វាជាការពិតមួយដែលគ្មាននរណាម្នាក់អាចប្រកែកបានឡើយ
ដែលថានៅក្នុងសង្គម
រឺប្រទេសមួយវាតែងតែមានប្រជាពលរដ្ឋដែលចេះគិតគូរអំពីបញ្ហាប្រទេសជាតិ
ចូលរួមអភិវឌ្ឍស្រុកទេស និងក្រុមពលរដ្ឋមួយចំនួន ដែលរស់ចាំតែដេកស៊ីទទួលផលស្រាប់ៗ រស់នៅជាទម្ងន់ដល់សង្គម
រស់នៅជាមេរោគ ជាកាកសំណល់បំផ្លាញសង្គម មនុស្សក្រៅសង្គម ឬ ពពួកឈ្លើងជញ្ជក់ឈាមសង្គម គ្មានខ្វាយខ្វល់អំពីរឿងជាតិមាតុភូមិអ្វីបន្តិចសោះ។
គ្មានអ្វីចំឡែកនោះទេដែលមានកូនគ្មានបានការ និយាយពិបាកស្តាប់គ្នា
កើតមកមិនបានជាប្រយោជន៍ ចំរុងចម្រើនដល់ក្រុមគ្រួសារនោះ តែអ្វីដែលសំខាន់គឺថា
តើគេអាចអប់រំកែប្រែកូនប្រភេទនេះបានដែរ រឺទេ? រឺបណ្តុះបណ្តាលបានដល់កម្រិតណា?
ត្រង់ចំណុចនេះ
បើមានជនជាតិសាសន៍នៃប្រទេសណាមួយ
ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន
មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន
មិនសូវចូលចិត្តចូលរួមគិតគូរនិងធ្វើអំពើល្អ ហើយគិតតែពីជឿ
គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម ភាពអាត្មានិយម
ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន វាគឺជាជោគជ័យដ៏មហាសាលរបស់មនុស្សអាក្រក់
និងជាឪកាសដ៏គគ្រឹគគ្រេល្អមួយនៃការឈ្លានពានរបស់បរទេសជិតខាង។
សង្គមខ្មែរ គឺជាសង្គមមួយ ដែលត្រូវបានគេមើលឃើញថា
មានប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គមនេះ
ជាប្រភេទមនុស្សដែលរស់នៅហៃអើទៅនឹងបញ្ហាដែលកំពុងកើតមាននៅក្នុងសង្គមរបស់ខ្លួន។
មិនត្រូវការនិយាយលើកសរសើរពីអ្នកស្នេហាជាតិពិតប្រាកដ
អ្នកចេះឈឺឆ្អាលនឹងកិច្ចការប្រទេស រឺវីរជនរបស់ជាតិសាសន៍មួយនេះ នៅត្រង់នេះទេ។ តែផ្ទុយទៅវិញ សូមលើកប្រាប់ពីចំណុចទន់ខ្សោយ
រឺចំណុចអាក្រក់ របស់ពួកមនុស្សដែលរស់នៅជាបន្ទុក ជាបន្លា និងជាដំបៅដល់សង្គមដ៏សែនស្មុគស្មាញមួយនេះ។
ពួកទី១ គឺពួកដែលចាំតែដើរបំផ្លាញ រឺហៅម្យ៉ាងទៀតដើម្បីឲ្យស្រួលស្តាប់គឺ
ពួកមាយាទថោក ។ ពួកនេះតែងមានទម្លាប់មួយ គឺដើរនិយាយស៊កសៀតដៀមដាម
មួលបង្កាច់គេបំផ្លើសការពិត ជាមនុស្សដែលគេលែងនិយាយតថ្លៃកើត ព្រោះវាថោកហួសកំរិត ។ ពួកមាយាទថោកឥតធ្វើការងារ
ដែលនាំអោយខ្លួនជាមនុស្សថ្លៃថ្នូរនោះទេ ប៉ុន្តែចង់បានពាក្យថ្លៃថ្នូរយកប្រើណាស់
ហើយចង់អោយគេសរសើរថាខ្លួនជាមនុស្សដែលមានភាពថ្លៃថ្នូរ ហើយប្រភេទពួកហ្នឹងភាគច្រើនជាមនុស្សមានបញ្ញា
ចេះដឹង មានសញ្ញាប័ត្រធំនៅក្នុងសង្គម។ ហើយពួកហ្នឹង ឥតប្រព្រឹត្តអំពើល្អនោះទេ
ក៏ប៉ុន្តែចង់បានឈ្មោះល្អយកទៅប្រើណាស់ បើជាអ្នកនយោបាយវីញ
គឺធ្វើនយោបាយបោកតែរាស្រ្តខ្មែរឯងទេ
ភាពហ្នឹងសំបូរណាស់នៅក្នុងចំណោមអ្នកនយោបាយមួយចំនួន រាប់តាំងពីអ្នកនយោបាយដែលជាមេបក្សធំៗ
រហូតដល់សកម្មជនរបស់ខ្លួន។
ទោះបីជាមេបក្សរបស់គេ និយាយខុស មិនត្រឹមត្រូវយ៉ាងក៏ដោយ
សកម្មជនរបស់គេដែលមានចរិតមាយាទថោកហ្នឹង ទះដៃអបអរសាទរ ដើម្បីអី?
គឺដើម្បីទឹកចិត្តប្រជាពលរដ្ឋដទៃអោយជួយលើកដៃទះដៃអបអរសាទរដែរ ដែលបានទាំងដឹងហើយថា
មេបក្សរបស់ខ្លួននិយាយខុស ពួកចឹងគេហៅថាពួកមាយាទថោក។
មានសកម្មជនស៊ីឈ្មួលរបស់បក្សនយោបាយជាច្រើន ដែលគេដឹងថាមេបក្សរបស់គេធ្វើ និយាយខុស
ចរិតបែបហ្នឹង មិនព្រមធ្វើអំពើល្អទេ ប៉ុន្តែចង់បានមុខមាត់ល្អណាស់ ចង់បានឧត្តម
ចង់បានលោកជំទាវ ហើយនៅពេលមានគេពន្យល់ប្រាប់បើកបង្ហាញ ដោយមានហេតុផលថា បុគ្គលម្នាក់
បុគ្គលនោះប្រភេទ នេះអីចឹង អីចុះ ចាប់ផ្តើមយកជួកទៅលាបពណ៌គេភ្លាម
ថាអាហ្នឹងលក់ក្បាលទេ អាយ៉ងគេទេ ហើយរាប់ទាំងពីអ្នកដឹកនាំជាមេបក្សធំ
អ្នកនយោបាយកំពូលជាមេបក្សធំនីមួយៗ រហូតដល់សកម្មជនបក្សរបស់គេ។ បើសិនជាវាចង់ស៊ីសាច់ឆ្កែ
វានឹងដើរស្រែកប៉ផ្លេកប៉ភ្លូច ចោទថាឆ្កែនោះឆ្កួតទេ កុំទុកឲ្យនៅធ្វើអ្វី
នាំតែវាខាំគេខាំឯងគ្រប់គ្នា។ ឆ្កែហ្នឹងឆ្កួតទេ វាជាឆ្កែឆ្កួតៗៗ! ។
នេះបានដូចពាក្យគេថា “ចង់ស៊ីឆ្កែ
ចោទថាឆ្កែឆ្កួត” ។
មនុស្សធុនពួកវានេះ មិនធ្វើអំពើរល្អទេ តែចង់បានល្អមកដាក់ខ្លួន ។ មួយវិញទៀត
បើកាលណាវាឃ្លានស៊ីអាចម៍ វាធ្វើជា យកនំបុ័ងមកខ្ចប់អាចមន៍នោះ
ដើម្បីឲ្យអ្នកផងមើលមក
ឃើញហាក់បីដូចជាវាកំពុងកាន់នំបុ័ងស៊ីមែនទែនអញ្ចឹង តែតាមទៅមានឯណា នំបុ័ងស្នូលអាចម៌ទេតើ!!! ។
វាមិនខុសអីពីពួកដែលលបចាប់រំលោភកូនគេរួចហើយ ពេលគេទាន់ គេចាប់យកទៅសួរចុះសួរឡើង
វាធ្វើជាឆ្លើយថា ព្រោះតែស្រវឹងខ្លាំងពេក រឺ ព្រោះតែខ្មោចចូល រឺព្រោះតែមានជំងឺទាក់ទងនឹងប្រព័ន្ធប្រាសាទ
ឯណាឯណោះទៅវិញជាដើម។
នេះបានចំជាអាពួកក្បាលល្អ ខួរស្អុយ មានសណ្តានជាមនុស្សអាក្រក់
ធ្វើទង្វើអាក្រក់បានដោយងាយ ធ្វើដោយគ្មានចេះខ្មាស និងលែងចេះខ្ពើម ។
រស់គ្មានបានជាប្រយោជន៍ បានត្រឹមតែធ្ងន់ផែនដី។ ហើយមនុស្សធន់នេះទៀតសោត ហើយចូលចិត្តក្តិចត្រួយ
និងចាំតែប៉ែងជើងកូនខ្មែរល្អៗមិនឲ្យលូតលាស់ដុះដើរទៅមុខរួចឡើយ ។
ឃើញគេឆ្លាតឆ្លៀសជាងខ្លួនមិនបាន បើឃើញគេមានមនោសញ្ចេតនាជ្រាលជ្រៅ
ដែលផ្ទុយស្រឡះពីខ្លួននោះ ពួកនេះរឹតតែមើលងាយមនោសញ្ចេតនារបស់គេ
ទាំងដែលខ្លួនវាគ្មានបេះដូងដ៏ធំបែបនេះដូចគេផងនោះ។ បើនិយាយពីរឿងលាភសក្ការៈវិញ ឲ្យតែបានទទួលផលប្រយោជន៍មកខ្លួន រឺបក្សពួកខ្លួន
នោះពួកនេះមិនដែលនឹកគិតស្តាយស្រណោះ និងមានវិប្បដិសាររីចំពោះអ្វីដែលខ្លួនបានធ្វើ
ថាវានឹងប៉ះពាល់ដល់អ្វីដែលនៅជុំវិញខ្លួននោះឡើយ ។ ពួកអាអំបូរចៃឆ្កែអស់នេះ
វាមានទាំងនៅក្នុងក្រុមមនុស្សខូចៗដូចវា និងមានគប់ខ្លួនពួនកន្ទុយនៅក្នុងក្រុមមនុស្សល្អផងដែរ។
ពួកទី២ គឺពួកអន់ចរិត ។
ទោះបីជាដឹងក្នុងក្បាលយ៉ាងច្បាស់ថា ការងារ រឺទង្វើរនោះជាទង្វើរត្រឹមត្រូវក៏ដោយ ក៏
ពួកគេមិនហ៊ានគ្រាំទ្រ និងមិនចូលរួមធ្វើដែរ ដល់ពេលមានគេថាអោយ ស្តីថាអោយហើយ
ព្រមទទួលយកទៀត ហ្នឹងហើយហៅថាអន់ចរិត ដឹងថាខុសហើយ ត្រូវហើយ តែកែមិនឡើង។ ខ្លាចរអា
ស្ទាក់ស្ទើរ ខ្ជិលច្រអូស
ដេកចាំតែគេធ្វើឲ្យ រឺឯខ្លួនឯងគឺគិតតែ
ហែកមាត់ចាំត្រងនូវផ្លែផ្កាដែលគេខំដាំស្រាប់ៗ
ទាំងនេះគឺមាននៅជាប់ស្អិតជានិច្ចនៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរធឺហ្នឹង
ហើយក៏ក្លាយជាអត្តចរិតរបស់ពួកគេ គឺចរិតអន់ហ្នឹងឯង ។ ដឹងហើយ លឺហើយ យល់ហើយ ឃើញហើយ
ថាប្រទេសដែលជាផ្ទះរបស់យើងគ្រប់គ្នានេះ វាកំពុងតែជួបបញ្ហាជំពាក់វាក់វិនរញ៉េរញ៉ៃ
ដែលធ្វើឲ្យយើងគ្រប់គ្នាពិបាកនឹងរស់ ក្នុងស្ថានភាពបែបនេះណាស់ ។ ថាអញដឹងច្បាស់អស់ហើយ
តែបើអញមិនចូលរួមដោះស្រាយ តើចង់ធ្វើអីអញ? បើអញមិនធ្វើក៏នៅមានគេផ្សេងធ្វើដែរ
អត់អញមួយ រន្ទះបាញ់ងាប់អី ។ មនុស្សមួយគំនរ គរដូចខោរអាវជជុះ បើវាអត់អញមួយ ក៏វាមិនងាប់ដែរ ក៏វាមិនអីដែរ ។
នេះនែក! វាទៅជាអញ្ចឹងទៅវិញអស់ទៅ។ កុំចង់លលេងនឹងពួកអន់ចរិតបែបហ្នឹង ទើសតែវាមួយ
ស្ទុះគេអស់មួយប្រទេស ប៉ុណ្ណឹងហើយវាធ្វើដូចអត់ជំពាក់អ្នកណាម្រៀល។
ចំណែកឯមនុស្សមួយក្រុមទៀត គេហៅថា ពួកល្ងង់ខ្លៅ ដែលមានច្រើនសម្បើមនៅឡើយនៅក្នុងសង្គមយើងសព្វថ្ងៃ
។ ពួកហ្នឹងល្ងង់ ល្ងង់តាម៉ង គ្មានដឹងពីស្អីទេ ព្រឹកឡើងក្រោកមកគិតតែផឹកស្រា
អោយតែលុយ សារុង បីចេងតែមួយឬពីរ ទៅបោះហើយ គ្មានទៅខ្វល់ពីរឿងអីទាំងអស់។
ហើយក្រុមហ្នឹង គ្មានទៅបំផ្លាញពីណាទេ ធ្វើការបំផ្លាញតែខ្លួនទេ
បើគេអោយសារុងមួយ អរឡាខប់ឡាខុំ សប្បាយចិត្តជិតងាប់ ហើយងាប់តែហ្នឹងគេចាញ់បោកគេទេ
ហើយក្រុមហ្នឹងសំបូរណាស់នៅសង្គមខ្មែរ ជាពិសេសពួកក្រីក្រនៅតាមភូមិ ស្រុក ជនបទ
ជាអ្នកផឹកស្រា លេងបៀរ ជាពពួករុក្ខជាតិ ខ្យល់បក់ពីជើងទៅត្បូង ខ្យល់បក់ពីត្បូងទៅជើង។
ពួកគាត់ជាមនុស្សរៀនបានតិច ខ្លះមិនចេះអក្សរមួយតួផង
ហើយរួមទាំងគ្មានឱកាសទទួលបានចំណេះដឹង និងពត៌មានគ្រប់ជ្រុងជ្រោយទៀតផងនោះ
ជាហេតុធ្វើឲ្យគាត់ងាយចាញ់បោកគេ ជឿគេឆាប់
និងជាពិសេសគឺទទួលរងនូវការធ្វើបាបពីសំណាក់ពួកអាមាយាទថោក ។
បើក្នុងសង្គមមួយកើតការច្របូកច្របល់ រឺសង្គមនោះវាក្រីក្រ គ្មានការអភិវឌ្ឍ
រឹមានវិបត្តិផ្សេងៗ ពួកគាត់ដែលជាមនុស្សល្ងង់ខ្លៅនេះឯង
នឹងត្រូវទទួលរងនូវបញ្ហាទាំងនោះ ធ្ងន់ធ្ងរ និងយូរអង្វែងជាងគេជាងឯង ។
ផ្ទុយទៅវិញ បើសិនណាជាពួគាត់អស់នេះ មានឱកាសទទួលបានចំណេះដឹង និងពត៌មានផ្សេងៗ
បានក្រាសក្រែល ច្បាស់លាស់ជាងនេះនោះ
ពិតណាស់មនុស្សពួកគាត់នេះ នឹងអាចប្រើបានជាប្រយោជន៍
ហើយមានតម្លៃសាកសមជាប្រជាពលរដ្ឋនៃប្រទេសមួយយ៉ាងពិតៗ ។
វាខុសអំពីពួក ចៃឆ្កែ
រឺពួកមាយាទថោក ដែលវាខូចអស់កែ វាគ្មានកំណើតទាល់តែសោះ ។
ពួកមនុស្សល្ងង់ខ្លៅនេះក៏ជាមនុស្សបំផ្លាញខ្លួនឯងជាប្រចាំផងដែរ ដូចជាការផឹកស្រា ប្រមឹកបែកត្រប៉ែ លេងល្បែង ភ្នាល់អស់ទ្រព្យធន ។ បើពួកប្រុសៗវិញ
ញៀនញ៉ាមងប់ងល់នឹងស្រីលក់ខ្លួន ជួនកាលបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន គ្មានសោះភាពជាគំរូនៅក្នុងគ្រួសារ និងសង្គម ។
ពួកមនុស្សក្រុមនេះ ដើរកាត់ពេលវេលាហើយ តែឥតស្គាល់ថាជាអ្វី រហូតដល់ដើរហួសទៀត
ក៏នៅតែមិនសោកស្តាយ នេះហើយគេហៅថាខ្ជះខ្ជាយពេលឥតប្រយោជន៍ ។
បើជាតិយើងសម្បូរតែពលរដ្ឋរបៀបៗហ្នឹងទៅហើយ
បើសិនជាប្រទេសនេះវារីកចម្រើនខ្លាំងទើបចម្លែក ។ តែបើដូចសព្វថ្ងៃហ្នឹង
គឺសមហេតុសមផលហើយ ពលរដ្ឋអញ្ចឹង បានប្រទេសវាអញ្ចឹង! ។
មិនទាន់អស់ទេ នៅសល់មួយក្រុមទៀត
នោះគឺពួកក្រៅសង្គម។ ការផ្សព្វផ្សាយពីព័ត៌មានសង្គម នយោបាយ គណបក្ស និងផ្សេងៗទៀតនៅតាម វិទ្យុក្តី
ទូរទស្សន៏ក្តី កាសែតក្តី
គេផ្សាយដូចបាចទឹកភ្លៀងស្រក់ពីលើមេឃរាល់ថ្ងៃទាំងព្រឹកទាំងថ្ងៃទាំងយប់រាប់ឆ្នាំ
តែដល់ពេលខ្លះគេទៅសួរ បែរជាឆ្លើយថា មិនដែលបានស្តាប់ មិនថាមិនដឹង មិនដែលស្គាល់ផង។
រស់នៅជាមនុស្សក្រៅសង្គម ព្រឹកឡើងដឹងតាក្រោកឡើងទៅរកស៊ី រវល់រកស៊ី
អ្នកខ្លះទៅទៅធ្វើការបាត់ទៅ មិនដែលទៅតាមដានស្តាប់អានមើលព័ត៌មានអីទេ
ហើយល្ងាចឡើងចូលផ្ទះវិញ ហើយមានអ្នកខ្លះវិញ បើកសុទ្ធតែហាងធំៗ មនុស្សចឹង
រស់នៅមិនទៅចាញ់បោកអ្នកណាទេ អាចជួយខ្លួនឯងបាន ហើយមិនស្រួលៗស្រុកទេសមានអាសន្ន
រត់ទៅស្រុកគេទៀត ម៉ែអាណាមិនខ្វល់ពីអាណាម្រៀល
រស់នៅដូចនៅក្រៅសង្គមចឹងជាពិសេសអ្នកនៅតាមទីក្រុង នៅតាមផ្សារតាមផ្សោរ
មិនដែលទៅខ្វល់រឿងអីទាំងអស់ រស់នៅមិនច្រឡំជាមួយអាណា ហើយពេលព្រឹកឡើង ល្ងាចឡើងវិញ
ក្រោកងើបបបួលនាំគ្នាទៅហាត់ប្រាណចឹង ព្រោះអីខ្លាចងាប់
ហើយមិនដែលទៅតាមដានស្តាប់អានមើលព័ត៌មានទេស្អី មិនដែលដឹង
មិនដែលស្គាល់ថាមានគណបក្សប៉ុន្មាន សល់ប៉ុន្មាន ថាខ្ចីដឹងមិនខ្ចីខ្វល់
មិនដឹងមិនឮមិនដឹងខ្យល់អ្វីទាំងអស់ សួរអត់ដឹងអីបន្តិច។
ហើយជាទូទៅ និងជាញឹកញាប់ គឺគេតែងលឺពួកនេះនិយាយថា
ខ្លួនមិនចូលក្នុងគណបក្សនយោបាយណាមួយទេ ។ ខ្លួនគេនៅជាកណ្តាលជានិច្ច ខាងណាក៏មិនចូលដែរ
ហើយគ្មានបក្សនឹងគេណាដែរ ។ នេះបានចំជាកណ្តាលមែន គឺកណ្តាលផ្លូវរទេះភ្លើងទើបសម ។
ចង់បានន័យថាម៉េច? ចង់ថា ទោះគេឃើញគេខុសក៏មិនចូល
ឃើញត្រូវក៏មិនចូលដែរមែនទេ? ហើយពេលខ្លះ ពួកនេះអោយតែលឺគេនិយាយរឿងនយោបាយ
នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ថ្ងៃអញ្ជឹង តែពួកនេះរស់នៅក្នុងសង្គមគឺគេចយកតែរួចខ្លួនទេ
ហើយជាប្រភេទមនុស្សមិនចូលចិត្តការអាន ការស្ដាប់
ការទស្សនាព័ត៌មាន ឬហេតុការណ៍ផ្សេង ជាពិសេសរឿងនយោបាយហ្នឹងតា៎ម៉ង
រស់នៅដូចកង្កែបក្នុងអណ្ដូង ហើយនិយាយថា
សុំយកតែម៉ារស់ៗទេ អ្នកណាធ្វើអី ធ្វើទៅ ហើយខ្លាចងាប់ណាស់ជាងគេបំផុត។
ផ្នត់គំនិតបែបនេះ ពួកគេបានប្រាប់
ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើមក្តី
គ្រូបង្រៀនផ្តល់ជាមូលដ្ឋានពិចារណាដល់សិស្ស និស្សិតក្តី មនុស្សចាស់ទុំក្តី ដោយបានហាមប្រាមមិនឲ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ
ដោយពួកគេប្រាប់ថា យើងជាប្រជាពលរដ្ឋសាមញ្ញ ឬក្មេងៗ កុំទៅចេះដឹងរឿងនយោបាយ
វាមិនមែនជារឿងរបស់យើងទេ រឿងនយោបាយទុកអោយអ្នកដឹកនាំគិតគូរទៅបានហើយ។ បើរកស៊ី
គិតតែរកស៊ីទៅ បើនៅរៀន គិតតែទៅសាលារៀនសូត្រទៅ បើធ្វើស្រែឲ្យគិតតែពីរឿងធ្វើស្រែទៅ
បើលក់ដូរគិតតែពីររឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ
កុំនាំគ្នាទៅរវល់កិច្ចការនយោបាយ កុំទៅខ្វល់រឿងនយោបាយ ប្រយ័ត្នគុក
ប្រយ័ត្នងាប់ រស់នៅសំងំយកតែសុខរៀងៗខ្លួនទៅ គិតតែឆ្នាំងបាយរបស់យើងទៅអាអ្ហើយ
កុំទៅខ្វល់អាណាម៉េចម៉េចទៅអោយតែយើងបានសុខ អាងាប់ណា ងាប់ទៅ កុំខ្វល់រឿងគេ
ក្បាលអាណាសក់អាហ្នឹង ដាំដើមគទៅកូនកុំមាត់ចេះច្រើនគេខឹងដឹងច្រើនគេស្អប់
ចាញ់បានជាព្រះឈ្នះបានជាមារ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក
រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។
ព្រោះរឿងស្រុកទេសរឿងជាតិអីហ្នឹង
មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ អារឿងនយោបាយស្អីហ្នឹងនោះ។
ម្យ៉ាងវិញទៀតរឿងនយោបាយនេះ មិនល្អសោះឡើយ
មិនស្រួលៗនោះ អាចបាត់បង់អាយុជីវិតផងក៏មានដែរ។ មនុស្សធឺនេះ
គឺចូលចិត្តសំងំយករួចខ្លួន មួយថ្ងៃៗគិតតែខំធ្វើការរកស៊ីធ្វើអ្នកមាន ។ មានអ្នកខ្លះ
ពេលថ្ងៃបុណ្យទាន មិនហ៊ានឈប់សំរាកលំហែរកាយអីនឹងគេផង គិតតែពីខំរកដើម្បីប្រកួតនឹងគេ
ចង់បានលុយជាងចង់ចាយលុយទៅទៀត ។
មួយឆ្នាំ ទល់មួយទស្សវត្សន៍ មែនដែលឃើញសំរាក រកស៊ីមួយថ្ងៃណាទេ
ឃើញតែប្រឹងមិនដែលឃើញនៅស្ងៀម ។
មានទ្រព្យកប់ពពកតែមិនដែលឃើញចែកអ្នកណាសូម្បីតែប៉ុនសសៃសក់ ។ រស់នៅមិនយល់ពីជីវិត
ហើយចាកឆ្ងាយពីច្បាប់ធម្មជាតិ ។ គិតតែបូមបឺតជញ្ជក់យកតែខ្លួនឯង
អ្នកណាយ៉ាងម៉េចក៏យ៉ាងម៉េចទៅ មិនខ្ចីខ្វល់ ។
បើម្នាក់ៗគិតតែទាញទុករៀងៗខ្លួនអញ្ចឹង តើបានអីនៅសល់ទៅ? មិនយូរ
ហើយរឹតតែឆាប់ គឺច្បាស់ជាត្រូវរលាយរលត់ខាតបង់ទាំងអស់តែគ្នា។ ស្រុកខ្មែរយើងនេះមិនត្រូវបានបំផ្លាញដោយបរទេសនោះទេ
ប៉ុន្តែត្រូវបានបំផ្លាញដោយសារពលរដ្ឋខ្មែរសំងំនៅស្ងៀមឈរមើលបរទេសបំផ្លាញ។
គេបំផ្លាញយើងវាមិនស្អីនោះទេគ្មានអ្វីចំឡែកនោះទេ
ប៉ុន្តែកុំអោយតែយើងបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន។
សរុបមក
ភាពអសកម្មរបស់មនុស្សខ្មែរ៤ពួកនេះហើយដែលជាមេរោគដ៏សាហាវ
ដែលពិបាកនឹងព្យបាលក្នុងពេលដ៏ខ្លីណាស់ ។ ក្នុងចរិតរបស់ខ្មែរ៤ពួកនេះ
គឺភាគច្រើនវាទាក់ទិនតែនឹងរឿងប្រយោជន៍ផ្ទាល់ខ្លួន ។ អញ្ចឹងហើយ បានមានពាក្យមួយចំនួនគេថា
ជំងឺគិតប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ គឺវាគ្រប់គ្រាន់អាចនឹងបំផ្លាញអោយប្រទេសជាតិមួយអាចនឹងរលាយបាន
បើជនជាតិនៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ
ហើយជនជាតិមួយចាញ់ឬឈ្នះជនជាតិមូយទៀត វាអាស្រ័យទៅលើការគុណភាពនៃការគិតរបស់ជនជាតិនោះ។
មើលតាមចរិតខ្មែរ៤ពួកនេះទើបដឹងច្បាស់ថា ម៉េចបានគេបរទេសគេមើលងាយយើងម្ល៉េះ? បើទោះជាយើងមានវប្បធម៌
ប្រពៃណី ស្នាដៃល្បីៗដូចជាប្រាសាទអង្គរវត្តជាដើមហើយក៏ដោយ ។ គេមិនខ្វល់ទេ
ថាដូនតាយើងបានធ្វើអ្វីខ្លះ គាត់ខ្លាំងដល់កំរិតណានោះ តែគេគ្រាន់តែចង់មើលងាយថា
បើយើងគ្រាន់បើ ម្ល៉េះមិនដូចសព្វថ្ងៃហ្នឹងទេ ។ បើដូនតាយើងខ្លំាងមែននោះ
ម្ល៉េះមិនបន្សល់ទុកនូវកូនចៅដ៏កំសោយរបៀបនេះទេ ។
វាជាភាពឈឺចាប់មួយ ក្នុងចំនោមភាពឈឺចាប់ទាំងឡាយ ដែលជនជនជាតិមួយ
ត្រូវបានគេមើលងាយដៀលដល់ដូនតាបែបនេះ តែយើងគ្មានអ្វីប្រតិកម្មទៅគេវិញដើម្បីបង្ហាញថា
