វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

8/29/14

តើនយោបាយ ជាការងារបោកប្រាសមែនទេ?

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  8/29/2014 03:46:00 PM

ពាក្យ​ថា នយោបាយ គឺជា​ការ​បោក​ប្រាស ការងារ​ខ្មៅ​កខ្វក់ ការងារ​ស្មោក​គ្រោក​នោះ បាន​លេច​ឮ​ឡើង​តាំង​ពី​សម័យ​យូរ​លង់​ណាស់​មក​ហើយ​នៅ​លើ​សកលលោក​នេះ មិន​មែន​ទើប​តែ​ឮ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ​
ផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ​ដែល​តែង​តែ​មិន​ពេញ​ចិត្ត​ស្អប់​ខ្ពើម​ចំពោះ​រឿង​នយោបាយ មិន​មែន​តែ​កើត​មាន​នៅ​ក្នុង​ប្រទេសកម្ពុជាប៉ុណ្ណោះ​ទេ ពោលគឺ​វាកើតមាន​នៅលើជុំវិញ​ពិភពលោក​ទាំងអស់​ជាពិសេស​គឺ​នៅ​បណ្តា​ប្រទេស​ដែល​ក្រីក្រ មានប្រជាពលរដ្ឋល្ងង់ៗ ​មិនសូវមាន​ចំណេះដឹង និងការយល់ដឹង​ខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជាដើម។ ពួក​គេ​បាន​ចាត់​ទុក​ការងារ​នយោបាយ​ថា ជា​ការ​បោក​ប្រាស់ ការងារ​ខ្មៅ​កខ្វក់ និង​កាច​សាហាវ​ជា​ទី​បំផុត ហើយ​អ្នក​ដែល​អាច​ធ្វើ​នយោបាយ​បាន​លុះត្រា​តែ​អ្នក​នោះ​ពូកែ​ខាង​បោក​ប្រាស់ ភូត​កុហក មានល្បិចកលជាដើម។
សម្រាប់​បរិបទ​ប្រទេស កម្ពុជា ដែល​គេ​សម្លឹង​ឃើញ​ថា ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមច្រើនទសវត្សរ៍​ ហើយ​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​នោះ ផ្នត់​គំនិត​ពលរដ្ឋ​មួយ​ចំនួន​ធំ បាន​ឲ្យ​និយមន័យ​នយោបាយ ក្នុង​គោល​ដៅ​ចំអក ឬ​ស្អប់ ចំពោះ​ពាក្យ នយោបាយ​ថា គឺជា​នយោបោក ហើយ​ថែម​ទាំង​យល់​ថា នយោបាយ​គឺជា​ការងារ​មួយ​ថោក​ទាប មិន​ស្មោះ​ត្រង់ និង​ពោរពេញ​ដោយ​ល្បិចកល​ខ្មៅ​ងងឹត គ្រប់​បែប​យ៉ាង ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ក្រុម​បក្ខពួក​របស់​ខ្លួន និង​ដើម្បី​តែ​អំណាច​ប៉ុណ្ណោះ។ 
ពលរដ្ឋ​ទាំង​នោះ បាន​ធ្វើ​ការ​កំណត់​ថា អ្នក​ដែល​ចូល​ខ្លួន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​នោះ ទាមទារ​ឲ្យ​មាន​សមត្ថភាព​ខាង​និយាយ​កុហក មានល្បិចកិច្ចកល បំផ្លើស​បំភ្លៃ​ការ​ពិត បោក​ប្រាស់ ដោយ​មិន​មែន​ជា​មនុស្ស​ល្អ​ស្មោះ​ត្រង់ សុចរិត​នោះ​ទេ។ ពួក​គេ​បាន​យល់​ឃើញ​ថា សម្រាប់​មនុស្ស​ដែល​ល្អ ដែល​ត្រឹម​ត្រូវ ស្មោះ​ត្រង់ មិន​ត្រូវ​ប្រឡាក់​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឡើយ ព្រោះ​បើ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​គឺជា​មនុស្ស​ចោលម្សៀត​ទាំង​ស្រុង។
