ខ្ញុំបង្កើតគណបក្សមួយដើម្បីបម្រើការយល់ឃើញរបស់ខ្ញុំ
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា បាននិងកំពុងបណ្ដុះបណ្ដាលយុវជនវ័យក្មេងរាប់ពាន់នាក់ដែលជាសមាជិកគណបក្សដោយបញ្ចូលនូវមនោគមវិជ្ជាថ្មីពោរពេញដោយទឹកចិត្តស្ម័គ្រស្មោះប្ដូរស្លាប់រស់ជាមួយនឹងមេបក្សដោយហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបុព្វហេតុបក្ស និងគោលដៅរបស់បក្សនេះ។ ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំមានយុវជនវ័យក្មេងមកពីខេត្តក្រុងនានាបាននិងកំពុងស្ម័គ្រចូលបម្រើគណបក្សដែលមានសញ្ញាជួងជានិមិត្តសញ្ញាសម្គាល់បក្សនេះ។ លោក ខឹម វាសនា បានហៅធនធានមនុស្សរបស់លោកថាជាកងទ័ព ឬជាពូជមនុស្សថ្មីជាមនុស្សប្រភេទផ្សេងខុសពីមនុស្សនៅក្នុងគណបក្សប្រជាជនកម្ពុជា ខុសពីយុវជនគណបក្សសង្គ្រោះជាតិ និងខុសពីគណបក្សដទៃទៀតផងដែរ។
ក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្ដិ៍នាពេលកន្លងមកនៅទីស្នាក់ការក្នុងផ្ទះមួយល្វែងក្នុងខណ្ឌទួលគោក និងមិនមានបរិក្ខារប្រើប្រាស់គ្រប់គ្រាន់នេះលោក ខឹម វាសនា បានបញ្ជាក់ថាគណបក្សរបស់លោកត្រូវតែកែប្រែមនុស្សខ្មែរលើបញ្ហាជំនឿសាសនា លើរបៀបរបបរស់នៅ និងរបៀបបង្រៀនយុវជនឲ្យចេះត្រិះរិះពិចារណាជាជាងធ្វើអ្វីតាមតែគេឃោសនា។ លោក វាសនា បានលើកតម្កើងយុវជននៅបក្សរបស់ខ្លួនថាជាមនុស្សមានលក្ខណសម្បត្តិល្អជាប្រភេទមនុស្សដែលមើលធ្លុះអំពីដំណោះស្រាយនៃបញ្ហាជាតិ។ ពួកគេយល់ពីឥរិយាបថនយោបាយដ៏គ្រោះថ្នាក់នៃអំណាចប្រមូលផ្ដុំដឹកនាំដោយអ្នកដឹកនាំផ្ដាច់ការ។
លោក ខឹម វាសនា ជាមេដឹកនាំគណបក្សដែលតែងតែយល់បែបផ្សេងខុសពីទស្សនៈនយោបាយបក្សផ្សេងៗទៀត។ លោក វាសនា បានបញ្ជាក់ថា៖ «ខ្ញុំបង្កើតគណបក្សមួយដើម្បីបម្រើការយល់ឃើញរបស់ខ្ញុំ។ យើងត្រូវកសាងមនុស្សដូចពួកយើងឲ្យបានកាន់តែច្រើនឡើងហើយយើងត្រូវឈរលើមនោគមន៍វិជ្ជាផលប្រយោជន៍រួម និងបម្រើមនោសញ្ចេតនាពូជសាសន៍។ មនុស្សដែលមានសន្ដានដូចគ្នាទើបចូលមកក្រុមយើងបាន។ អ្នកណាដែលមានសន្ដានខុសពីពួកយើងគេនោះប្រៀបដូចជាស្រមោចខ្មៅវារលើក្រណាត់ស»។ លោក វាសនា បានបន្ថែមថា៖ «មនុស្សរបស់ចលនាសម្ព័ន្ធត្រូវយល់ពីគោលដៅថាមិនមែនធ្វើអ្វីៗគ្រាន់តែដើម្បីឈ្នះឆ្នោតទេត្រូវយកឈ្នះលើអំពើអាក្រក់ទាំងឡាយដោយប្រើប្រាស់បេះដូងស្មោះត្រង់ជាដើមទុន និងត្រូវហានលះបង់ជីវិត ឬប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបក្សដោយចេញពីសន្ដានល្អនៃសមាជិកបក្សម្នាក់ៗ»។ លោកបានពន្យល់ថា៖ «សូមអ្នកមើលទៅថាបើការលះបង់ជីវិតរបស់អ្នកបានផលធំធេងសម្រាប់ជាតិ តើអ្នកហ៊ានលះបង់ឬអត់? បើដល់កម្រិតហ្នឹងចាំអ្នកមក [ចូលរួម] ហើយទាំងអស់ហ្នឹងគឺធ្វើក្នុងបាតគ្រឹះមួយក្នុងភាពសុចរិតទៀងត្រង់»។
ប្រធានគណបក្សដែលតែងតែរងការរិះគន់ពីអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុករូបនេះបានមានប្រសាសន៍ថាមនុស្សរបស់ចលនាសម្ព័ន្ធត្រូវមានចេតនាជួយសង្គមមិនខ្លាចការរិះគន់អ្វីទាំងអស់។ ការបង្រៀនមិនមែនបង្រៀនបែបសាសនាទេតែជាការបង្រៀនបែបវិទ្យាសាស្ដ្រ។ ចលនាសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកំពុងកសាងធនធានមនុស្សមានសន្ដានល្អ។ លោកថាបក្សរបស់លោកផ្ទុយពីគណបក្សទាំងឡាយ ទាំងចាស់ និងថ្មីដែលជាទូទៅគេគិតគូរតែផលប្រយោជន៍ឯកជន។ ចលនាសម្ព័ន្ធមិនត្រឹមតែមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួនទេតែវាជាការលះបង់ដើម្បីជាតិមាតុភូមិ។ លោក វាសនា បានស្នើថាកូនខ្មែរគួរអាចលះបង់នូវផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីធ្វើបម្រើពូជសាសន៍ហើយកិច្ចការដែលលោកនិងក្រុមលោកកំពុងធ្វើមិនខ្លាចទទួលការរិះគន់ឡើយ។
ដោយធ្លាប់ធ្វើវិបស្សនាបញ្ញាតាមបែបព្រះពុទ្ធសាសនាក្នុងរយៈពេលខ្លីលោក វាសនា បានយល់ពីមេរៀនព្រះពុទ្ធខ្លះៗហើយលោកបានធ្វើការរិះគន់ចំពោះភិក្ខុសង្ឃអង្គណាដែលទេសនាបោកយកប្រាក់ពុទ្ធបរិស័ទ។ លោកថ្លែងថា៖ «ទោះជាខ្ញុំប្រើពាក្យអាសំគិស អាចោរថង់យាម ឬប្រើពាក្យគ្រោធគ្រាតជាងហ្នឹងក៏ដោយ ក៏សមាជិករបស់ខ្ញុំដែលស្ដាប់យល់ពីបេះដូងគេគិតថាជាសម្ដីចេញពីការឈឺឆ្អាលរបស់ខ្ញុំតែប៉ុណ្ណោះ»។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះលោក ខឹម វាសនា ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លានៅតាមបណ្ដាញសង្គមហ្វេសប៊ុកចំពោះសកម្មភាពរិះគន់ទៅលើស្ថាប័នព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបានរិះគន់ឥស្សរជននយោបាយសំខាន់ៗនៃគណបក្សក្នុងរដ្ឋាភិបាល និងគណបក្សនៅក្រៅរដ្ឋាភិបាលផងដែរ។
លោក ខឹម វាសនា កើតនៅឆ្នាំ ១៩៦៥ ភូមិពានា ឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង។ កុមារា ខឹម វាសនា រស់នៅជាមួយម្ដាយជាស្ដ្រីមេម៉ាយ។ ឪពុកបានស្លាប់តាំងពីគាត់នៅអាយុ ៦ ឆ្នាំមកម្ល៉េះ។
យុវជន ខឹម វាសនា ជាសិស្សរៀនពូកែផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី និងជាមនុស្សមាននិស្ស័យខាងសិល្បៈតែងនិពន្ធដែលជាកត្តាធ្វើឲ្យលោកមានវោហារសាស្រ្តក្នុងការនិយាយទាក់ទាញទឹកចិត្តអ្នកគាំទ្រ។ នៅឆ្នាំ ១៩៨៦ លោក វាសនា បានប្រឡងបាក់ឌុបជាប់រួចហើយបានប្រឡងចូលនាយកដ្ឋានភាពយន្ដដោយប្រើពេលវេលា ៤ ឆ្នាំនៅក្នុងវិស័យនេះ។ ជាសិល្បករ សម្ដែង លោក ខឹម វាសនា ជាមនុស្សមានទស្សនៈផ្ទុយពីតារាភាពយន្តរួមអាជីពមួយចំនួននៅក្នុងវិស័យសិល្បៈ។ គាត់មិនជាប់ជំពាក់នឹងភាពហ៊ឺហាឆើតឆាយដូចមិត្តរួមអាជីពឡើយ។ វិស័យភាពយន្តជាទីកន្លែងដែលនាំមនុស្សភ្លើតភ្លើន និងស្រឡាញ់ទ្រព្យសម្បត្តិ។ ប៉ុន្ដែមិនត្រឹមតែធ្វើឲ្យចិត្តលោកជ្រលក់ជាប់ទៅនឹងរឿងទាំងនោះទេតែបែរជាធ្វើឲ្យលោកចង់កែមនុស្សនៅក្នុងវិស័យភាពយន្ដទៅវិញពីព្រោះលោកមានចិត្តផ្ទុយពីពួកគេ។
ដោយធុញទ្រាន់នឹងភាពជាតារា លោក វាសនា បានចូលរៀនច្បាប់ហើយរៀនចប់នៅ ឆ្នាំ១៩៩៧ ជាឆ្នាំដែលលោកត្រូវបានមិត្តភក្ដិអូសទាញឲ្យចូលធ្វើនយោបាយក្នុងគណបក្ស សម រង្ស៊ី។ លោកបានឈរឈ្មោះតំណាងរាស្ដ្រលេខរៀងទី ៥ នៅឆ្នាំ ១៩៩៨ ប្រចាំខេត្តព្រៃវែងតែមិនជាប់ជាតំណាងរាស្ត្រទេ។ លុះដល់ឆ្នាំ ២០០៣ លោក វាសនា បានឈរឈ្មោះជាតំណាងរាស្រ្តម្ដងទៀតលេខរៀងទី ២ ហើយក៏បានជាប់ជាតំណាងរាស្ដ្រនៅខេត្តព្រៃវែង។ ការចូលក្នុងគណបក្ស សមរង្ស៊ី ទៀតសោធក៏មិនមែនជារឿងដែលមានចេតនាស្រឡាញ់ជាតិ ឬចង់ធ្វើធំទេគឺមិនច្បាស់ក្នុងខ្លួនតែម្ដង។ លោក វាសនា បាននិយាយថា៖ «ខ្ញុំមិនមានចំណេះដឹងផ្នែកវិទ្យាសាស្ដ្រនយោបាយអ្វីទេប៉ុន្ដែអ្វីដែលរុញច្រានឲ្យខ្ញុំចេះគិតត្រិះរិះពិចារណាចូលប្រឡូកទៅក្នុងឆាកនយោបាយគឺដោយសារមានសន្ដានស្អប់អំពើអាក្រក់ និងសន្ដានឈឺឆ្អាលចំពោះសង្គមនេះឯង»។
លោក ខឹម វាសនា៖ ខ្ញុំបង្កើតគណបក្សមួយដើម្បីបម្រើការយល់ឃើញរបស់ខ្ញុំ
ពេលប្រឡូកក្នុងឆាកនយោបាយយ៉ាងវក់វី និងជូរចត់ជាមួយគណបក្សប្រឆាំង សមរង្ស៊ី មិនទាន់បានមួយអាណត្តិពេញផងលោកក៏ចាប់ផ្ដើមមើលឃើញភាពអយុត្តិធម៌នៅក្នុងសម្បុកគណបក្សរបស់ខ្លួន។ ការរិះគន់ក្នុងបក្សធ្វើឲ្យបក្សមិនសប្បាយចិត្តហើយទីបំផុតបក្សបានសម្រេចបញ្ឈប់លោកខណៈដែលលោកមានបំណងបើកគណបក្សថ្មីមួយដោយខ្លួនឯង។ ក្រោយពីគណបក្សបញ្ចប់បេក្ខភាពជាតំណាងរាស្ដ្រខេត្តព្រៃវែងលោក ខឹម វាសនា បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយជាជំហានដើម្បីស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋជាមុនសិនមុននឹងលោកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅឆ្នាំ ២០០៦ ។ ខណៈពេលដែលគាត់ឈប់ពីគណបក្ស សមរង្ស៊ី ក៏ជាពេលដែលម្ដាយរបស់លោកឈឺធ្ងន់ផងដែរហើយការឈឺរបស់គាត់ភាគច្រើនទាក់ទងនឹងជីវិតនយោបាយរបស់ ខឹម វាសនា ក្នុងរឿងការរកខុសត្រូវជាមួយគេ (គណបក្ស សមរង្ស៊ី) ដោយទាស់ទែងជាមួយគេមិនរលូនខុសពីអ្នកនយោបាយផ្សេងទៀត។ លោកបញ្ជាក់ថា៖ «រឿងដែលខ្ញុំមានវិប្បដិសារៈធំបំផុតស្ទើរពេញមួយជីវិតដោយយកការងារបន្លប់ជីវិតខ្លួនឯងក្រោយពីម្ដាយខ្ញុំបានស្លាប់។ ខ្ញុំមិនទាន់បានធ្វើឲ្យម្ដាយខ្ញុំសប្បាយចិត្តទេ ហើយការងារនយោបាយរបស់ខ្ញុំវាប៉ះពាល់ដល់ជំងឺរបស់ម្ដាយខ្ញុំ។ ខ្ញុំនៅជាមួយម្ដាយតាំងពីតូចរហូតដល់ខ្ញុំបានក្លាយជាតំណាងរាស្ដ្រ»។
