្បាស់លាស់ជាងនេះនោះ  ពិតណាស់មនុស្សពួកគាត់នេះ នឹងអាចប្រើបានជាប្រយោជន៍ ហើយមានតម្លៃសាកសមជាប្រជាពលរដ្ឋនៃប្រទេសមួយយ៉ាងពិតៗ ។ វាខុសអំពីពួក ចៃឆ្កែ រឺពួកមាយាទថោក ដែលវាខូចអស់កែ វាគ្មានកំណើតទាល់តែសោះ ។ ពួកមនុស្សល្ងង់ខ្លៅនេះក៏ជាមនុស្សបំផ្លាញខ្លួនឯងជាប្រចាំផងដែរ ដូចជាការផឹកស្រា ប្រមឹកបែកត្រប៉ែ  លេងល្បែង ភ្នាល់អស់ទ្រព្យធន ។ បើពួកប្រុសៗវិញ ញៀនញ៉ាមងប់ងល់នឹងស្រីលក់ខ្លួន ជួនកាលបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន  គ្មានសោះភាពជាគំរូនៅក្នុងគ្រួសារ និងសង្គម ។ ពួកមនុស្សក្រុមនេះ ដើរកាត់ពេលវេលាហើយ តែឥតស្គាល់ថាជាអ្វី រហូតដល់ដើរហួសទៀត ក៏នៅតែមិនសោកស្តាយ នេះហើយគេហៅថាខ្ជះខ្ជាយពេលឥតប្រយោជន៍ ។ បើជាតិយើងសម្បូរតែពលរដ្ឋរបៀបៗហ្នឹងទៅហើយ បើសិនជាប្រទេសនេះវារីកចម្រើនខ្លាំងទើបចម្លែក ។ តែបើដូចសព្វថ្ងៃហ្នឹង គឺសមហេតុសមផលហើយ ពលរដ្ឋអញ្ចឹង បានប្រទេសវាអញ្ចឹង! ។ មិនទាន់អស់ទេ នៅសល់មួយក្រុមទៀត  នោះគឺពួកក្រៅសង្គម។ ការផ្សព្វផ្សាយពីព័ត៌មានសង្គម នយោបាយ គណបក្ស និងផ្សេងៗទៀតនៅតាម វិទ្យុក្តី ទូរទស្សន៏ក្តី កាសែតក្តី​ គេផ្សាយដូចបាចទឹកភ្លៀងស្រក់ពីលើមេឃរាល់ថ្ងៃទាំងព្រឹកទាំងថ្ងៃទាំងយប់រាប់ឆ្នាំ តែដល់ពេលខ្លះគេទៅសួរ បែរជាឆ្លើយថា មិនដែលបានស្តាប់ មិនថាមិនដឹង មិនដែលស្គាល់ផង។ រស់នៅជាមនុស្សក្រៅសង្គម ព្រឹកឡើងដឹងតាក្រោកឡើងទៅរកស៊ី រវល់រកស៊ី អ្នកខ្លះទៅទៅធ្វើការបាត់ទៅ មិនដែលទៅតាមដានស្តាប់អានមើលព័ត៌មានអីទេ ហើយល្ងាចឡើងចូលផ្ទះវិញ ហើយមានអ្នកខ្លះវិញ បើកសុទ្ធតែហាងធំៗ មនុស្សចឹង រស់នៅមិនទៅចាញ់បោកអ្នកណាទេ អាចជួយខ្លួនឯងបាន ហើយមិនស្រួលៗស្រុកទេសមានអាសន្ន រត់ទៅស្រុកគេទៀត ម៉ែអាណាមិនខ្វល់ពីអាណាម្រៀល រស់នៅដូចនៅក្រៅសង្គមចឹង​ជាពិសេសអ្នកនៅតាមទីក្រុង នៅតាមផ្សារតាមផ្សោរ មិនដែលទៅខ្វល់រឿងអីទាំងអស់ រស់នៅមិនច្រឡំជាមួយអាណា ហើយពេលព្រឹកឡើង ល្ងាចឡើងវិញ ក្រោកងើបបបួលនាំគ្នាទៅហាត់ប្រាណចឹង ព្រោះអីខ្លាចងាប់ ហើយមិនដែលទៅតាមដានស្តាប់អានមើលព័ត៌មានទេស្អី មិនដែលដឹង មិនដែលស្គាល់ថាមានគណបក្សប៉ុន្មាន សល់ប៉ុន្មាន ថាខ្ចីដឹងមិនខ្ចីខ្វល់ មិនដឹងមិនឮមិនដឹងខ្យល់អ្វីទាំងអស់ សួរអត់ដឹងអីបន្តិច។  ហើយជាទូទៅ និងជាញឹកញាប់ គឺគេតែងលឺពួកនេះ​និយាយថា ខ្លួនមិនចូលក្នុងគណបក្សនយោបាយណាមួយទេ ។ ខ្លួនគេនៅជាកណ្តាលជានិច្ច ខាងណាក៏មិនចូលដែរ ហើយគ្មានបក្សនឹងគេណាដែរ ។ នេះបានចំជាកណ្តាលមែន គឺកណ្តាលផ្លូវរទេះភ្លើងទើបសម ។ ចង់បានន័យថាម៉េច? ចង់ថា ទោះគេឃើញគេខុសក៏មិនចូល ឃើញត្រូវក៏មិនចូលដែរមែនទេ?  ហើយពេលខ្លះ ពួកនេះអោយតែលឺគេនិយាយរឿងនយោបាយ នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ថ្ងៃអញ្ជឹង តែពួកនេះរស់នៅក្នុងសង្គមគឺគេចយកតែរួចខ្លួនទេ ហើយនិយាយថា សុំយកតែម៉ារស់ៗទេ អ្នកណាធ្វើអី ធ្វើទៅ ហើយខ្លាចងាប់ណាស់ជាងគេបំផុត។។  ផ្នត់​គំនិត​បែបនេះ ពួកគេ​បាន​ប្រាប់ ឬ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅតៗគ្នា ដូចជា​ឪពុកម្តាយ​ទូន្មាន​កូន​ជាដើមក្តី គ្រូបង្រៀនផ្តល់ជាមូលដ្ឋានពិចារណាដល់សិស្ស និស្សិតក្តី មនុស្សចាស់ទុំក្តី  ដោយបានហាមប្រាមមិន​ឲ្យ​កូន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ពួកគេ​ប្រាប់ថា យើងជាប្រជាពលរដ្ឋសាមញ្ញ ឬក្មេងៗ កុំទៅចេះដឹងរឿងនយោបាយ វាមិនមែនជារឿងរបស់យើងទេ រឿងនយោបាយទុកអោយអ្នកដឹកនាំគិតគូរទៅបានហើយ។ បើរកស៊ី គិតតែរកស៊ីទៅ បើនៅរៀន គិតតែទៅសាលារៀនសូត្រទៅ បើ​ធ្វើស្រែ​ឲ្យ​គិតតែ​ពី​រឿង​ធ្វើស្រែទៅ បើ​លក់ដូរ​គិតតែ​ពីរ​រឿង​លក់ដូរ​ដើម្បី​បាន​ប្រាក់ចំណេញ​ទៅបាន​ហើយ កុំ​នាំគ្នា​ទៅ​រវល់​កិច្ចការ​នយោបាយ កុំទៅខ្វល់រឿងនយោបាយ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសំងំយកតែសុខរៀងៗខ្លួនទៅ គិតតែឆ្នាំងបាយរបស់យើងទៅអាអ្ហើយ កុំទៅខ្វល់អាណាម៉េចម៉េចទៅអោយតែយើងបានសុខ អាងាប់ណា ងាប់ទៅ កុំខ្វល់រឿងគេ ក្បាលអាណាសក់អាហ្នឹង ដាំដើមគទៅកូនកុំមាត់ចេះច្រើនគេខឹងដឹងច្រើនគេស្អប់ ចាញ់បានជាព្រះឈ្នះបានជាមារ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះ​រឿង​ស្រុកទេស​រឿង​ជាតិ​អីហ្នឹង មាន​គេ​ចាត់ចែង​ហើយ យើង​ពលរដ្ឋ​មិនចាំបាច់​ខ្វល់​នោះទេ អារឿងនយោបាយស្អីហ្នឹងនោះ។ ម្យ៉ាងវិញទៀត​រឿង​នយោបាយ​នេះ មិនល្អ​សោះឡើយ មិនស្រួលៗនោះ អាចបាត់បង់អាយុជីវិតផងក៏មានដែរ។ មនុស្សធឺនេះ គឺចូលចិត្តសំងំយករួចខ្លួន មួយថ្ងៃៗគិត​តែខំធ្វើការរកស៊ីធ្វើអ្នកមាន ។ មានអ្នកខ្លះ ពេលថ្ងៃបុណ្យទាន មិនហ៊ានឈប់សំរាកលំហែរកាយអីនឹងគេផង គិតតែពីខំរកដើម្បីប្រកួតនឹងគេ ចង់បានលុយជាងចង់ចាយលុយទៅទៀត ។ មួយឆ្នាំ ទល់មួយទស្សវត្សន៍ មែនដែលឃើញសំរាក​ រកស៊ីមួយថ្ងៃណាទេ ឃើញតែប្រឹងមិនដែលឃើញនៅស្ងៀម ។ មានទ្រព្យកប់ពពកតែមិនដែលឃើញ​ចែកអ្នកណាសូម្បីតែប៉ុនសសៃសក់ ។ រស់នៅមិនយល់ពីជីវិត ហើយចាកឆ្ងាយពីច្បាប់ធម្មជាតិ ។ គិតតែបូមបឺតជញ្ជក់យកតែខ្លួនឯង អ្នកណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅ មិនខ្ចីខ្វល់ ។ បើម្នាក់ៗគិតតែទាញទុករៀងៗខ្លួនអញ្ចឹង តើបានអីនៅសល់ទៅ? មិនយូរ ហើយរឹតតែឆាប់ គឺច្បាស់ជាត្រូវរលាយរលត់ខាតបង់ទាំងអស់តែគ្នា។ ស្រុកខ្មែរយើងនេះមិនត្រូវបានបំផ្លាញដោយបរទេសនោះទេ ប៉ុន្តែត្រូវបានបំផ្លាញដោយសារពលរដ្ឋខ្មែរសំងំនៅស្ងៀមឈរមើលបរទេសបំផ្លាញ។ គេបំផ្លាញយើងវាមិនស្អីនោះទេគ្មានអ្វីចំឡែកនោះទេ ប៉ុន្តែកុំអោយតែយើងបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន។

សរុបមក​ ភាពអសកម្មរបស់មនុស្សខ្មែរ៤ពួកនេះហើយដែលជាមេរោគដ៏សាហាវ ដែលពិបាកនឹងព្យបាលក្នុងពេលដ៏ខ្លីណាស់ ។ ក្នុងចរិតរបស់ខ្មែរ៤ពួកនេះ គឺភាគច្រើនវាទាក់ទិនតែនឹងរឿងប្រយោជន៍ផ្ទាល់ខ្លួន ។ អញ្ចឹងហើយ បានមានពាក្យមួយចំនួនគេថា ជំងឺគិតប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ គឺវាគ្រប់គ្រាន់អាចនឹងបំផ្លាញអោយប្រទេសជាតិមួយអាចនឹងរលាយបាន បើជនជាតិនៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ ហើយជនជាតិមួយចាញ់ឬឈ្នះជនជាតិមូយទៀត វាអាស្រ័យទៅលើការគុណភាពនៃការគិតរបស់ជនជាតិនោះ។ មើលតាមចរិតខ្មែរ៤ពួកនេះទើបដឹងច្បាស់ថា ម៉េចបានគេបរទេសគេមើលងាយយើងម្ល៉េះ? បើទោះជាយើងមានវប្បធម៌ ប្រពៃណី ស្នាដៃល្បីៗដូចជាប្រាសាទអង្គរវត្តជាដើមហើយក៏ដោយ ។ គេមិនខ្វល់ទេ ថាដូនតាយើងបានធ្វើអ្វីខ្លះ គាត់ខ្លាំងដល់កំរិតណានោះ តែគេគ្រាន់តែចង់មើលងាយថា បើយើងគ្រាន់បើ ម្ល៉េះមិនដូចសព្វថ្ងៃហ្នឹងទេ ។ បើដូនតាយើងខ្លំាងមែននោះ ម្ល៉េះមិនបន្សល់ទុកនូវកូនចៅដ៏កំសោយរបៀបនេះទេ ។ វាជាភាពឈឺចាប់មួយ ក្នុងចំនោមភាពឈឺចាប់ទាំងឡាយ ដែលជនជនជាតិមួយ ត្រូវបានគេមើលងាយដៀលដល់ដូនតាបែបនេះ តែយើងគ្មានអ្វីប្រតិកម្មទៅគេវិញដើម្បីបង្ហាញថា យើងមិនដូចគេថា​​​​​នោះទេ។ បានត្រឹមតែនៅស្ងៀម ខឹងគេ ខ្មាសគេនៅក្នុងចិត្ត ។ ដោយឃើញថាអត្តចរិតខ្មែរ៤ពួកនេះ ជាខ្នោះចាក់ចងមិនឲ្យជាតិយើងដើរចេញភាពអន្ធការនេះបាន ហើយពួកនេះហើយដែលជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនយើង ដូច្នះយើងត្រូវព្យបាលជាបន្ទាន់ តែដោយសន្សឹមៗ ។ ដើម្បីកែអត្តចរិតនោះបាន គឺត្រូវការកែការគិតរបស់ពួកគេជាមុន គឺជារឿងទីមួយ និងចាំបាច់បំផុត ។ ដែលការគិតនេះហើយ បញ្ចេញមកជាទង្វើរ ហើយដែលទង្វើរជារឿយៗនោះឯង ហៅថាទម្លាប់ ទីបំផុតទម្លាប់ ក៏ក្លាយទៅជា អត្តចរិត ។ ទាំងនេះហើយជាភាពអសកម្មក្នុងការចូលរួមកសាងសង្គមជាតិរបស់ពលរដ្ឋខ្មែរជាទូទៅដែលយើងត្រូវកែប្រែជាបន្ទាន់ ហើយបើយើងកែប្រែមិនទាន់ទេ កុំសង្ឃឹមថាបញ្ហា​គ្រប់​បែប​យ៉ាង​ដែល​កើត​មាននៅ​ក្នុង​សង្គម​ខ្មែរ​របស់យើងសព្វថ្ងៃ​នឹង​មិនត្រូវ​បាន​ដោះស្រាយរួចនោះទេ ហើយយើងទាំងអស់គ្នាត្រូវចងចាំថា គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែររបស់យើងមានតែខ្មែរយើងទេដែលជាអ្នកដោះស្រាយ ហើយបើខ្មែរយើងមិនព្រមចាប់ផ្តើមធ្វើ និងចាប់ផ្តើមងើបនោះទេតើកាលណានឹងឆាប់អាចដោះស្រាយខ្មែររួច? តើនឹងអោយអ្នកណាធ្វើទៅ បើយើងមិនធ្វើ? ហើយចាំ ចាំចាំ ដល់ពេលណាទៅ? ហើយកុំទៅសង្ឃឹមថាបរទេសណាឬអ្នកធំណាមកជួយដោះស្រាយជំនួសបាននោះ បើខ្មែរមិនព្រមដោះស្រាយខ្លួនឯងនោះ។ បញ្ហាទូទៅនៅសង្គមខ្មែរអាចដោះស្រាយទៅរួចបាន កាលណាយើងអាចដោះស្រាយភាពអសកម្មប្រជាពលរដ្ឋខ្មែរបាន មានន័យថា កែផ្នត់គំនិត ផ្នត់ទម្លាប់ អត្តចរិតរបស់ខ្មែរបានហើយ បញ្ហាអ្វីទាំងអស់ក៏អាចដោះស្រាយបានដែរ ចំណុចចាប់ផ្តើមត្រូវផ្តើមចេញពីត្រង់ចំណុចហ្នឹង។ ​ខ្មែរយើងបើមិនកែផ្នត់គំនិត ផ្នត់ទម្លាប់ អត្តចរិត មាយាទហ្នឹងចេញទេ ឥតអាចជួយស្រុកទេសរបស់ខ្លួនបាន ហើយអាចសង្ឃឹមថារីកចម្រើនទៅមុខរួចនោះ។ ​ដូច្នេះ យើងត្រូវចូលរួម ទាំងអស់គ្នាដើម្បី ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្មែរ។

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top