មន្ត្រីសង្ឃទូទាំងប្រទេស បានសម្រេចដាក់ញត្តិទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីស្នើ ឲ្យ រដ្ឋា ភិបាល ធ្វើអន្តរាគមន៍ទប់ស្កាត់ចលនានយោបាយរបស់លោក ខឹម វាសនា ប្រធាន គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទាក់ទងនឹងការវាយប្រហារព្រះសង្ឃ និងព្រះពុទ្ធសាសនា។ ការ ដាក់ញត្តិនេះ ធ្វើឡើងក្រោយពីបញ្ចប់អនុសំវច្ឆរមហាសន្និបាតលើកទី២៤ នៅសាលចតុមុខ នារសៀលថ្ងៃទី៣០ ខែធ្នូនេះ។

ទាក់ទងនឹងបញ្ហានេះ សម្តេចព្រះសង្ឃរាជ ទេព វង្ស បានណែនាំដល់មន្ត្រីសង្ឃធ្វើការដោះស្រាយដោយខ្លួនឯង ពោលគឺមិនចាំបាច់ពឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ ព្រះអង្គ ឈឹង ប៊ុនឈា បានពន្យល់ថា មូលហេតុដែលត្រូវសុំអន្តរាគមន៍ពីសំណាក់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាល មានកាពកិច្ចការពារនិងលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះគ្រូចៅអធិការវត្តស្រះចកអង្គនេះបានបញ្ជាក់ដូច្នេះថា៖«យើងសុំឲ្យរដ្ឋាភិបាលទប់ស្កាត់ សកម្មភាពរបស់ លោក ខឹម វាសនា កុំឲ្យប្រព្រឹត្តអំពើទុច្ចរិត និងអកុសលអ៊ីចឹងទៀត ។ គាត់ប្រើពាក្យបដិវត្តន៍ បំផ្លាញពួកអាចោរថង់យាម។ ព្រះសង្ឃទូទាំងប្រទេស ក៏គាត់ចាត់ទុកថាជាអាចោរថង់យាមដែរ។ គាត់ថា ជេរបុគ្គលដែលគួរជេរ តែនេះគ្រាន់តែជាលេសរបស់គាត់ទេ។ គាត់ជេររហូត វាយប្រហាររហូត»។
យ៉ាងណាក៏ដោយ ប្រមុខបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានច្រានចោលចំពោះការចោទប្រកាន់ខាងលើនេះ ដោយអះអាងថា លោកមិនដែលប្រព្រឹត្តទង្វើអ្វីដែលប៉ះពាល់ដល់ព្រះសង្ឃនិងព្រះពុទ្ធសាសនានោះទេ។ លោកបានបញ្ជាក់ថា លោក ជាបុគ្គលម្នាក់ ដែលគោរពព្រះសង្ឃនិងព្រះសម្មាសម្ពុទ្ធខ្លាំងណាស់ ព្រោះលោក ក៏ជាបុគ្គលបានយល់ពីមេរៀននៃការត្រាស់ដឹងរបស់ព្រះពុទ្ធដែរ ។
ប្រធានបក្សរូបនេះបានបញ្ជាក់បែបនេះថា៖«បើខ្ញុំបានប្រយោជន៍ពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធអ៊ីចឹង សួរថាតើខ្ញុំឯណា ទៅបំផ្លាញព្រះពុទ្ធសាសនា បំផ្លាញព្រះសង្ឃកើត? កុំយកមនុស្សខូច ទៅផ្គួបនឹងព្រះពុទ្ធសាសនា ឬផ្គួបជាមួយព្រះសង្ឃ! បែងចែកឲ្យច្បាស់។ ខ្ញុំបានវែកមុខ មនុស្សខ្លះដែលយកព្រះពុទ្ធសាសនា និងទ្រឹស្តីព្រះពុទ្ធទៅ ប្រើដើម្បីកេងចំណេញយកផលប្រយោជន៍ ពីប្រជាពលរដ្ឋល្ងិតល្ងង់។ មនុស្សអស់ហ្នឹង មិនចាត់ទុកជាព្រះសង្ឃឬជាអ្នកដើរតាមគន្លងនៃព្រះសម្មាសម្ពុទ្ធឡើយ»៕
0 comments: