វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

8/16/14

ទស្សនៈ ៖ ឈ្នះ​ខ្លួន​ឯង ទើប​ប្រជាពលរដ្ឋ​ខ្មែរ​ឈ្នះ​ !

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  8/16/2014 11:14:00 PM

ប្រជា​ពល​រដ្ឋ​កំពុង​បោះ​ឆ្នោត និង​តម្រង់​ជួរ​រង់​ចាំ​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​មុន​។ រូបថត ម៉ៃ វីរៈ​

​គិតចាប់ពី​ក្រោយ​របប​ខ្មែរ​ក្រហម​មកទល់ពេលនេះយើង​សង្កេត​​​ឃើញ កីឡាករ​នយោបាយ​ជើង​ចាស់​ខ្មែរ​ទាំងអស់ សុទ្ធតែ​ចាញ់​ក្រោ​ម​​​កណ្តាប់ដៃ​​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នក​ដែល​ចាញ់​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​ជាប់អន្ទាក់​ទី​១ របស់​គណបក្ស​ប្រជាជន ហើយ​បើទោះជា​អ្នកចាញ់​ទាំង​នោះមាន​ខ្លះ​ខំ​ស្រែកថា ខ្លួន​មិន​ចាញ់​ទេ និង​ថា​ជា​អ្នកឈ្នះ ហើយ​នៅតែ​ជា​អ្នកខ្លាំង​ក៏ដោយ​។
ការខំ​ប្រឹង​បំពង​សំឡេង​បែប​នេះ វា​គ្រាន់តែ​ជាការ​បិទបាំង​ការពិត និង​បន្លប់​អ្នកគាំទ្រ​ដ៏​ស្មោះត្រង់​របស់ខ្លួន​តែ​ប៉ុណ្ណោះ​។ តាមពិត ពួកគេ​បានដឹង​យ៉ាង​ច្បាស់​ថា ខ្លួន​ប្រកួត​មិន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយថែម​​ដឹងថា​ខ្លួន​បាន​ចាញ់​ឬ​ជាប់អន្ទាក់​គណបក្សកាន់អំណាច​នេះ​រួចទៅហើយ​។
​អ្នកចាញ់​គណបក្ស​ប្រជាជន​កម្ពុជា រួមមាន គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​លោកតា​សឺ​ន​ សាន គណបក្ស​សមរង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​ថ្មីៗ​នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​...។ ក្រុម​អ្នក​ទាំង​នេះបាន​ចាញ់​ក្នុង​ក្បាច់​តែមួយ​របស់​គណ​បក្ស​ប្រជាជននិង​ចាញ់​ដោយសារ​តែ​ឥរិយាបថ​របស់​ពួកគេ​ប្រព្រឹត្ត​ដដែលៗ ដូចៗ​គ្នា​។ នោះគឺ​អន្ទាក់​ទី​១ របស់​គណ​បក្ស​ប្រជាជន ដែល​តែងតែ​ប្រើនិង​នៅតែ​បន្ដ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព ​គឺ​ការទិញ​ជា​លុយ​និង​ការផ្តល់​តំណែង​តួនាទី​ដល់​គូប្រកួត​របស់ខ្លួន​។
រីឯ​អ្នកចាញ់​ទាំងនោះ​ គឺ​ចាំតែ​ដើរ​សម្លឹង​ស្វែងរក​លាភសក្ការៈ បុណ្យ​ស័ក្ដិ តួនាទី​ផ្សេងៗ ពី​ក្នុង​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​។ ឥរិយាបថ​ដដែល​ៗ​​​របស់​អ្នកចាញ់​ទាំងនោះ គឺ​ចូលប្រឡូក​ក្នុង​នយោបាយ ក៏​ព្រោះតែ​ប្រយោ​ជន៍​​ផ្ទាល់ខ្លួន​ដូចៗ​គ្នា​។
អ្នកចាញ់​ទាំងនោះ លាងខ្លួន​មិន​ស្អាត ដូច្នេះ​គេ​មិនអាច​ទៅ​សម្អាត​អ្នកដទៃ​បានឡើយ​។ ពួកគេ​មិន​បាន​សម្អាត​ខ្លួនឯងជាមុនសិន​ទេ ប៉ុន្តែ ​បែរជា​ប្រើ​ភាពមិន​ស្អាត​ឬ​ខុសឆ្គង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ប៉ង​ទៅ​ដណ្ដើម​ជ័យជម្នះ​ពី​គណបក្ស​ប្រជាជន​ទៅវិញ​។
ដោយ​រំពឹង​ទៅលើ​ការ​អួតអាង ថា​ខ្លួន​ខ្លាំង​ត្រង់នេះ​ឬ​ខ្លាំង​ត្រង់នោះ ពួក គេ​ចង់​ផ្ដួល​គណបក្ស​ប្រជាជន ដោយ​ការ​លើក​ពី​គុណវិបត្តិ​គណបក្ស​គូប្រជែងនេះ ដូច​ជា អំពើពុករលួយ បក្ខពួកនិយម ការ​កាប់បំផ្លាញ​ព្រៃឈើ ការលក់​ទ្រព្យសម្បត្តិ​ជាតិ ការរំលោភ​សិទ្ធិមនុស្ស បញ្ហា​លំហូរ​អន្ដោប្រវេសន៍​យួន​ខុសច្បាប់ ហើយ​និង​ការ​រំលោភ​​ដីធ្លី​ប្រជាពលរដ្ឋជាដើម​ធ្វើ​ជា​យុទ្ធសាស្ត្រ​។
​ពិតណាស់​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​យ៉ាង​ច្រើន ដែល​សូម្បី​លើកយក​តែមួយ​ករណី​មក​និយាយ ក៏​សមល្មម​នឹងត្រូវ​ផ្លាស់ប្ដូរ​ចេញ​ពិត​មែនហើយ ប៉ុន្តែ សួរថា បើ​អស់ពី​គណបក្ស​ប្រជាជន​ទៅ តើ​កីឡាករ​នយោបាយ​ជើងចាស់​ដែល​ចាញ់ៗ​ទាំងនោះ គិត​​ចង់​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅណា​វិញ​? ទៅ​ដោយ​របៀប​ណា​? ដូច​នេះ អ្នកថ្មី​ដាច់​ខាត​ត្រូវតែមាន​គុណសម្បត្តិ​លើសពី​​គណ​បក្ស​ប្រជាជន​កម្ពុជា​​​មាន។
​ប៉ុន្តែ បើ​សម្លឹងមើល​កីឡាករ​នយោបាយ​ខ្មែរ​វិញ​? ពួកគេ​ហាក់​គ្មាន​ភាពខ្លាំង​ផ្ទាល់​ខ្លួន​ឡើយ ពួកគេ​ចេះ​ត្រឹម​ស្រែកជេរបញ្ឆេះ​​​កំហឹង​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​ស្អប់​គណបក្ស​ប្រជាជន​ញញឹម​ពេញចិត្ត ព្រោះ​ពាក្យ​ជេរ​ទាំងនោះត្រូវចិត្ត​ពួកគាត់​តែប៉ុណ្ណោះ​។ កីឡាករ​នយោបាយ​ជើងចាស់ ទាំងនោះ ក្រៅពី​បង្អើល​នាំ​ប្រជាពលរដ្ឋ​ចេញពី​គណបក្ស​ប្រជាជន​គេ​ក៏​ពន្យុះ​ប្រជាពលរដ្ឋ ដោយ​ប្រើ​នុយជា​ពាក្យ​សន្យាថា គេ​មាន​ឆន្ទៈ​ក្នុង​ការគោរព​និង​បម្រើ​ឆន្ទៈ​រាស្ដ្រ​។​ល​។និង​។ល។​
​ខណៈដែល​ប្រមុខ​ដឹកនាំ​ក្រុម គ្មាន​ទាំង​បេះដូង​ថា នឹងជួយ​ស្រោចស្រង់​ជាតិ​ពិត​ប្រាកដ គេ​គ្មាន​ទាំង​ទស្សនវិស័យថា​តើ​ គេ​នឹង​ស្រោចស្រង់​ជាតិ​ទៅណា​? ចំណុច​ចាប់​ផ្ដើមចេញពី​​ណា​? ទៅដោយរ​បៀ​ប​ណា​? ធនធានមនុស្ស​បែបណា (​លក្ខ​ណ​​​សម្បត្តិ​នៃ​កីឡាករ​នយោបាយ​) ដែល​នឹង​ទៅ​អនុវត្ត​ផែនការ​របស់គេ​? កីឡាករ​ដែល​​ចាញ់ៗ​ទាំងនោះ មិនបាន​ពង្រឹងភាព​ខ្លាំង​ផ្ទាល់​របស់គេ​ឡើយ ផ្ទុយទៅវិញ ពួកគេ​ជឿ​ជាក់​​ថា ប្រជាពលរដ្ឋ​ល្ងង់មុខតែ​តាម​មិនទាន់ មើល​មិន​ធ្លុះ​ និង​មិនអាច​យល់​ពី​ភាព​ពិត​ដ៏​កម្សោយ​របស់ខ្លួន​ទេ​ ហើយ​ទុក​ចិត្ត​ថា គេ​នៅ​អាច​រកស៊ី​ក្នុង​មុខ​ «​របរ​ធ្វើ​នយោបាយ​» នៅ​ស្រុក​ខ្មែរ​បាន​។ នេះ​ជា​ធម៌​ប្រមាថ ជា​ធម៌​នាំទៅរក​ក្តី​វិនាស ពោលគឺ «​វិនាស​ទាំង​ខ្លួនគេ ទាំង​ក្រុម​គេ និង​ជាតិ​ទាំងមូល​»​។​
​ចំណុចខ្សោយ​មួយទៀត​របស់​អ្នកចាញ់​ទាំងនោះ គឺ​ពួកគេ​មិនមែនជា​ក្រុម​ដែល​ឈ្នះ​ខ្លួនឯង​។ លក្ខណៈ​ដ៏​ខ្សោយ​មួយ​នេះ ធ្វើ​ឲ្យ​ពួកគេ​ជាប់អន្ទាក់​ទី​១ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ងាយ​។ ដូច​បាន​បង្ហាញជូន​ខ្លះ​រួចមកហើយ គណបក្ស​ប្រជាជន មាន​នុយ​បិទ​អន្ទាក់​របស់គេ រីឯ​ពួក​កីឡាករ​ជើងចាស់​ដែល​ចាញ់ៗ ដែល​ហក់​ចូលក្នុង​ទីលាន​នយោបាយ គឺ​ដើម្បី​តែ​ស្វែងរក​នុយនោះឯង ដូច្នេះ​លែង​អី​នឹងមិន​ជាប់អន្ទាក់​របស់​គណបក្ស​ប្រជា​ជន​? ពួកគេ​ទាំង​មេ ទាំង​កូនចៅ ដែល​មិនដែល​បានទទួល​ការអប់រំ​អំពី​មេរៀន​ជីវិត​​នោះ គឺ​មិនអាច​លោត​ចេញ​ពី​អន្ទាក់​នេះ​ផុត​ឡើយ​។ អ៊ីចឹង​បានជា ទោះ​ពួក​អ្នកចាញ់​ទាំងនោះ​ប្រកាស​ពី​យុទ្ធសាស្ត្រ​អី​ក៏ដោយ ទៅ​ទប់ទល់​នឹង​គ​ណ​បក្ស​ប្រជា​ជន ក៏​គណបក្សកាន់អំណាច​នេះ​មិនដែល​ព្រឺរោម​ដែរ​។
នៅ​ទីបំផុត គណបក្ស​ប្រជា​ជនបាន​បំបែក​យុទ្ធសាស្ត្រ​ដ៏​កម្សោយ​របស់​ពួក​ប្រឆាំង​បាន​ដោយ​ជោគជ័យ​និង​ដោយ​មោទនៈ​ទៀតផង​ ​ដោយសារតែ ការប្រើ​អន្ទាក់​ទី​១​របស់ខ្លួន​នេះ​។ គណ​បក្ស​ប្រជាជន​កម្ពុជាដឹង​ច្បាស់​ថា ពួក​កីឡាករ​នយោបាយ​ទាំងនោះ​លោត​រាំ​លើ​រេញគឺ​ដើម្បី​តែ​តថ្លៃ​ខ្លួន (​ដាក់ខ្លួន​ដេញថ្លៃ​) ពួកគេ​តែប៉ុណ្ណោះ​។​
​អ្នក​​ប្រឆាំង​មាន​ច្រើន​ក្រុម ប៉ុន្តែ ចរិត​នយោបាយ​​ពួកគេ​ដូចៗ​គ្នា គឺ​ជេរ លាប​ពណ៌ បំផ្លើស​ បំ​ផ្លោង កាច់​មួល បន្ទាប់មក​អួតអាង និយាយ​ពន្យុះ សន្យា​ខ្យល់ ចុង​ក្រោយ​ស៊ីនុយ​គេ​គ្រឹប ហើយ​ស្រែ​កលាង​គូទ​ថា ធ្វើ​ដើម្បី​បង្រួបបង្រួម​និង​ផ្សះផ្សា​ជាតិ​!!! នេះហើយ​ជា​ឥរិយាបថ​ទុច្ចរិត​របស់​កីឡាករ​នយោបាយ​ខ្មែរ​ដែល​ចាញ់​។ បើ​មើ​លពី​ក្រៅ​ យើង​ឃើញ​ពួកគេ​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ធាតុពិត​គឺ​ពួកគេ​ចាញ់​ខ្លួនឯង គឺ​ចាញ់​កិលេស​ខ្លួន​ឯង​តែ​ម្តង។ ដូច្នេះ ទោះជា​ពួកគេ​ប្រយុទ្ធ​ទល់​ស្លាប់​ខ្លួន​ទៀត​ ក៏​មិនអាច​យកឈ្នះ​គណបក្ស​ប្រជាជន​បានដែរ បើទោះជា​ការ​ចាញ់​របស់គេ មើលទៅ​ហាក់​មាន​រូប​ភាព​ខុសៗ​គ្នា​ខ្លះ​ក៏ដោយ​។
​តើ​នៅសល់​កីឡាករ​នយោ​បាយ​​ណាខ្លះ​ទៀត​? តើ​មាន​កីឡាករ​ថ្មី​ក្រៅពី​អ្នកចាញ់​មុន​​​ណា ដែល​អាច​ប្រយុទ្ធ​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្វៀន​នយោបាយ​ខ្មែរ​នេះ​ទេ​? កីឡាករ​នយោបាយ​ប្រ​ឆាំង​ចាស់ៗ ដែល​ប្រើតែ​យុទ្ធ​សាស្ត្រ​ចាស់​នោះ ត្រូវបាន​គណ​​បក្ស​ប្រជាជន​ស្គាល់​ក្រយៅ​អស់ហើយ ហើយ​គេ​ប្រើតែ​ក្បាច់​ដដែលៗ ក៏​អាច​បំ​បែក​ដោយ​ងាយ​ដែរ​។​
​តែបើ​នៅមាន​កីឡាករ​នយោបាយ​ណា​ចង់យក​ឈ្នះ​គណបក្ស​ប្រជាជន​វិញ​នោះ គប្បី​ត្រូវមាន​លក្ខណៈ​ខុសពី​កីឡាករ​ដែល​ធ្លាប់​ចាញ់​គណបក្ស​នេះ​។ ច្បាស់​ណាស់​ថា គេ​ត្រូវតែមាន​លក្ខណៈ​ខុសពី​អ្នក​មុនៗ ប៉ុន្តែ មិនមែន​គ្រាន់តែ​ខុសពី​អ្នក​មុន គេ​អាច​ឈ្នះ​គណបក្ស​នេះ​បាន​ងាយ​ៗទេ​។
សូមបញ្ជាក់ថា អ្នក​ដែល​ដឹងថា​ដើរ​ផ្លូវ​មួយ​នោះ​ខុស មិន​ប្រាកដ​ទេ​ថា គេ​អាច​ដឹងថា​ផ្លូវត្រូវ​នៅទីណា​? ដឹងថាផ្លូវ​ណាមួយ​ខុស គឺជា​ដំណាក់កាល​ទីមួយ ដឹងថា ផ្លូវ​ណា​មួយ​​ជា​ផ្លូវ​ត្រឹមត្រូវ វា​ជា​ដំណាក់កាល​មួយ​ទៀត ​ដាច់ដោយឡែក​ពីគ្នា​។
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​ចាំបាច់​​ណាស់ យើង​ត្រូវ​ស្គាល់​បញ្ហា​នោះ​ជាមុន គឺ​​យើង​អាច​កំណត់​បញ្ហា អាច​កំណត់​ប្រ​ភព​នៃ​បញ្ហា មាន​ទស្សនវិស័យ​ដោះ​ស្រា​យ​​​បញ្ហា ហើយ​ចុងក្រោយ​យើង​ត្រូវ​ឈានទៅ​ដោះស្រាយ​បញ្ហា​នោះ​។ បើ​មិន​ដូច្នោះ​ទេ គឺ​និយាយ​ដូច​អត់​បាន​មានប្រសាសន៍​ជា​មិន​ខាន​។
មាន​ចំណុច​ពីរ​ដែល​កីឡាករ​​នយោបាយ​ថ្មី ត្រូវធ្វើ​ដើម្បី​ឈ្នះ​គណបក្ស​ប្រជាជន ឬ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នកឈ្នះ​យ៉ាង​ពិតប្រាកដ​។ កីឡាករ​ថ្មី​ត្រូវតែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះដឹង​អំពី​នយោបាយនិង​ពន្យល់ពលរដ្ឋ​ឲ្យ​មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​វាសនា​ប្រ​ទេ​ស​ជាតិ ពិសេស​ ឲ្យ​មានការ​យល់ដឹង​អំពី​មេរៀន​ជីវិត​។
​ដំណោះស្រាយ​ថ្មី​នេះ មិន​ត្រឹមតែ​ប្តូរ​របៀប​ចាស់​ចេញ​ទេ ក្រុម​ថ្មី​នេះ​ត្រូវមាន​ទាំង​បេះដូង​ថ្លា​ស្អាត និងហក់​ចូល​ទីលាន​នយោបាយ​ដោយ​បេះដូង​សង្គ្រោះ ចង់​ជួយ​ជាតិ​មែនៗ ដោយ​សុចរិត ថែមទាំង​មាន​ទស្សនវិស័យ​មុត​ស្រួច ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​ថែមទៀត​។
​កីឡាករ​នយោបាយ​ថ្មី​គប្បីសម្លឹង​ឲ្យ​ឃើញថា លើសពី​ការរំលោភ​សិទ្ធិមនុស្ស ការបំផ្លាញ​ធនធានធម្មជាតិ អំពើ​ពុក​រលួយ​តាំង​ពីលើ​ដល់​ក្រោម ភាពឥត​ការ​ងារ​ធ្វើ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​រត់​ទៅធ្វើ​ជា ក​ញ្ជះ​គេ​នៅ​បរទេស បញ្ហា​ទំនិញ​ឡើងថ្លៃ កំណើន​នៃ​ភាពក្រីក្រ លំហូរ​មិន​ឈប់ឈរ​នៃ​អន្ដោប្រវេសន៍​យួន​ខុសច្បាប់ ជាដើម នោះ​ វា​គ្រាន់តែ​ជា​មែកធាង​នៃ​បញ្ហា​តែ​ប៉ុណ្ណោះ​។
ក្រុម​ថ្មី​នេះ​ត្រូវ​កំណត់​នូវ​បញ្ហា​គោល​របស់​ខ្មែរ​ដោយឡែក​អំពី​អ្នកចាញ់​មុនៗ នោះ គឺ​​បញ្​ហា​នៃ​អំណាច​ប្រមូលផ្ដុំ ដែល​ការដោះស្រាយ​បញ្ហា​ជាតិ​ស្ថិត​តែ​នៅ​ក្នុង​​ដៃ​បុគ្គល​ម្នាក់​ឬមួយ​ក្រុម​​តូច​។ និយា​យ​​ជារួម មាន​ស្ដេចត្រាញ់​មួយក្រុម​កំពុងតែ​អង្គុយ​ក្រៅ​សំណាញ់​ច្បាប់​។ ​
នេះ​ហើយ ដែល​នាំទៅរក​ការដឹក​នាំ​តាមបែប​ផ្ដាច់ការ​។ នេះ​ជា​បញ្ហា​! បញ្ហា​ខ្មែរ​គឺ​«​អំ​ណាច​ប្រមូលផ្ដុំ​»​នេះ​។ ប្រភព​នៃ​បញ្ហា​នេះ​គឺ​មកពី​គ្មាន​តុល្យភាព​អំណាច​រវាង​អ្នក​កាន់ការ​ងារ​ស្រុកទេស​និង​ប្រជាពលរដ្ឋ​។
ទស្សនវិស័យ​នៃ​ការដោះស្រាយ​បញ្ហា​នេះ គឺ​បំ​បែក​​អំណាច​ដែល​ប្រមូល​នេះ ក្នុងន័យ «​កាត់បន្ថយ​អំណាច​រដ្ឋ​ស្មើនឹង​ប្រជាពលរដ្ឋ​មានអំណាច​»​។ ប្រជាពលរដ្ឋ​មានអំណាច មានន័យថា ប្រជាពលរដ្ឋ​ជា​អ្នកចាត់ចែង​កិច្ចការ​ប្រទេសជាតិ ក្នុងនាម​ជា​ម្ចាស់​ប្រទេស ម្ចាស់​អំណាច តាមរយៈ​តំណាង​។
ចំណុច​ចាប់ផ្ដើមដំបូង​គឺ​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ពី​ការយល់ឃើញ​ទាំងនេះ ដើម្បី​ទាញយក​កម្លាំង​ចូល​រួម​មក​ដោះស្រាយ​បញ្ហា​គោល​របស់​ខ្មែរ គឺ​ដោះ​ស្រាយ​បញ្ហា​ដែល​អំណាច​កំពុងតែ​ប្រមូលផ្តុំ​។
​តាំងពីដើម​រៀងមក ដោយសារតែ​នៅលើ​រេញ​នយោ​បាយ យើង​ឃើញ​មានតែ​ក្រុម​កីឡាករ​នយោ​បាយ​អាត្មានិយម ធ្វើ​នយោបាយ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន លាភសក្ការៈ លុយកាក់ បុណ្យ​ស័ក្ដិ អំណាច តួនាទី បោកប្រាស់​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង អស់​ពីមួយ​អាណត្តិ​ បន្ដ​ទៅ​មួយ​អាណត្តិ ទើប​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​អស់​ទឹកចិត្ត គិតថា នយោបាយ​ជាន​យោ​បោក ន​យោបាយ​ ជា​ឧបាយ រ​កបាយ​ហូប នយោបាយ​ជា​មុខរបរ​រកស៊ី ហើយក៏​លេច​ឮថា អាណា​ក៏​ដូច​អាណា​!​ (​បោកប្រាស់​ដូច​តែ​​គ្នា​)​។
ទាំងនេះហើយ​សុទ្ធតែ​ភាព​អសកម្ម​របស់​ប្រ​ជាពលរដ្ឋ​ខ្មែរ​។ ប៉ុន្ដែ ក្នុងន័យ​ត្រឹមត្រូវ នយោបាយ​ជា​សិល្បៈ​នាំទៅ​សម្រេច​គោលដៅ​! ហើយ​គោល​ដៅ​នោះ​ទៀតសោត គឺ​ដើម្បី​ប្រយោជន៍​ជាតិ​ទាំង​មូល​។ កាលណា​និយាយ​ពី​ប្រយោជន៍​ជាតិ គឺគេ​និ​យាយ​ពី​ប្រយោជន៍​មនុស្ស​ភាគច្រើន​ក្នុងប្រទេស​។ ប្រជាពលរដ្ឋ​​ភាគច្រើន ពិសេស​ក្រុម​ប្រជាពលរដ្ឋ​ក្រីក្រ អាស្រ័យ ហេតុនេះការធ្វើ​នយោបាយ​ដើម្បី​ប្រយោជន៍​រួមខណៈ​នេះ ​គឺការ​ធ្វើ​នយោបាយ​គិត​ដល់​ប្រយោជន៍​​ជន​​ក្រីក្រ​ភាគច្រើន​​ក្នុង​ប្រទេស​។ ​
ផ្អែកលើ​បរិបទ​ពិភពលោក​សព្វថ្ងៃ លទ្ធិប្រជា​ធិប​តេយ្យ​ជា​ទម្រង់​នៃ​ការដឹកនាំ​រដ្ឋ​មួយ ដែល​ត្រូវ​ប្រ​ទេស​ជាច្រើន​លើ​សកលលោក​ទទួល​យក​ថា ជា​ទម្រង់​ដែល​សមស្រប​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។
តើ​ប្រទេស​កម្ពុជា​ត្រូវ​ទទួលយក​ទម្រង់​នៃ​ការដឹកនាំ​រដ្ឋ​តាម​លទ្ធិប្រជាធិបតេយ្យ ហើយ​ឬ​យ៉ាង​ណា​? ចម្លើយ គឺ​មិនមែន​បែបនេះ​មួយរយ​ភាគ​រយ​ទេ​។ ដូច​​ជម្រាប​ជា​តម្រុយ​ខ្លះៗ​ថា កីឡាករ​នយោបាយ​ថ្មី​ត្រូវធ្វើ​នយោបាយ​ដើម្បី​ប្រ​យោជន៍​រួម គឺប្រយោជន៍​ពលរដ្ឋ​ភាគច្រើន​ នោះ​ហើយ​គឺជា​លំនាំ​នៃ​ការដឹកនាំ​ប្រទេស​តាម​បែប​ប្រជាធិបតេយ្យ​។
ពិតណាស់ថា «​មិនមាន​ការចូលរួម គឺមិនមាន​ប្រជាធិបតេយ្យ ប៉ុន្ដែ មិនមែន​គ្រប់​តែ​ការចូលរួមសុទ្ធតែ​ប្រជាធិបតេយ្យ​នោះឡើយ​»​។ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចូលរួម​ដឹង ឮ​បញ្ហា​ប្រទេសជាតិ​ជា​រឿង​ចាំបាច់​។ ត្រង់នេះអាច​​បញ្ជាក់ថា វា​លើសពី​ប្រជាធិបតេយ្យ លើសពី​ការ​ចូលរួម តែ​គឺ​«​ការចូលរួម​ដោយ​ការ​យល់​ដឹង​»! ជា​ការចេះ​គ្រប់គ្រង​វាសនា​របស់ខ្លួន​ម្នាក់ៗ រួមទាំង​ការ​ចេះ​គ្រប់គ្រង​វាសនាប្រទេសជាតិ​ទាំងមូល ដោយ​ប្រជាពលរដ្ឋ​ខ្លួនឯង​ផ្ទាល់ ស្រប​តាម​គតិ​បណ្ឌិត រ​បស់​ប្រ​ធានា​ធិបតីសហរដ្ឋ​អាមេរិក អា​ប្រា​ហាម លីន​ខូ​ល ដែលថា «​រដ្ឋាភិ​បាល​ប្រជាធិបតេយ្យ​ គឺ​កើតចេញពី​ប្រជាពលរដ្ឋ ជារបស់​ប្រជាពលរដ្ឋនិង​ដើម្បី​ប្រជាពលរដ្ឋ​!»​
​នយោបាយ​ប្រជា​ភិ​ថុ​ត ជា​ប្រភេទ​នៃ​ការធ្វើ​នយោ​បាយ​ដែល​ដើរ​ប​ញ្ជ្រា​សទិស ​១៨០ ​អង្សា ជាមួយ​របៀប​ធ្វើ​នយោបាយ​បែប​ថ្មី​នេះ​។ គ្មាន​ទៀត​ទេ មេ​ដឹកនាំ​និង​អ្នកដើរ​តាម មានតែ​«​ទាំងអស់គ្នា ដើម្បី​ទាំងអស់គ្នា​»​។ ក្នុងន័យនេះ កីឡាករ​នយោបាយ​ថ្មី​គប្បី​​យល់ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​មក ​“​រួម​គិត​​ទាំងអស់គ្នា ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ខ្មែរ​បែប​ណា​?​ តាម​របៀប​ណា​? រួម​គិត​ រួចហើយ ពួកយើង​ត្រូវតែ​“​រួម​ធ្វើ​គឺ​គ្មាន​អ្នក​ចាំតែ​ថានិង​គ្មាន​អ្នកស៊ីឈ្នួល​ធ្វើ​ឡើយ​។ រួម​ធ្វើ​រួចហើយ ពួកយើង​ត្រូវតែ ​“​រួម​ទទួលខុសត្រូវ​គឺ​ទទួល​ខុស​ត្រូវ​​រាល់​ទង្វើ​របស់​យើងទាំងអស់គ្នា​។
​ប្រព័ន្ធ​តុល្យភាព​អំណាច​នឹង​បន្សុទ្ធ​តួនាទី​ណា​មួយ​​ដែល​ពួកគេ​ទទួលបាន​ឲ្យ​នៅសល់​ត្រឹមតែ​ការ​ទទួលខុសត្រូវ មិនមែនជា​កៅអី​ខ្លាញ់​ទៀត​ទេ​។ កីឡាករ​នយោបាយ​រូប​ណា​ ដែល​មានបំណង​ចង់​មក​អង្គុយ​លើ​កៅអី​នោះ ត្រូវ​ស្ទាប​បេះដូង​របស់ខ្លួន​ជាមុនសិន​ ថា​តើ​ខ្លួន​ពិត​ជាមាន​បេះដូង​សង្គ្រោះ​​មែនឬ​យ៉ាងណា​? ការ​ត្រឹម​តែកើតមក​ដាក់ឈ្មោះ​ខ្លួនឯង​ថា ឈ្មោះ​លោក​ជួយ លោក​សប្បុរស លោក​សង្គ្រោះ មិនទាន់​គ្រប់គ្រាន់​ទេ​។ ការពង្រឹង​ចំណេះ​ដឹង​​ប្រជា​ពល​រដ្ឋ​នឹងធ្វើ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ដល់​ការរស់​នៅ​​របស់​ប្រជាពលរដ្ឋ​។
កាលបើ​ធ្វើ​បែបនេះហើយ ហើយ​ពេល​បោះឆ្នោត​បន្ទាប់ៗ​ទៀត បើ​គណបក្ស​ប្រជាជន​នៅតែ​ឈ្នះឆ្នោត នោះ​ក៏​ការងារ​នេះ​នៅ​តែមាន​ប្រយោជន៍​សម្រាប់​ជាតិ ព្រោះ​​ពលរដ្ឋ​បាន​យល់ដឹង​និង​ចូលរួម​ទទួលខុសត្រូវ​ជោគ​វាសនា​ប្រទេសជាតិ​ទាំងអស់គ្នា។
​យើង​មានជំនឿថា នៅពេល​ប្រជាពលរដ្ឋ​មានការ​ទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​សង្គមជាតិ ទោះ​ជា​គណបក្ស​ប្រជាជនចង់​ធ្មេចភ្នែក​មិន​ធ្វើកំ​ណែ​ទម្រង់​ខ្លួន​ក្តី​ ក៏​ប្រជាពលរដ្ឋ​ដែលមាន​ការ​យល់ដឹង មិន​ធ្មេច​ភ្នែកទម្លាក់​សន្លឹកឆ្នោត​គាំទ្រ​បន្តទៀត​ដែរ​។​
​មួយទៀត ការពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​មេរៀន​ជីវិត​។ ការយល់ដឹង​ពី​ជីវិត គឺ​ឲ្យ​មានធម៌​ក្នុង​ខ្លួន ដែល​អន្ទាក់​ទីមួយ​របស់​គណបក្ស​ប្រជាជន​មិនអាច​ដាក់​ជាប់​។ ធម៌​ឈ្នះ​ខ្លួនឯង​គឺជា​ធម៌​សម​ស្រប​​បំផុត សម្រាប់​ចូលរួម​ក្នុង​ចលនានយោបាយ​​ស្នូល​។ តើ​អ្វី​ជា​មេរៀន​ជីវិត​? ជីវិត​កើតមក​មានតម្លៃ​ខ្លាំងណាស់ នរណា​ក៏​ស្រឡាញ់​ជីវិត​ដែរ តែ​ដោយ​សារតែ​ស្រឡាញ់​តែ​ជីវិត​ខ្លួន​ហ្នឹងហើយ ទើប​មនុស្ស​ចាប់ផ្ដើម “​ធ្វើយ៉ាងណា​ក៏ដោយ​ឲ្យ​តែ​ជីវិត​អញ​រស់​! បើ​កើតមក​ក្រ​ ក៏​ក្រ​អ៊ីចឹងទៅ​! បើ​គេ​មានអំណាច គេ​ធ្វើ​អី​ស្រេច​តែ​គេ​ទៅ​!...​។ រស់​បែប​ៗ​​នេះ​មិនមែន​រស់​ទេ តែ​គឺ​មក​ដកដង្ហើម​បង្ហិន​តែ​អុក​ស៊ី​សែន រស់​បែបនេះ​ធ្ងន់​ផែនដី​ណាស់ មិន​សម​នឹង​តម្លៃ​ដែល​កើត​មកជា​មនុស្ស​ទេ​។
​ជីវិត​ជាការ​ចែករំលែក​។ ជីវិត​គឺ​​ជា​​ប្រយោជន៍​។ ជីវិត​ពេញលេញ ជា​ជីវិត​ដែលមាន​បុព្វហេតុ​ជីវិត​។ អំឡុងដែល​នៅ​មាន​ជីវិត​មនុស្ស​គួរ​ណាស់​តែ​រស់​ជាមួយគ្នា​ដោយ​មេ​ត្ដា​ករុណា អាណិត​ស្រឡាញ់ ជួយ​គ្នា​ទៅវិញទៅមក​។ អ្វីៗ​លើ​ផែនដី​នេះ រួមទាំង​ផែនដី​ខ្លួន​វា​ផង សុទ្ធ​តែ​មាន​ទំនាក់ទំនង​គ្នា​ទៅវ​ិញ​ទៅមក​។ ការ​គិតតែ​ប្រយោជន៍​ខ្លួន ក្រុមគ្រួសារ​និង​បក្ខពួក​ខ្លួន ជាការ​រស់នៅ​ដែល​ផ្ទុយ​នឹង​ច្បាប់​ធម្ម​ជាតិ​ដែល​នាំទៅរក​ការរីកចម្រើន​។ ការ​ឈ្នះ​ខ្លួនឯង គឺ​ការចេះ​ចាប់ផ្ដើម​រៀន​រស់​ពិចារណា​អំពី​ជីវិត​ (​ការ​ផ្គុំ​នៃ​កំណើត​) អំពី​បុព្វហេតុ​ជីវិត ហើយ​ឧទ្ទិស​ខ្លួន​ដើម្បី​មនុស្សជាតិ​។
មនុស្ស​បែប​នេះមិនអាច​ធ្មេច​ភ្នែក​សោយសុខ​លើ​គំនរ​ឈឺចាប់​របស់​ជន​រួម​ឈាម​ខ្លួន​បានទេ មិនអាច​បង្កើត​គំនរ​អកុសល​លោភៈ ទៅ​ត្របាក់​នុយ​របស់គេ​បានទេ មនុស្ស​បែបនេះ​មិន​លក់ខ្លួន​ទេ គេ​មិន​ប្ដូរ​តម្លៃ​ខ្លួន​នឹង​បុណ្យ​ស័ក្ដិ លាភ​សក្ការៈ តំណែង​តួនាទី​ឡើយ​។
មនុស្ស​បែបនេះ​ហើយ ដែល​អន្ទាក់​ទីមួយ​របស់​គណបក្ស​ប្រជាជន មិនអាច​ដាក់​គេ​ជាប់​។ ពេលដែល​កីឡាករ​នយោ​បាយ​​អាច​ឈ្នះ​ខ្លួនឯង នោះគេ​នឹង​ប្រែក្លាយ​ពល​របស់គេ ជា​ពល​ដែលមាន​វិន័យ និង​ឈ្នះ​ខ្លួនឯង​។ ការធ្វើ​នយោបាយ​បែបនេះ មិន​ធ្វើ​ឲ្យ​មានការ​ខូច​ខាត​អី​ដល់​ជាតិ​ឡើយ​។
​និយាយ​រួម គ្រប់​កាលៈទេសៈ​នយោបាយ​បែប​ថ្មី​របស់​យើង​នេះ សុទ្ធតែ​នាំមក​នូវ​ផល​ល្អ ភាព​រីក​ចម្រើន​ដល់ស្រុកទេស ដែល​នោះ​ទើប​ជា​ជ័យជម្នះ​ពិតប្រាកដ​សម្រាប់​ខ្មែរ​ឬក៏​អាច​និយាយបានថា ជា​ជោគជ័យ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ នោះ​គឺជា​ការ​ឈ្នះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ​។ ជ័យ​ជម្នះ​នេះ​នឹងមិន​ប្រើ​ឈាម​ប្រជាពលរដ្ឋ​ទេ​។
ក្នុង​ករណីនេះ​អ្នកឈ្នះ ក៏មាន​ភាពរឹងមាំ​ល្មម​គ្រប់គ្រាន់ អាចដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​បាន ព្រោះ​ពល​យើង​ខ្លាំង ប្រកបដោយ​គុណភាព​រួចទៅហើយ​។ បើសិនជា​ឈ្នះឆ្នោត​ហើយ បែ​រជា​គេ​មិន​ឲ្យ​អំណាច ក៏​វា​គ្មាន​ការខូចខាត​អី​ដល់​ជាតិ​ដែរ ព្រោះ​ការធ្វើ​ឲ្យ​ពលរដ្ឋ​ចេះដឹង គឺ​ល្អ​សម្រាប់​ជាតិ មាតុភូមិ​គ្រប់​កាលៈទេសៈ​។​
​បើ​អ្នក​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ក្នុងសង្គម​ពិត​ប្រាកដ អ្នក​ត្រូវ​ចូល​រួម​ដោយ​ការយល់ដឹង និង​ដោយ​ការទទួលខុសត្រូវ​៕

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top