យើងមិនដូចគេថានោះទេ។ បានត្រឹមតែនៅស្ងៀម ខឹងគេ ខ្មាសគេនៅក្នុងចិត្ត ។
ដោយឃើញថាអត្តចរិតខ្មែរ៤ពួកនេះ
ជាខ្នោះចាក់ចងមិនឲ្យជាតិយើងដើរចេញភាពអន្ធការនេះបាន ហើយពួកនេះហើយដែលជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនយើង
ដូច្នះយើងត្រូវព្យបាលជាបន្ទាន់ តែដោយសន្សឹមៗ ។ ដើម្បីកែអត្តចរិតនោះបាន
គឺត្រូវការកែការគិតរបស់ពួកគេជាមុន គឺជារឿងទីមួយ និងចាំបាច់បំផុត ។ ដែលការគិតនេះហើយ
បញ្ចេញមកជាទង្វើរ ហើយដែលទង្វើរជារឿយៗនោះឯង ហៅថាទម្លាប់ ទីបំផុតទម្លាប់ ក៏ក្លាយទៅជា
អត្តចរិត ។
ទាំងនេះហើយជាភាពអសកម្មក្នុងការចូលរួមកសាងសង្គមជាតិរបស់ពលរដ្ឋខ្មែរជាទូទៅដែលយើងត្រូវកែប្រែជាបន្ទាន់
ហើយបើយើងកែប្រែមិនទាន់ទេ កុំសង្ឃឹមថាបញ្ហាគ្រប់បែបយ៉ាងដែលកើតមាននៅក្នុងសង្គមខ្មែររបស់យើងសព្វថ្ងៃនឹងមិនត្រូវបានដោះស្រាយរួចនោះទេ ហើយយើងទាំងអស់គ្នាត្រូវចងចាំថា គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែររបស់យើងមានតែខ្មែរយើងទេដែលជាអ្នកដោះស្រាយ
ហើយបើខ្មែរយើងមិនព្រមចាប់ផ្តើមធ្វើ
និងចាប់ផ្តើមងើបនោះទេតើកាលណានឹងឆាប់អាចដោះស្រាយខ្មែររួច? តើនឹងអោយអ្នកណាធ្វើទៅ បើយើងមិនធ្វើ? ហើយចាំ ចាំចាំ ដល់ពេលណាទៅ? ហើយកុំទៅសង្ឃឹមថាបរទេសណាឬអ្នកធំណាមកជួយដោះស្រាយជំនួសបាននោះ
បើខ្មែរមិនព្រមដោះស្រាយខ្លួនឯងនោះ។
បញ្ហាទូទៅនៅសង្គមខ្មែរអាចដោះស្រាយទៅរួចបាន
កាលណាយើងអាចដោះស្រាយភាពអសកម្មប្រជាពលរដ្ឋខ្មែរបាន មានន័យថា កែផ្នត់គំនិត
ផ្នត់ទម្លាប់ អត្តចរិតរបស់ខ្មែរបានហើយ បញ្ហាអ្វីទាំងអស់ក៏អាចដោះស្រាយបានដែរ
ចំណុចចាប់ផ្តើមត្រូវផ្តើមចេញពីត្រង់ចំណុចហ្នឹង។ ខ្មែរយើងបើមិនកែផ្នត់គំនិត
ផ្នត់ទម្លាប់ អត្តចរិត មាយាទហ្នឹងចេញទេ ឥតអាចជួយស្រុកទេសរបស់ខ្លួនបាន
ហើយអាចសង្ឃឹមថារីកចម្រើនទៅមុខរួចនោះ។
ដូច្នេះ យើងត្រូវចូលរួម ទាំងអស់គ្នាដើម្បី ផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្មែរ។