វីដេអូ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍

12/31/15

ករណី​លោក ខឹម វាសនា ស្ថិតក្នុង​របៀបវារៈ​នៃ​អនុ​សំ​វច្ចរ​មហាសន្និបាត

ដាក់បញ្ចូលដោយ ៖ Ldp fc  |  កាលបរិច្ឆេទនៃការដាក់បញ្ចូល៖  12/31/2015 12:56:00 AM No comments

នៅ​ថ្ងៃទី​២៩ ខែធ្នូ​ស្អែក​នេះ ក្រសួង​ធម្មការ​និង​សាសនា នឹង​រៀបចំ​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៤ នៅ​សាលចតុមុខ​។ អនុ​សំ​វច្ចរ​មហាសន្និបាត គឺជា​ការជួបជុំ​របស់​ព្រះសង្ឃ​ទូទាំងប្រទេស ដែល​ត្រូវបាន​រៀបចំឡើងមួយ​ម្តង​ក្នុង​មួយឆ្នាំ​។ ការជួប​ជុំ​របស់​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នេះ គឺ​ដើម្បី​ពិភាក្សាគ្នា​ពី​កិច្ចការ​សាសនា ប្រចាំឆ្នាំ​។

​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុនី បាន​លើកឡើងថា ព្រះសង្ឃ​ប្រមាណ​ជាង ៨០០​អង្គ និមន្ត​ចូលរួម​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី​២៤ នៅថ្ងៃនេះ​។ លោក​បន្ថែមថា ព្រះសង្ឃ​ដែល​និមន្ត​មក​ចូលរួម គឺជា​មន្ត្រី​សង្ឃ ដែល​ឋានៈ​ចាប់ពី​ព្រះ​អនុគណ​ស្រុកឡើងទៅ នៅ​ទូទាំង​២៥ រាជធានី​ខេត្ត​។ 

​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖«ការប្រជុំ​នេះ គឺ​យកតែ​ព្រះ​អនុគណ​ស្រុក​ឡើងលើ នៅ​ទូទាំងប្រទេស​។ ការប្រជុំ​ហ្នឹង ដើម្បី​ស្តាប់​ការ​បូកសរុប លទ្ធផល​ការងារ​របស់​ព្រះសង្ឃ ក្នុងការ​ប្រតិបត្តិ​អស់​រយៈពេល​មួយឆ្នាំ​នេះ​។ បើ​មានការ​ខ្វះខាត និង​មាន​ចំណុច​ណា​ដែល​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា ព្រះសង្ឃ​នឹង​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នោះ ហើយ​កែលម្អ​ឡើងវិញ​»។

មន្ត្រី​សង្ឃ​ទូទាំងប្រទេស នឹង​លើកយក​ករណី​របស់ លោក ខឹម វាសនា   ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មក​ពិភាក្សា​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត​លើក​ទី២៤ ដែល​ប្រព្រឹត្តទៅ​សាលចតុមុខ នា​ថ្ងៃ​អង្គារ ទី២៩ ខែធ្នូ នេះ។ ការសួរដេញដោល ជុំវិញ​បញ្ហា​លោក ខឹម វាសនា ក្នុងការ​ជួបជុំ​របស់​ព្រះសង្ឃ​នេះ ព្រោះ​ព្រះសង្ឃ​យល់ថា ប្រមុខ​បក្ស​រូបនេះ បាន​ប្រើ​ពាក្យសម្តី​ដែល​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា នៅតាម​វេទិកា​គណបក្ស​របស់លោក​កន្លងមក។ 

ព្រះ​តេជគុណ ឃឹម សន ព្រះ​មេគណ​នៃ​រាជធានី​ភ្នំពេញ បាន​មាន​សង្ឃដីកា​ថា មន្ត្រី​សង្ឃ​ទូទាំងប្រទេស​នឹង ជជែក​គ្នា​ជុំវិញ ការឃោសនា​នយោបាយ របស់លោក ខឹម វាសនា ដែល​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ដល់​ព្រះសង្ឃ​និង​ព្រះពុទ្ធសាសនា។ ព្រះអង្គ​បាន​បន្ថែមថា កន្លងមក ព្រះសង្ឃ​ជាច្រើន មានបំណង​ចង់​ធ្វើបាតុកម្ម ប្រឆាំងនឹង លោក ខឹម វាសនា ប៉ុន្តែ ត្រូវបាន​មន្ត្រី​សង្ឃ​ហាមឃាត់ ដោយ​ប្តូរ​ពី​ការធ្វើ​បាតុកម្ម មកជា​ការពិភាក្សា​ដោយ​សន្តិវិធី​ក្នុង​អនុ​សំ​វច្ចរ​មហាសន្និបាត វិញ ។


ព្រះ​មេគណ​អង្គ​នេះ​បាន​បន្ថែម​បែបនេះ​ថា៖« យើង​សុខចិត្ត​ដោះស្រាយ​ដោយ​សន្តិវិធី និង​ធ្វើតាម​ផ្លូវច្បាប់​វិញ ប្រសិនបើ​លោក ខឹម វាសនា ធ្វើ​ខុស​មែន ។ ចំណែកឯ ព្រះសង្ឃ ដែល​ដឹង​រឿង​ពិត សូម​ឲ្យ​ព្រះអង្គ​យក​ភស្តុតាង​មក​បង្ហាញ ថា​តើ​លោក ខឹម វាសនា ប្រើពាក្យ​ប្រមាថ​ដល់​កម្រិតណា ហើយ​បន្ទាប់មក​យើង​គួរ​ធ្វើតាម​ផ្លូវច្បាប់​ទៅ»។ រឿង​ហ្នឹង​ប្រាកដជា​លើក​មក​ពិភាក្សា​ហើយ។ ស្អែក​នេះ គេ​នឹងមាន​ទាំង​រូបថត និង​សម្លេង របស់លោក ខឹម វាសនា យកទៅ​ចាក់​ក្នុង​មហាសន្និបាត ប្រគេន​សង្ឃ​ស្តាប់ ដើម្បី​ស្វែងរក​វិធានការ»។ 

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​មានប្រសាសន៍ថា  អ្វីដែល​លោក​ធ្វើ​កន្លងមក គឺជា​រឿង​ត្រឹមត្រូវ ដោយ​មិនដែល​បានគិត ថា អ្នកដទៃ ឬ​ស្ថាប័ន​មានអំណាច​ណា នឹងត្រូវ​ចាត់វិធានការ​យ៉ាងម៉េច​ចំពោះ​លោក​នោះទេ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖«ខ្ញុំ​និយាយ​អ្វី ដែល​ខ្ញុំ​បាន​ត្រិះរិះ​ពិចារណា ហើយ​ខ្ញុំ​សិក្សា​ទៅ​ឃើញថា រឿង​ពិត​គឺ​អ៊ីចឹង​មែន។  ការនិយាយ​រឿង​ត្រឹមត្រូវ វា​ប៉ះពាល់​ដល់​រឿង​គេ វា​ប៉ះពាល់​ដល់​អំណាច​គេ អ៊ីចឹង​បើ​គេ​មាន​សិទ្ធិ មានអំណាច មាន​គ្នីគ្នា មាន​កម្លាំង​ប៉ុណ្ណា គេ​ប្រើ​កម្លាំង​ប៉ុ​ណ្ណឺង​ទៅ។ ខ្ញុំ​អត់​មាន​បញ្ហា​អ្វី​ទេ ខ្ញុំ​ចាំតែ តាម​ក្រោយ​គេ​ប៉ុណ្ណោះ»។ 

លោក បន្ថែមទៀតថា បញ្ហា​បែបនេះ គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើង ប្រសិនបើ​ព្រួយបារម្ភ​នោះ ម្ល៉េះ​លោក​នឹងមិន​និយាយ​នោះទេ។ ប្រមុខ​បក្ស​រូបនេះ ដឹងខ្លួន​យ៉ាងច្បាស់​ថា ការនិយាយ​រឿង​ពិត តែង​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អ្នកដទៃ តែ​ដើម្បី​បាន​ប្រយោជន៍​សាធារណៈ​រូបលោក​ត្រូវតែ​និយាយ​ដោយ​គ្មាន​ការភ័យខ្លាច។ 

លោក ខឹម វាសនា​បាន​បន្ថែម​យ៉ាងនេះ​ថា៖«ប្រសិនបើ​ខ្លាច​មុខ ខ្លាច​ក្រោយ សួរថា​តើ ថ្ងៃ​ណា ប្រជាពលរដ្ឋ​នឹង​បាន​យល់​ត្រូវ។ ប្រសិនបើ​យើង​នៅតែ​រវល់​ខ្លាច អ៊ីចឹង​ម៉េច​បាន​និយាយ​ការពិត ។ ដូច្នេះ​រឿងនេះ វា​ជា​រឿង​ធម្មតា​ទេ ខ្ញុំ​បានគិត​ជា​មុខ​រួចហើយ»៕

សូមចុចដើម្បីចូលរួមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់អ្នកដរទៃ

សុបិនរួមរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ " មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ "
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាបក្សរបស់ប្រជាពលរដ្ន កើតចេញពីប្រជាពលរដ្ន ដើម្បីប្រជាពលរដ្ន ដូចនេះហើយការចូលរួមរបស់ប្រជាពលរដ្ឋដូចជាការបង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន


0 comments:

រួមគិត រួមធ្វើ រួមទទួលខុសត្រូវ
back to top