តួយ៉ាង នៅក្នុង​សង្គម​ខ្មែរនាពេលប​ច្ចុ​ប្បន្ន ពេល​ខ្លះ​ប្រជា​ពលរដ្ឋ​ខ្មែរ ឲ្យ​តែ​ឮ​គេ​និយាយ​រឿង​នយោបាយ ពួក​គាត់​នាំ​គ្នា​ខ្លាច​ដូច​ខ្មោច​ងាប់ ៧ ថ្ងៃ​អ៊ីចឹង។ ផ្នត់​គំនិត​បែប​នេះ ពួកគេ​បាន​ប្រាប់ ឬ​ទូន្មាន​ប្រៀន​ប្រដៅ​កូន​ចៅ​តៗ​គ្នា ដូច​ជា​ឪពុក​ម្តាយ​ទូន្មាន​កូន​ជាដើម មិន​ឲ្យ​កូន​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ ដោយ​ពួក​គេ​ប្រាប់​ថា បើ​រៀន​គិត​តែ​រឿង​រៀន​ទៅ បើ​ធ្វើ​ស្រែ​ឲ្យ​គិត​តែ​ពី​រឿង​ធ្វើ​ស្រែ​ទៅ បើ​លក់​ដូរ គិត​តែ​ពី​រឿង​លក់​ដូរ​ដើម្បី​បាន​ប្រាក់​ចំណេញ​ទៅ​បាន​ហើយ កុំ​នាំ​គ្នា​ទៅ​រវល់​កិច្ចការ​នយោបាយ​កុំ​ទៅ​ខ្វល់​រឿង​នយោបាយ ធ្វើម៉េចអោយតែគ្រួសារយើងរស់ទៅ ប្រយ័ត្ន​គុក ប្រយ័ត្ន​ងាប់ រស់​នៅ​សម្ងំ​យក​តែ​សុខ​រៀងៗ​ខ្លួន​ទៅ អា​ណា​ងាប់​ងាប់​ទៅ កុំ​ទៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​គិត​គូរ​វា​ច្រើន​ពេក រឿង​នយោបាយ​ហ្នឹង វា​មិន​មែន​ជា​រឿង​របស់​ពួក​យើង​ទេ។ ព្រោះ​រឿង​ស្រុក​ទេស​រឿង​ជាតិ​អី​ហ្នឹង មាន​គេ​ចាត់​ចែង​ហើយ យើង​ពលរដ្ឋ​មិន​ចាំ​បាច់​ខ្វល់​នោះ​ទេ អា​រឿង​នយោបាយ​ស្អីគេ​ហ្នឹង​នោះ។ 
ម្យ៉ាង​វិញ​ទៀត រឿង​នយោបាយ​នេះ មិន​ល្អ​សោះ​ឡើយ មិន​ស្រួលៗ​នោះ អាច​បាត់​បង់​អាយុ​ជីវិត​ផង​ក៏​មាន​ដែរ។ បើ​នៅ​ក្នុង​ផ្តត់​គំនិត គិត​តែ​បែប​នេះ​នោះ តើ​យើង​គួរ​ទាត់​ចោល​រឿង​នយោបាយ​ឬ​ទេ? ហើយ​ថា​នយោបាយ​ជា​រឿង​ខ្មៅ​កខ្វក់ អាក្រក់​ឬ​យ៉ាង​ណា? ចម្លើយ​គឺ​យើង​មិន​ត្រូវ​ទាត់​ចោល​នយោបាយ​នោះ​ទេ។ ចុះមូលហេតុអ្វី? ហើយតាមការពិត ត្រឹមត្រូវ ថាតើនយោបាយ ជាអ្វី?
ឫសគល់នៃពាក្យនយោបាយដើមដំបូងឡើយ ចេញពីភាសាក្រិច “ Politika” មានន័យថាកិច្ចការទំនាក់ទំនងការងារទៅវិញទៅមករបស់មនុស្សនៅក្នុងបូរី។ ពាក្យថា នយោបាយ នេះទៀតសោត មនុស្សទូទៅ បានអោយនិយមន័យជាច្រើនប្លែកៗពីគ្នា ហើយវាឥតមាននិយមន័យ ពិតប្រាកដមួយណាអោយច្បាស់លាស់នោះទេ ព្រោះថាមនុស្សម្នាក់ៗដែលចេញមកធ្វើនយោបាយ គេបានកំណត់និយមន័យនយោបាយដោយខ្លួនឯង អាស្រ័យទៅតាមបទពិសោធន៍ ការយល់ដឹង ហើយនិងអាស្រ័យដោយស្ថានភាពជាក់ស្តែង ការរស់នៅក្នុងសង្គមរបស់បុគ្គលទាំងនោះ។ ប៉ុន្តែទោះបីជាមាននិយមន័យច្រើនក៏ពិតមែន តែអត្តន័យប្រហែលៗគ្នា​។

សម្តេចព្រះសង្ឃរាជ ជួន ណាត អោយន័យនយោបាយថា នយោបាយគឺជា កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ ឬឧបាយក្នុងការណែនាំ។ ចំណែកលោក បា្លតុង ទស្សនវិទូក្រិច បានអោយនិយមន័យថា នយោបាយ គឺជាសិល្បៈដឹកនាំហ្វូងមនុស្ស។ តាមទស្សនៈលោក អារីស្តូ ទស្សនវិទូក្រិច នយោបាយគឺជាកិច្ចការទំនាក់ទំនងរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស ឬបូរី។ ​ 

តែពេលបច្ចុប្បន្នគេអោយនិយមន័យថា នយោបាយគឺជា សិល្បៈនៃការធ្វើនាំអោយសម្រេចគោលដៅ ឬជាសិល្បៈនៃការដោះស្រាយបញ្ហា។​ អ្វីទៅសិល្បៈ? សិល្បៈមានន័យភាពប៉ិនប្រសប់ ឬបច្ចេកទេស យុទ្ធវិធី តាក់ទិច ល្បិចកល។ ត្រង់ចំណុចនេះ សាកល្បងប្រៀបធៀបពាក្យថា នយោបាយជាយុទ្ធវិធី ឬតាក់ទិច និងពាក្យថា នយោបាយជា ល្បិចកល។ តាមពិតទៅ ពាក្យថា យុទ្ធវិធី ឬល្បិចកល គឺន័យដូចគ្នា ពីព្រោះដំណើរនៃការប្រព្រឹត្តរបស់វាគឺក្រវិចប្រវៀនៗ ហើយដើម្បីសម្រេចគោលដៅតែមួយ។ តែវាខុសនោះ គឺគោលដៅរបស់វា។ គឺថាបើគោលដៅចេញមកខាងក្រៅ ដើម្បីអ្នកដទៃ ឬប្រយោជន៍រួម​ នោះវាជា  នយោបាយជាយុទ្ធវិធី ឬតាក់ទិច។ តែបើគោលដៅចូលទៅខាងក្នុង ដើម្បីខ្លួនឯង ឬប្រយោជន៍ផ្ទាល់បុគ្គល នោះជានយោបាយជាល្បិចកល។

ដូច្នោះ នយោបាយ គឺជា​របៀប​វិធី ឬ​សិល្បៈ​នៃ​ការ​ធ្វើ​នាំ​ឲ្យ​បាន​សម្រេច​ទៅ​គោល​ដៅ​ហើយ​ដែល​គោលដៅ​នោះ​ប្រាស​ចាក​ភាព​អាត្មានិយម។ ម៉្យាង​ទៀត នយោបាយ​មិន​មែន​ជា​មុខ​របរ​រក​ស៊ី​នោះ​ទេ ប៉ុន្តែ​នយោបាយ​ជា​ការងារ​សម្រាប់​បុគ្គល​មាន​ចិត្ត​សប្បុរស មាន​បេះដូង​ស្មោះ​ត្រង់​បរិសុទ្ធ​មាន​ទស្សន​វិស័យ ហើយ​ធ្វើ​ការងារ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស និង​សង្គម​ជាតិ។ លើស​ពី​នេះ នយោបាយ​គឺជា​តម្រូវការ​របស់​មនុស្ស នយោបាយ​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព ហើយ​មាន​តែ​នយោបាយ​មួយ​ទេ ដែល​ជួយ​មនុស្ស​រស់​នៅ​នៅ​ក្នុង​សង្គម​បាន​ពីព្រោះ​ថា គ្មាន​ការ​ធ្វើ​បុណ្យ​ឯ​ណា​ដែល​ល្អ​ប្រសើរ​ថ្លៃ​ថ្លា ជាង​ការ​ធ្វើ​នយោបាយ​ជួយ​ជាតិ​នោះ​ទេ។ 

មែនទែនទៅ បើ​យើង​ពិចារណា​និង​ស្វែង​យល់​តាម​ដាន​យូរ​ទៅ​ចំពោះ​រឿង​នយោបាយ​ឲ្យ​បាន​ច្បាស់​ទៅ​នោះ យើង​នឹង​យល់​ថា មិន​មែន​នយោបាយ​ជា​ការងារ​ខ្មៅ​កខ្វក់​ទេ តែ​ដោយសារអ្នកនយោបាយមួយចំនួនខ្លះជាជនបោកប្រាស ហើយធ្វើនយោបាយប្រើល្បិចកលដើម្បីអំណាចខ្លួនឯ​ណោះ​ទេ ដែល​ធ្វើ​ឲ្យ​នយោបាយ​ក្លាយ​ទៅ​ជា​ការងារ​ខ្មៅ​កខ្វក់​ដោយ​សារ​តែខ្លួនជាប្រភេទមនុស្សពុំមានដូងចិត្តល្អ ឥតមានសុចរិតទៀងត្រង់ដែលពុំឈ្នះតណ្ហា ឈ្នះខ្លួនឯង ឈ្នះ ឬស្តើងលោកធម៌ មានគំនិត​អាក្រក់ អាត្មា​និយម អវិជ្ជា យក​នយោបាយ​ជា​មុខ​របរ​រក​ស៊ី មក​ចិញ្ចឹម​ជីវិត​ខ្លួន គ្រួសារ​ខ្លួន​ទាំង​នោះ។

ដូច្នេះ​នយោបាយ​មិន​មាន​កំហុស នយោបាយ​មិន​មែន​ជា​ការងារ​ខ្មៅ​កខ្វក់ នយោបាយ​មិន​មែន​ជា​រឿង​ចោលម្សៀត​នោះ​ទេ តែ​អ្នក​នយោបាយ​ដែល​មាន​គំនិត​ទុច្ចរិត​ទៅ​វិញ​ទេ ដែល​ជា​អ្នក​មាន​កំហុស​ជា​មនុស្ស​ចោលម្សៀត ថោក​ទាប មារយាទ​ថោក​ដែល​ធ្វើ​ឲ្យ នយោបាយ​ក្លាយ​ជា​រឿង​ខ្មៅ​កខ្វក់។ និងដោយសារតែប្រជាពលរដ្ឋ តាំងពីដើម​កន្លងរៀងៗមក ​ឃើញ​មានតែ​ក្រុម​អ្នក​នយោ​បាយ​ខ្លះអាត្មានិយម ធ្វើ​នយោបាយ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន លាភសក្ការៈ លុយកាក់ បុណ្យ​ស័ក្ដិ អំណាច តួនាទី បោកប្រាស់​តែ​ប្រជាពលរដ្ឋ​ខ្លួន​ឯង អស់​ពីមួយ​អាណត្តិ​ បន្ដ​ទៅ​មួយ​អាណត្តិ ទើប​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​អស់​ទឹកចិត្ត គិតថា នយោបាយ​ជាន​យោ​បោក ន​យោបាយ​ ជា​ឧបាយ រ​កបាយ​ហូប នយោបាយ​ជា​មុខរបរ​រកស៊ី ហើយក៏​លេច​ឮថា អាណា​ក៏​ដូច​អាណា​ ​បោកប្រាស់​ដូច​តែ​​គ្នា​​ ជាហេតុបង្ក​ឲ្យ​ពលរដ្ឋ​ស្អប់​ខ្ពើម​នយោបាយ។

តើ​នៅ​ពេល​ណា​ទើប​នយោបាយ​ត្រូវ​បាន​ពលរដ្ឋ​ឲ្យ​តម្លៃ​វិញ? គឺ​នៅ​ពេល​ដែល​ពលរដ្ឋ​យល់​ដឹង​នូវ​វប្បធម៌​នយោបាយ​កាន់​តែ​ច្រើន តាម​ដាន​ស្ថានការណ៍​ព័ត៌មាន​ឲ្យ​បាន​ទៀង​ទាត់ មាន​ចំណេះ​ដឹង​អាច​ធ្វើ​ការ​វិភាគ​ឬ​ពិចារណា​បាន​ចំពោះ​អ្នក​នយោបាយ​ដែល​កំពុង​ធ្វើ​សកម្មភាព ស្គាល់​ច្បាស់​អំពី​អត្ថ​ប្រយោជន៍​នៃ​នយោបាយ​សម្រាប់​ជាតិ និង​បាន​ដឹង​ច្បាស់​ថា ការ​ចូល​រួម​តាម​ដាន​សកម្មភាព​នយោបាយ គឺជា​កិច្ច​ការងារ​មួយ​ចាំ​បាច់​ធំ​បំផុត និង​ជា​កាតព្វកិច្ច​មួយ​ខាន​មិន​បាន​របស់​ប្រជា​ពលរដ្ឋ​គ្រប់ៗ​រូប។

ក្រៅ​ពី​នេះ​ទៀត​នោះ ការ​ចូល​រួម​នយោបាយ សំខាន់​ណាស់​ការ​ចូល​រួម​ដោយ​មាន​ការ​យល់​ដឹង ហើយ​ដាច់​ខាត​ទាមទារ​ឲ្យ​អ្នក​ចូល​រួម​ដោយ​មាន​ការ​យល់​ដឹង​នោះ មាន​សីលធម៌ គុណធម៌ និង​គុណភាព របស់​អ្នក​ចូល​រួម​ហើយ​កាល​ណា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ខ្ពស់ នោះ ធ្វើ​ឲ្យ​អ្នក​នយោបាយ​បោក​ប្រាស់ ដែល​អាច​មក​កាន់​តំណែង​បាន​ស្ទើរ​តែ​គ្មាន។ 

ដូច្នោះ ចំពោះអ្នកដែលចូលរួមតាមដានចលនានយោបាយនៃបក្សដទៃៗនោះ ត្រូវអាចសង្កេតទៅលើបុគ្គលិកលក្ខណៈរបស់អ្នកទាំងនោះបាន ពីព្រោះអ្វី ដូចគេថា សំភារៈបញ្ជាក់សតិអារម្មណ៍។ សម្តី និងសកម្មភាព សបញ្ជាក់ពីបេះដូង ពោលគឺយើងអាចតាមដានអង្កេតមើលសកម្មភាព សម្តីសំដៅរបស់បុគ្គលនោះបាន ម៉្យាងទៀតនោះ គេថាចិត្តមនុស្សពិបាកស្មាន តែអាចតាមដានទង្វើបាន។ ហេតុនេះដើម្បីបញ្ចប់ភាពបោកប្រាសអ្នកនយោបាយ មិនមែនស្អប់នយោបាយ ឈប់ចូលរួមគិតគូរ ឬក៏បណ្តែតបណ្តាយឲ្យអ្នកនយោបាយធ្វើស្រេចតែក្បាលចិត្តនោះទេ ឬមិនចង់អោយគេបោក គឺត្រូវបោកគេមុនទេ ប៉ុន្តែពេលចាញ់បោកអ្នកនយោបាយ ឬខឹងគេបោកយើងនោះ ប្រតិកម្មដ៏ល្អបំផុតគឺបង្កើនចំណេះដឹងខ្លួនឯង។ 

ពោលគឺចំណុចចាប់ផ្តើម ផ្តើមចេញពីអ្នក ពង្រឹងចំណេះដឹងរបស់អ្នកតាមរយៈការសង្កេតតាមដានរាល់អ្នកនយោបាយនោះបន្តិចម្តងៗ នោះនយោបាយប្រជាពិថុតនឹងរលាយសាបសូន្យ ហើយបើនៅតែភ្លើមិនព្រមតាមដាននយោបាយ ឬអ្នកនយោបាយនោះទេ អ្នកនយោបាយបោកៗ បោកអ្នករហូតដល់ងាប់។ ស្របត្រង់ចំណុចនេះ លោក បានពន្យល់ប្រាប់ថា មនុស្សទាំងអស់តែងតែចង់បានសេរីភាព តែពួកគេមិនចង់ពាក់ព័ន្ធនឹងនយោបាយ ដូច្នោះទុកអោយពួកជនពាលជាអ្នកផ្តល់សេរីភាពអោយពួកចុះ។ ​​

មនុស្ស​ម្នាក់​ៗត្រូវ​យល់​ដឹង​ពី​​សភាព​ការ​ណ៍នៃ​ប្រទេស តំបន់ និងពិភពលោក ឱ្យបានច្បាស់លាស់​​​ ដើម្បីកុំឱ្យចាញ់បោកភាពច្រំដែលនៃប្រវត្តិសាស្រ្ត។​​ នេះគឺ​ជា​មេរៀន​​ធំ​បំផុតមួយដែលលោកតាន់ ហ្សង់-ហ្វ្រង់ស័រ អតីតនាយកវិទ្យុបារាំងអន្តរជាតិ(RFI) ចង​ចាំ​ក្នុង​ជីវិត​បំផុត ​ហើយបានទាញពីជីវិតជាង៤០ប្លាយឆ្នាំរបស់លោក។​ ​លោកបានលើកឡើងថា កាល​ពី​ប្រទេស​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ ពោល​គឺ​មុន​ពេល​​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ប្រទេស​ ឪពុក​លោក​គឺ​ជា​អ្នក​ជំនួញ​​ម្នាក់​ មួយ​ថ្ងៃៗ​គិត​តែ​ធ្វើ​ការងារ គិតតែពី ប្រមូល​ប្រាក់​ ដើម្បីក្លាយ​​ជា​អ្នក​មាន​ ដើម្បី​​ទុកទ្រព្យ​​ឲ្យ​កូន​ចៅ​ អត់​ដែល​គិត​ពីសភាពការណ៍នយោបាយនៃប្រទេសទេ​។​ ​ម៉្លោះ​ហើយ​ពេល​ខ្មែរ​ក្រហម​ចូលស្រុក​​​ ​​អ្វី​ៗ​ទាំង​អស់ដែលឱពុកលោកបានខិតខំរក​ត្រូវ​​បាត់​បង់​អស់​រលីង​។ មាន​ន័យ​ថា​ប្រវត្តិ​របស់​ពលរដ្ឋ​ម្នាក់ៗ​នៅក្នុងប្រទេសនីមួយៗ​នឹង​ត្រូវ​​កិន​កំ​ទេច​​​​ដោយ​កង់ប្រវត្តិ​សាស្ត្រនៃប្រទេសនោះជាមិន ខានឡើយ បើសិនជាម្នាក់ៗភ្លេចខ្លួនមិនរវល់ពីវាសនានៃប្រទេសជាតិ ពីសភាពការណ៍តំបន់ និងអន្តរជាតិ។

ការ​ចូល​រួម​របស់​ពលរដ្ឋ​ក្នុង កិច្ចការ​នយោបាយ​សំខាន់​ណាស់​ក្នុង​ការ​ជ្រើសរើស​អ្នក​នយោបាយ​ដែល​មាន ទេពកោសល្យ​ខ្ពស់​ក្នុង​ការងារ​នយោបាយ និង​ជា​អ្នក​នយោបាយ​ស្មោះ​ត្រង់ មាន​បេះដូង​បរិសុទ្ធ ហើយ​និង​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​ទស្សន​វិស័យ គិត​គូរ​ពី​វាសនា​ប្រទេស​ជាតិ​ជា​ធំ មិន​មែន​គិត​តែ​ពី​ផល​ប្រយោជន៍​បក្ខពួក​ខ្លួន គ្រួសារ​ខ្លួន​នោះ​ទេ។ ហើយតើអ្នកនៅតែចង់ និងយល់ព្រមអោយប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសរស់នៅក្រាមឆន្ទៈរបស់មេដឹកនាំ ឬអ្នកនយោបាយជាអ្នកដឹកនាំ ជាម៉ែ ជាឳ ហើយរស់នៅជ្រកក្រាមម្លប់ និងក្តីមេត្តារបស់គេជារៀងរហូតតទៅទៀត ឬយ៉ាងណា?

​ជា​រួម​មក​នៅ​ក្នុង​សង្គម​ជាតិ​មួយ រឿង​នយោបាយ​គឺជា​រឿង​ដែល​សំខាន់​បំផុត មិន​អាច​ខ្វះ​បាន​នោះ​ទេ ពីព្រោះ​រឿង​នយោបាយ ជា​ឆ្នាំង​បាយ​របស់​ប្រជា​ពលរដ្ឋ ហើយ​នយោបាយ​ជះ​ឥទ្ធិពល​ដល់ ជីវភាព​រស់​នៅ និង​អាយុ​ជីវិត​ពលរដ្ឋ​ប្រចាំ​ថ្ងៃ និង​វាសនា​អនាគត​ប្រទេស​ជាតិ។ គ្មានសង្គមណាមួយរីកចំរើនបានឡើយ បើប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសមិនព្រមគិតគូរសង្គមរបស់ពួកគេនោះ។ ហើយនៅក្នុងសង្គមមួយដែលរីកចំរើន ធនធាននៅក្នុងសង្គមមួយនោះគឺភាគច្រើនសុទ្ធសឹងតែជាមនុស្សដែលចូលចិត្តតាមដានស្តាប់ ចូលចិត្តអាន ចូលចិត្តសង្កេតនិងយល់ដឹង អំពីបញ្ហាប្រទេស ហើយព្រមទាំងចូលរួមបំពេញកាតព្វកិច្ចរបស់ពួកគេដែលជាប្រជាពលរដ្ធនៅក្នុងសង្គមនោះ។​

ជាក់ស្តែងប្រសិន​បើ​ប្រទេស​ជាតិ​មួយ មាន​បញ្ហា​ជាប់​គាំង​នយោបាយ មិន​អាច​ដោះស្រាយ​ចេញ​គេ​កុំ​បាច់​និយាយ​ដល់​ការ​អភិវឌ្ឍ​ធ្វើ​អ្វី។ ពីព្រោះ​ថា បើ​នយោបាយ​ជាប់​គាំង ជាតិ​ច្របូក​ច្របល់ អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស ឈប់​មក​រក​ស៊ី ពលរដ្ឋ​អត់​មាន​ការងារ​ធ្វើ បាតុកម្ម​មាន​ជា​ហូរហែ វិបត្តិ​សេដ្ឋកិច្ច​នឹង​កើត​ឡើង ជាតិ​នឹង​ត្រូវ​មហន្តរាយ​ជាក់​ជា​មិន​ខាន។ ហើយម៉្យាងទៀតទៅនោះ កាលណាប្រជាពលរដ្ឋនៃសង្គមជាតិមួយ មិនរវល់ខ្វល់ទៅគិតគូររឿងនយោបាយ វាជាកត្តាល្អមួយនៃអ្នកនយោបាយ មាន​ឱ​កាស​បង្កើត​ជា​បណ្តាញ​ខ្សែ​រយៈ​ គ្រួសារ​ បក្ស​ពួក​ក្នុង​គ្រប់​ស្ថា​ប័ន​រដ្ឋ​ពង្រឹង​អំណាច​រហូត​ដល់​បង្កើត​ជា​ របប​ផ្តាច់​ការ​ បក្ស​ពួក​ក្រុម​គ្រួសារ​និយម​ បំផ្លាញ​ដល់​ផល​ប្រ​យោជន៍​ជាតិ​ និង​ប្រ​ជាជន​។​ លើសពីនេះ អាចមានជាការ​បង្កើត​ក្រុម​អង្គ​រក្ស​ដោយ​ខ្លួន​ឯង​ ស្មើ​នឹង​ការ​បង្កើត​ក្រុម​ប្រ​ដាប់​អាវុធ​មួយ​អាច​ជា​លទ្ធ​ភាព​យក​ទៅ​ បំរើ​មហិ​ច្ឆិតា​អ្នក​គ្រប់​គ្រង​ ធ្វើ​ការ​គៀប​សង្កត់​ ឬ​គំរាម​កំហែង​ដល់​ប្រជា​ពល​រដ្ឋ​ ដើម្បី​រក្សា​ និង​បន្ត​ក្រាញ​ក្នុង​អំណាច​របស់​ខ្លួន និង​មាន​ឥទ្ធិ​ពល​ខ្លះ​ទៅ​លើ​នាយ​ទា​ហាន​ និង​ នាយ​នគ​របាល​ជាន់​ខ្ពស់​ កង​កំលាំង​ប្រដាប់​អាវុធ​ ​ជា​ឧប​ករណ៍​សម្រាប់ការពារអំណាចរបស់ខ្លួន​។ 

ហើយជាងនេះទៅទៀតនោះ ការដឹកនាំអាចឈានទៅភាពផ្តាច់ការ មានការប្រមូលផ្តុំអំណាចទៀតផង។ ហើយកាលណាប្រទេសមួយវាអំណចប្រមូលផ្តុំហើយនោះ គឺធ្វើអោយច្បាប់ធូររលុង ប្រទេសគ្មាននីតិរដ្ឋពិតប្រាកដ ហើយនៅពេលដែលប្រទេសមួយមានការអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព ប្រទេសមួយនោះតែងបង្កើតបានតែភាពអនាធិបតេយ្យ ឥតសណ្នាប់ធ្នាប់ពាសពេញប្រទេស កើតមានបញ្ហារាប់មិនអស់ដូចជា ជនអន្តោប្រវេសន៍ខុសច្បាប់ ការរំលោភយកដីធ្លី ការបំពុលបរិស្ថាន ការបំផ្លិចបំផ្លាញព្រៃឈើ ការរំលោភបំពាន​សិទ្ធិមនុស្ស សង្គមអយុត្តិធម៌ អសីលធម៌ អាត្មានិយម អំពើពុករលួយ  បញ្ហាសេដ្ឋកិច្ច ភាពគ្មានការងារធ្វើ ប្រេងសាំង ទំនិញឡើងថ្លៃ គ្មានការប្រកួតប្រជែងគុណភាពផលិតផល បញ្ហានយោបាយ និងបញ្ហាសាសនា ជាដើម។ ដោយឡែកច្បាប់សម្រាប់ពួកអ្នកធំ អ្នកកាន់អំណាច មានតម្លៃត្រឹមតែសីលធម៌ប៉ុណ្ណោះ រឿងគេមិនធ្វើ ឬមិនគោរព វាអាស្រ័យទៅលើឆន្ទៈរបស់គេ។ 

អំណាចប្រមូលផ្តុំ អ្នកដឹកនាំអាចលូកដៃចូលគ្រប់ស្ថាប័នទាំងអស់ ទោះជាតុលាការ និង អំណាចនិតិបញ្ញត្តិ ក៍គេអាចធ្វើបានដែរ។ អ្នកដែលរស់ស្រួលនៅក្នុងសង្គមអំណាចប្រមូលផ្តុំមានតែ អ្នកមានអំណាច មានលុយ មានបក្ខពួក ខ្សែ ខ្នង។ ជាលទ្ធផល អ្នកដែលរងគ្រោះ រងទុក្ខវេទនានោះគឺ គ្មានអ្នកណាក្រៅពី ប្រជាពលរដ្ឋ ដែលជាអ្នកខ្សោយ គ្មានលុយ គ្មានអំណាច គ្មានខ្សែ។ ជាពិសេសនោះ គឺអំណាចទាំងអស់ក្នុងការចាត់ចែងកិច្ចការប្រទេសនោះ ស្ថិតទៅលើកណ្តាប់ដៃរបស់បុគ្គលតែម្នាក់ ឬបុគ្គលតែមួយក្រុមតូច។ ហើយរដ្ឋដែលដឹកនាំដោយប្រមូលផ្តុំអំណាចទៅលើមនុស្សតែម្នាក់ ឬមនុស្សមួយក្រុម នោះ មានសភាពលក្ខណៈបែបបក្ខពួកនិយម គ្រួសារនិយម ពោលគឺ       បុគ្គលម្នាក់ ឬមួយក្រុមជាអ្នកសម្រេចកិច្ចការគ្រប់ជាន់ថ្នាក់របស់ប្រទេសជាតិ។ រាល់កាសម្រេចត្រូវធ្វើទៅតាមការចង់បានរបស់ថ្នាក់លើ និងបម្រើផលប្រយោជន៍ថ្នាក់លើទាំងអស់។​ ចំពោះការអនុវត្តន៍ការងារវិញ គ្មានប្រសិទ្ធិភាព ដោយសារ មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិរុញការទទួលខុសត្រូវទៅអោយមន្រ្តីនៅថ្នាក់លើជាបន្តបន្ទាប់ ពោលគឺ ឃុំរុញទៅស្រុក ស្រុករុញទៅខេត្ត និងខេត្តរុញទៅថា្នក់ជាតិដើម្បីបង្ហាញប្រជាពលរដ្ឋថា ខ្លួនមិនមែនជាអ្នកមានកំហុសនោះទេ។ 

ជាលទ្ធផលគឺ ការអនុវត្តន៍ទម្រង់នៃការដឹកនាំរដ្ឋមួយដែលប្រមូលផ្តុំអំណាច វាងាយណាស់ឈានទៅរករបបផ្តាច់ការ ហើយប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអាចនឹង បាត់បង់ទឹកដី រឺធ្វើឲ្យខ្ទេចខ្ទីជាតិដោយមិនចាំបាច់មានបរទេសណាមកឈ្លានពាននោះទេ។ ហើយបើជនជាតិសាសន៍នៃប្រទេសណាមួយ ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន មិនសូវចូលចិត្តចូលរួមគិតគូរនិងធ្វើអំពើល្អ ហើយគិតតែពីជឿ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម ភាពអាត្មានិយម ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន គឺជាជោគជ័យដ៍មហាសាលរបស់មនុស្សអាក្រក់ និងជាឪកាសដ៍ល្អនៃការឈ្លានពានរបស់បរទេសជិតខាង។ ស្របគ្នា នឹង គតិមួយលើកឡើងថា ប្រទេសជាតិមួយអាចនឹងរលាយបាន បើជនជាតិនៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ។ 

តួយ៉ាង លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា នយោបាយគឺជាបេសកកម្ម តែមិនមែនជាមុខរបររកស៊ីទេ ហើយនយោបាយ ជាការងាររបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ។ លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សប្រឆាំងប្រទេសភូមា ក៏ពន្យល់ថា នយោបាយ អ្នកអាចនឹងមិនគិតគូរអំពើនយោបាយ ប៉ុន្តែនយោបាយ មិនដែលភ្លេចការគិតគូររបស់វា ចំពោះរូបអ្នកឡើយ។ ចំណែក មហាត្មះគន្ធី បិតានៃសន្តិភាពប្រទេសឥណ្ឌា ថែមទាំងលើកជាទស្សនៈថា បុគ្គលណាដែលនិយាយថា ពួកគេមិនចង់គិតគូរពីរឿងនយោបាយ វាប្រៀបបានដូចជាមនុស្សកំពុងតែលង់ទឹក ហើយស្រែកទទួចថា ខ្លួនមិនចូលចិត្តទឹក។

ម៉្លោះ​ហើយ​ពលរដ្ឋ​ម្នាក់ៗ ត្រូវ​តែ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយប្រកបទៅដោយការយល់ដឹង និងមានទំនួលខុសត្រូវ ។

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top