អ្នកនយោបាយដែលពូកែប្រើវោហាររិះគន់ដ៏ល្បីល្បាញនៅតាមទីសាធារណៈរូបនេះមិនត្រឹមតែមិនពេញចិត្តជាមួយគណបក្ស សម រង្ស៊ី ទេប៉ុន្ដែក៏មិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា [CPP] ផងដែរ។ លោក ខឹម វាសនា បាននិយាយទៀតថា៖ «គណបក្សប្រជាជនកម្ពុជាមិនអាចផ្ដល់សេចក្ដីសុខឲ្យប្រជាពលរដ្ឋបានទេពីព្រោះមនុស្សដែលគាត់ [CPP] ជ្រើសរើសជាមនុស្សដែលយ៉ាប់រួចទៅហើយ។ ម្យ៉ាងទៀតគាត់ជ្រើសរើសរកមនុស្សពីខាងក្រៅដូចជាពីគណបក្សសង្គ្រោះជាតិ ឬគណបក្សផ្សេងដែលគាត់ [ហ៊ុន សែន] ជ្រើសរើសទៅទាំងអស់ហ្នឹងសុទ្ធសឹងតែជាអ្នកស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលហ្នឹងបុគ្គលបែបហ្នឹងវាគរជើងនៅគណបក្សនេះច្រើនហួសរហូតដល់លោកនាយករដ្ឋមន្ដ្រីមានឆន្ទៈក៏មិនអាចកែកើតដែរ»។ លោក ខឹម វាសនា បានបន្ដថា៖ «បើសិនណាគណបក្សមួយនេះ [CPP] ផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋបានខ្ញុំក៏មិនចាំបាច់បង្កើតគណបក្សទេហើយខ្ញុំក៏មិននៅត្រាំត្រែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ គណបក្សមួយនេះគឺមិនអាចទេ»។
ក្នុងឋានៈជាមេដឹកនាំគណបក្សវ័យក្មេង និងមិនធ្លាប់មានអាសនៈក្នុងសភាលោក ខឹម វាសនា មានជំនឿថាដើម្បីឲ្យប្រទេសកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍយូរអង្វែងកម្ពុជាដាច់ខាតត្រូវកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដហើយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានផ្ដោតចម្បងលើការត្រិះរិះពិចារណាបែបវិទ្យាសាស្ដ្រដោយឈរលើគោលការណ៍ធំៗចំនួនបី។ ទី ១-ការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ និងការយល់ដឹងអំពីនយោបាយច្បាស់លាស់។ ទី ២- គឺការបដិបត្តិព្រះពុទ្ធសាសនាដោយចង់ឲ្យពលរដ្ឋទាញយកមេរៀនព្រះពុទ្ធប្រើប្រាស់ជាប្រយោជន៍។ និងទី ៣- អប់រំពលរដ្ឋឲ្យមករកផ្លូវត្រិះរិះពិចារណាមុននឹងសម្រេចចិត្ត។ គោលទាំងបីនេះគឺជាមូលដ្ឋានសម្រាប់អ្នកគាំទ្រជ្រើសរើសក្នុងការដឹកនាំប្រទេសជាតិ។
លោក ខឹម វាសនា មានជំនឿថាគណបក្សរបស់លោកនឹងមានអ្នកគាំទ្រច្រើនក្នុងឆ្នាំបោះឆ្នោតខាងមុខ ២០១៧ និង ២០១៨ ។ លោកបញ្ជាក់ថា៖ «នៅពេលដែលប្រជាពលរដ្ឋយល់ថាការលះបង់របស់ក្រុមយើងដើម្បីប្រយោជន៍របស់គាត់ពេលនោះសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងឈ្នះហើយសេចក្តីប្រាថ្នាដ៏ចម្បងរបស់គណបក្សនេះគឺ «ភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់»៕
ប្រភព៖ The Phnom Penh Post
0 comments: