វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

8/29/14

តើអំណាចប្រមូលផ្តុំ ជាប្រភពបញ្ហាសង្គមខ្មែរ?

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  8/29/2014 03:35:00 PM

ជាទូទៅ យើងគ្រប់គ្នាបានឃើញហើយថា ប្រទេសរបស់យើងតែងតែកើតមានបញ្ហាមិនចេះចប់ មិនចេះហើយ ចងច្រាក់ស្រែះសស្ទើរតែមើលមិនយល់ ដែលបញ្ហាទាំងនោះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺ​វាកើតមាន​នៅលើជុំវិញ​ពិភពលោក​ទាំងអស់​ជាពិសេស​គឺ​នៅ​បណ្តា​ប្រទេស​ដែល​ក្រីក្រ មានប្រជាពលរដ្ឋល្ងង់ៗ ​មិនសូវមាន​ចំណេះដឹង និងការយល់ដឹង​ខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជាដើម។  
តួយ៉ាង នៅក្នុង​សង្គម​ខ្មែរនាពេលប​ច្ចុ​ប្បន្ន យើងបានដឹងបានឃើញទាំងអស់គ្នាហើយថា មានបញ្ហាទាំងពួងរាប់មិនអស់ដែលកំពុងតែកើតឡើងក្នុងសង្គមយើងបញ្ហាទាំងនោះរួមមាន ជនអន្តោប្រវេសន៍ខុសច្បាប់ ការរំលោភយកដីធ្លី ការបំពុលបរិស្ថាន ការបំផ្លិចបំផ្លាញព្រៃឈើ ការរំលោភបំពាន​សិទ្ធិមនុស្ស សង្គមអយុត្តិធម៌ អសីលធម៌ អាត្មានិយម អំពើពុករលួយ  បញ្ហាសេដ្ឋកិច្ច ភាពគ្មានការងារធ្វើ ប្រេងសាំង ទំនិញឡើងថ្លៃ គ្មានការប្រកួតប្រជែងគុណភាពផលិតផល បញ្ហានយោបាយ និងបញ្ហាសាសនា ជាដើម។

បញ្ហាដែលបានរៀបរាប់ខាងលើ ទាំងអស់ហ្នឹង គ្រាន់តែជាមែកធាងនៃបញ្ហាតែប៉ុណ្ណោះ ។ ជាទស្សនៈមុននឹងយើងដោះស្រាយបញ្ហាអ្វីមួយយើងត្រូវស្វែងរកប្រភពនៃបញ្ហា និងធ្វើការស្រាវជ្រាវរកឫសគល់​នៃប្រភព​នោះ។ គ្រប់បញ្ហាទាំងអស់ដែលកើតឡើងនៅក្នុងសង្គមខ្មែរគឺដោយសារប្រពន្ធ័រដ្ឋបាលមួយដែលឥតប្រសិទ្ធិភាព ក៏ព្រោះតែអំណាចប្រមូលផ្តុំ ។ 

ហើយកាលណាប្រទេសមួយវាអំណចប្រមូលផ្តុំហើយនោះ គឺធ្វើអោយច្បាប់ធូររលុង ប្រទេសគ្មាននីតិរដ្ឋពិតប្រាកដ ហើយនៅពេលដែលប្រទេសមួយមានការអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព ប្រទេសមួយនោះតែងបង្កើតបានតែភាពអនាធិបតេយ្យ ឥតសណ្នាប់ធ្នាប់ពាសពេញប្រទេស។ ដោយឡែកច្បាប់សម្រាប់ពួកអ្នកធំ អ្នកកាន់អំណាច មានតម្លៃត្រឹមតែសីលធម៌ប៉ុណ្ណោះ រឿងគេមិនធ្វើ ឬមិនគោរព វាអាស្រ័យទៅលើឆន្ទៈរបស់គេ។ អំណាចប្រមូលផ្តុំ អ្នកដឹកនាំអាចលូកដៃចូលគ្រប់ស្ថាប័នទាំងអស់ ទោះជាតុលាការ និង អំណាចនិតិបញ្ញត្តិ ក៍គេអាចធ្វើបានដែរ។

អ្នកដែលរស់ស្រួលនៅក្នុងសង្គមអំណាចប្រមូលផ្តុំមានតែ អ្នកមានអំណាច មានលុយ មានបក្ខពួក ខ្សែ ខ្នង។ ជាលទ្ធផល អ្នកដែលរងគ្រោះ រងទុក្ខវេទនានោះគឺ គ្មានអ្នកណាក្រៅពី ប្រជាពលរដ្ឋ ដែលជាអ្នកខ្សោយ គ្មានលុយ គ្មានអំណាច គ្មានខ្សែ។ មនុស្សជាច្រើនពេញចិត្តនិងដឹងគុណអ្នកប្រមូលផ្តុំអំណាច នៅពេលអ្នកនោះធ្វើជាជួយ ដោះស្រាយបញ្ហា តែតាមពិតអ្នកបង្ករបញ្ហាជាកូនចៅរបស់បុគ្គលនោះអីតើ។

ត្រង់ចំណុចនេះ តើអ្វីទៅជាអំណាចប្រមូលផ្តុំ? ហើយថាតើអំណាចប្រមូលផ្តុំមានលក្ខណៈដូចម្តេច? អំណាចប្រមូលផ្តុំ ជាប្រព័ន្ធនៃការដឹកនាំរដ្ឋមួយដែលអំណាចប្រមូលផ្តុំទៅលើអំណាចកណ្តាល ហើយដែលអំណាចទាំងអស់ក្នុងការចាត់ចែងកិច្ចការប្រទេសនោះ ស្ថិតទៅលើកណ្តាប់ដៃរបស់បុគ្គលតែម្នាក់ ឬបុគ្គលតែមួយក្រុមតូច។ ហើយរដ្ឋដែលដឹកនាំដោយប្រមូលផ្តុំអំណាចទៅលើមនុស្សតែម្នាក់ ឬមនុស្សមួយក្រុម នោះ មានសភាពលក្ខណៈបែបបក្ខពួកនិយម គ្រួសារនិយម ពោលគឺ   បុគ្គលម្នាក់ ឬមួយក្រុមជាអ្នកសម្រេចកិច្ចការគ្រប់ជាន់ថ្នាក់របស់ប្រទេសជាតិ។ រាល់កាសម្រេចត្រូវធ្វើទៅតាមការចង់បានរបស់ថ្នាក់លើ និងបម្រើផលប្រយោជន៍ថ្នាក់លើទាំងអស់។​ ចំពោះការអនុវត្តន៍ការងារវិញ គ្មានប្រសិទ្ធិភាព ដោយសារ មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិរុញការទទួលខុសត្រូវទៅអោយមន្រ្តីនៅថ្នាក់លើជាបន្តបន្ទាប់ ពោលគឺ ឃុំរុញទៅស្រុក ស្រុករុញទៅខេត្ត និងខេត្តរុញទៅថា្នក់ជាតិដើម្បីបង្ហាញប្រជាពលរដ្ឋថា ខ្លួនមិនមែនជាអ្នកមានកំហុសនោះទេ។

ជាលទ្ធផលគឺ ការអនុវត្តន៍ទម្រង់នៃការដឹកនាំរដ្ឋមួយដែលប្រមូលផ្តុំអំណាច វាងាយណាស់ឈានទៅរករបបផ្តាច់ការ ហើយប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអាចនឹង បាត់បង់ទឹកដី រឺធ្វើឲ្យខ្ទេចខ្ទីជាតិដោយមិនចាំបាច់មានបរទេសណាមកឈ្លានពាននោះទេ។

បើតាមអំណះអំណាងខាងលើនេះ តើយើងអាចសន្និដា្ននបានថា គ្រប់បញ្ហាទាំងអស់កើតមាននៅក្នុងសង្គមខ្មែរ ពិតជាបណ្តាលមកពីអំណាចប្រមូលផ្តុំ មែនទេ? ចម្លើយគឺ ពិតប្រាកដណាស់។ ជាក់ស្តែងកាលពីឆ្នាំ២០០៧  លោក Lee Kuan Yew  អតីត​ប្រធានាធិបតី​ប្រទេសសិង្ហបុរីមួយរូបក្នុងចំណោមមេដឹកនាំនៅក្នុងតំបន់អាស៊ាន លោកបានប្រាប់ស្ថានទូតសហរដ្ឋអាមេរិកថា មិនគួរអោយប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននោះទេ។ ការលើកឡើងរបស់លោកបានបញ្ជាក់ហេតុផលថា ប្រទេសកម្ពុជាមិនទាន់មានតម្លៃរួមល្អប្រសើរណាស់ណាទេ ពីព្រោះប្រទេសមួយនេះកំពុងតែជាប់ផុងនៅក្នុងវិបត្តិនយោបាយមួយយ៉ាងជ្រៅ ដោយសារតែនយោបាយនៃការដឹកនាំរបស់ប្រទេសមួយនេះ មានការជំពាក់ជំពិននៅក្នុងរឿងអំណាចប្រមូលផ្តុំក្នុងដៃបុគ្គលដែលជាអ្នកដឹកនាំប្រទេសហ្នឹងតែមួយគត់។

ចំណែកអ្នករាយការណ៍ពិសេសនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក Yash Pal Ghai ក៏បានអះអាងថា បញ្ហាស្រុកខ្មែរបណ្តាលមកពីអំណាចប្រមូលផ្តុំ។ ដោយសារតែសម្តីរបស់លោកថា  ស្រុកខ្មែរអំណាចប្រមូលផ្តុំនេះហើយ បានធ្វើអោយលោកនាយកមន្រ្តី ហ៊ុន សែន មានប្រតិកម្ម ខឹងច្រ​ឡោតយ៉ាងខ្លាំង។

ជារួមមកក្នុងស្ថានភាពរបស់ប្រទេសយើងបច្ចុប្បន្ន គន្លឹះដែលមាំ និងសំខាន់ជាងគេ ដែលយើងត្រូវគាស់ឲ្យរបើកមុន​គេនោះ គឺគាស់អ្នកតំណាងរាស្ត្រឲ្យចេញពីក្រញាំរបស់បក្ស ។ ពាក្យថាតំណាងរាស្ត្រដែល​យើងគ្រប់គ្នាធ្លាប់ហៅពេញៗមាត់នោះ តែតាមពិតទៅសព្វថ្ងៃពួកគេជាអ្នកតំណាងបក្សទេតើ មិនមែនតំណាងរាស្ត្រឯណា។ គេពុំបានធ្វើការដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស​នោះទេ ផ្ទុយទៅវិញ គេខិតខំយ៉ាងខ្លាំងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគេ បក្សពួករបស់គេ ហើយគេត្រូវការយើង ផ្គាប់ផ្គន់ អង្វរកយើងស្ទើរសព្វបែបយ៉ាង តែនៅពេលរដូវកាលបោះឆ្នោតខិតជិតមកដល់តែប៉ុណ្ណោះ ។
ដើម្បីយកអ្នកតំណាងរាស្រ្តឲ្យមកនៅខាងរាស្ត្របាន គឺត្រូវបោះឆ្នោតចំមុខដើម្បីរើសពួកគេ ។ បោះចំឈ្មោះ បោះចំមុខអ្នកតំណាង  ដែលវាមិនមែនជាការបោះឆ្នោតឲ្យរូបសញ្ញាបក្សដូចសព្វថ្ងៃនេះឡើយ ។ 

កាលណាអ្នកតំណាងក្លាយជាអ្នកតំណាងរបស់រាស្ត្រពិតប្រាកដ ពេលនោះអ្វីៗជាបន្ទាប់នឹងរៀបរយ ព្រោះពួកគេធ្វើការបំរើប្រយោជន៍រាស្ត្រ គិតរឿងរួម ហើយបក្ស រឺមេបក្សលែងមានឥទ្ធិពលលើពួកគេ ជាងប្រជាពលរដ្ឋទៀតហើយ។  ប្រទេសរបស់យើងទាំងអស់គ្នាសោះ តែបែរជាត្រូវបុគ្គលតែម្នាក់ រឺមនុស្សមួយក្រុមក្តោបក្តាប់​តែឯង ហើយមកកៀបម្ចាស់ប្រទេសឯណេះជិតដាច់ខ្យល់ ។ នេះមិនមែនគ្រាន់តែជាទុក្ខវេទនារបស់ពលរដ្ឋនៃប្រទេសមួយនោះទេ តែវាជាភាពអាម៉ាសយ៉ាងខ្លាំងក្លា ដែលពូជសាសន៍មានចំនួនរាប់លាននាក់ តែត្រូវបានមនុស្សតែ ២-៣ នាក់ដឹកមុខ បំពុល បំផ្លាញ បន្លប់បន្លំស្រេចតែនឹងក្បាលចិត្តរបស់គេទៅវិញ។

ដូច្នោះការដោះស្រាយនូវបញ្ហានេះ ក៏ដូចជាទៅលើវិស័យដទៃដែរ គឺត្រូវមានការរៀបចំប្រពន័្ធរដ្ឋបាលសាធារណៈមួយ ដែលមានលក្ខណៈខ្លី ខ្លឹម ភ្លឺថ្លា និងមានប្រសិទ្ធិភាព ជាមុនសិន។ ដំណោះស្រាយនោះ គឺមានតែមានប្រជាពលរដ្ឋខ្មែរទេ ដែលអាចដោះស្រាយរួចនោះ ពោលគឺការយល់ដឹងរបស់ប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចការនយោបាយ និងមានយន្តការធ្វើអោយប្រព័ន្ធដឹកនាំមានប្រសិទ្ធិភាព អោយក្លាយទៅច្បាប់ដើម្បីបំបែកការប្រមូលផ្តុំអំណាចរដ្ឋ ដែលក្នុងនោះគឺអំណាចទាំងបី ( អំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ) អោយឯករាជ្យពីគ្នាផង និងដើម្បីធានាតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចប្រជាពលរដ្ឋផង។

ការបំបែកអំណាចប្រមូលផ្តុំ ធានាអោយមានការផ្តល់សិទ្ធិ និងអំណាច ហើយទម្លាក់ការទទួលខុសត្រូវទៅអោយស្ថាប័នដែលនៅជិតប្រជាពលរដ្ឋ។ លើសពីនេះទៅទៀត អំណាចនៃការសម្រេចជោគវាស​នាប្រទេសជាតិសិ្ថតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ពេលតាមរយៈអ្នកតំណាងនៅថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្តរាជធានី និងជាតិ។ ហើយរាល់ការសម្រេចទាំងកិច្ចការដឹកនាំរដ្ឋ និងកិច្ចការអភិវឌ្ឍជាតិលើគ្រប់វិស័យត្រូវធ្វើឡើងតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ប្រជាពលេដ្ឋដែលជាម្ចាស់ប្រទេស៕

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top